ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្សសង្គ្រោះជាតិសុំ​ឲ្យ​​គ.ជ.ប.​ដាក់​​បេក្ខភាព​លោក​សម រង្ស៊ី​ក្នុង​ការ​បោះឆ្នោត


លោក​ទេព​ នីថា ​អគ្គ​លេខាធិការ​គ.ជ.ប.​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ស្នាក់ការ​គណៈ​កម្មធិការ​រៀបចំ​ការបោះឆ្នោត។​
លោក​ទេព​ នីថា ​អគ្គ​លេខាធិការ​គ.ជ.ប.​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ស្នាក់ការ​គណៈ​កម្មធិការ​រៀបចំ​ការបោះឆ្នោត។​
គណបក្ស​សង្រ្គោះ​ជាតិ ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​រៀប​ចំ​សំណើ​បេក្ខភាព​លោក​សម ​រង្ស៊ី ​ជា​បេក្ខជន​តំណាង​រាស្ដ្រ​ប្រចាំ​មណ្ឌល​ខេត្ត​កណ្តាលសម្រាប់​ដាក់​ជូន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ពិចារណា​ដាក់​បញ្ចូល​ជាផ្លូវការ​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាង​រាស្ដ្រ។ ​នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ជំទាស់។​

លោក​សម រង្ស៊ី​គឺ​ជាបេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​នឹង​ត្រូវ​ប្រកួត​ប្រជែង​ដោយ​ផ្ទាល់​ជាមួយ​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​លោក​ហ៊ុន​ សែន ​ដែល​កាន់​អំណាច​យូរ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​យឹម​ សុវណ្ណ ​អ្នក​នាំ​ពាក្យ​ និង​ជា​បេក្ខជន​តំណាង​រាស្ដ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ គណបក្ស​របស់​លោក​គ្រោង​នឹង​បញ្ជូន​សំណើ​នោះ​ទៅ​កាន់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​(គ.ជ.ប.)​នៅ​ថ្ងៃ​នេះ។​

លោក​និយាយថា៖ ​«ស្នើទៅ​ឯកឧត្តម​អ៊ឹម ​សួស្តី​ ដើម្បី​ដាក់​ឈ្មោះ​ឯក​ឧត្តម​សម ​រង្ស៊ី​ចូល​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​និង​បញ្ជី​អ្នក​តំណាង​រាស្ដ្រ​នៅ​ក្នុង​ខេត្ត​កណ្តាល​ដើម្បី​បើក​ផ្លូវ​ឲ្យ​ឯកឧត្តម​បាន​ឈរ​ជា​បេក្ខជន​តំណាង​រាស្ដ្រ​ក្នុង​ខេត្ត​កណ្តាល»។​

សំណើ​នេះ​ធ្វើ​ឡើង​បី​ថ្ងៃ​ប៉ុណ្ណោះ​មុន​នឹង​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ​ក្រោយ​ពី​និរទេស​ខ្លួនអស់​រយៈ​ពេល​បួន​ឆ្នាំ​ ដោយសារ​ការ​ផ្តន្ទា​ទោស​ដោយ​តុលាការ​ខ្មែរ​និង​ក្រោយ​ពី​ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជ​ទាន​ការ​លើក​លែង​ទោស​ដល់​រូប​លោក។​

លោក​ទេព​ នីថា ​អគ្គ​លេខាធិការ​គ.ជ.ប.​មាន​ប្រសាសន៍​ថា​ រហូត​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ គ.ជ.ប.​មិន​ទាន់​បាន​ទទួល​សំណើ​ណា​មួយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទាក់​ទិន​នឹង​សំណើ​ដាក់​បេក្ខជន​លោក​សម ​រង្ស៊ី​នោះ​ទេ។​

មន្ត្រី​គ.ជ.ប.​ដដែល​បញ្ជាក់​ថា​ ទោះ​ជា​យ៉ាងណា​មិន​មាន​ច្រក​ណា​មួយ​សម្រាប់​បើក​ផ្លូវ​ឲ្យ​លោក​សម រង្ស៊ី​ឈរ​ឈ្មោះ​នោះ​ទេ។​

លោក​ឲ្យ​ដឹង​ថា៖​ «យើង​អត់​បាន​ទទួល​លិខិត​នេះ​ទេ។ ​ដូច​ខ្ញុំ​ជម្រាបអញ្ចឹង ​តាម​ផ្លូវ​ច្បាប់​ គ.ជ.ប.​គ្មាន​សមត្ថកិច្ច​អី​ទៅ​សម្រេច​រឿង​នេះ​ទេ​ ព្រោះ​ថា​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចប់​ហើយ។ ​ការ​ចុះ​បញ្ជី​គណ​បក្ស​នយោបាយ​ក៏ចប់​អស់​ហើយ​ ហើយ​ក៏​អត់​មាន​ច្បាប់​ណា​អនុញ្ញាត​ឲ្យ​សើ​រើ​ឬ​ចុះ​បន្ថែម​ទេ»។​

លោក​សម រង្ស៊ី​ត្រូវ​បាន​តុលាការ​ខ្មែរ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង​១១​ឆ្នាំ​ពី​បទ​ដក​តម្រុយ​បង្គ្រោល​ព្រំដែន​លេខ​១៨៥​នៅ​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀង​ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​ក្លែង​ឯកសារ​សារធារណៈ។​ ហើយ​លោក​បាន​និរទេស​ខ្លួនដើម្បី​គេច​ពី​ការ​ចាប់​ដាក់​ពន្ធនាគារ​ដោយអាជ្ញាធរ​ខ្មែរ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ។​

ការ​ដាក់ទោស​នេះ​ត្រូវក្រុមមន្ត្រី​សង្គម​ស៊ីវិល​ហៅ​ថា ​គឺ​ជា​ការ​ផ្តន្ទាទោស​ដោយ​សារ​មូលហេតុ​នយោបាយ។​

ប៉ុន្តែ​ព្រះ​មហាក្សត្រ​សម្តេច​ព្រះ​បរម​នាថ​នរោត្តម​ សីហមុនី ​បាន​លើក​លែង​ទោស​លោក​សម រង្ស៊ី ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ បន្ទាប់​ពី​មាន​សំណើ​ពី​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន ​សែន។​

សហគមន៍​អន្តរ​ជាតិ​ មាន​បារាំង ​ជប៉ុន​ អាមេរិក ​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​ស្វាគមន៍​ការ​លើក​លែង​ទោស​នេះ។​

ជាមួយ​គ្នា​នេះ​ដែរ​ សហ​រដ្ឋអាមេរិក​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្ក​បរិយាកាស​សុវត្ថិភាព​ដល់​ការ​វិល​ត្រឡប់​របស់​លោក​សម​ រង្ស៊ី​ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​រូប​លោក​ចូល​រួម​ការ​បោះ​ឆ្នោត​វិញ​បាន។

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​បាន​លុប​ឈ្មោះ​លោក​សម​ រង្ស៊ី​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​និង​បាន​ដក​ហូត​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ដ្រ​ ដោយសារ​តែ​ពិរុទ្ធភាព​របស់​លោក។​

លោក​បណ្ឌិត​ឡៅ ​ម៉ុងហៃ ​សាស្ត្រាចារ្យ​ច្បាប់​ និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ មាន​ប្រសាសន៍​ថា​ គ.ជ.ប.​អាច​ចុះ​ឈ្មោះ​បេក្ខជន​តំណាង​រាស្ដ្រ​ឲ្យ​លោក​សម រ​ង្ស៊ី​ឡើង​វិញ​បាន​ដោយ​គ្រាន់​តែ​យោង​តាម​មូលដ្ឋាន​នៃ​គោល​ការណ៍​លើកលែង​ទោស​ដោយ​ព្រះ​មហាក្សត្រ ​និង​ស្មារតី​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG