លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួនថ្លែងថា សេចក្តីភ័យខ្លាចរបស់គណបក្សគ្រប់គ្រងរដ្ឋាភិបាលអំពីការកើនឡើងប្រជាប្រិយភាពរបស់លោក ជាហេតុផលដែលបានបង្ខំឲ្យរដ្ឋាភិបាលរាំងខ្ទប់លោកមិនឲ្យចូលក្នុងទឹកដីកម្ពុជា។
អាជ្ញាធរកម្ពុជា បានចេញសេចក្តីណែនាំកាលពីថ្ងៃទី ១២ ខែតុលា ស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលធ្វើប្រតិបតិ្តការហោះហើរមកកាន់ប្រទេសកម្ពុជា មិនត្រូវផ្តល់សេវាដឹកជញ្ជូនដល់លោក សម រង្ស៊ី មកក្នុងប្រទេសកម្ពុជា ឬក៏ត្រូវប្រឈមនឹងការបញ្ជាឲ្យយន្តហោះដែលដឹកលោក វិលត្រឡប់ទៅអាកាសយានដ្ឋានដើមជាទីដែលលោកបានចេញដំណើរ។
ឆ្លើយទៅនឹងសំណួររបស់ VOA តាមរយៈសារអេឡិចត្រូនិក ឬ អ៊ីម៉ែល អំពីជំហររបស់លោកក្នុងការវិលត្រឡប់មកកាន់ប្រទេសកម្ពុជា លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនក្នុងប្រទេសបារាំង និយាយថា លោកនឹងវិលចូលប្រទេសវិញ ឲ្យទាន់ការបោះឆ្នោតនានា ដែលគ្រោងនឹងរៀបចំនៅក្នុងមាតុប្រទេសរបស់លោក។ ក៏ប៉ុន្តែ លោកមិនបានពន្យល់ថា លោកនឹងវិលត្រឡប់ក្នុងពេលណា ឬដោយវិធីណានោះដែរ។
លោកបញ្ជាក់បន្ថែមថា រដ្ឋាភិបាលប្រហែលជាចង់បំផ្លាញក្រុមប្រឆាំង ដែលអាចបើកផ្លូវឲ្យរបៀបដឹកនាំពុករលួយ និងផ្តាច់ការបានបន្តទៅមុខទៀត។
«ពួកគេប្រហែលជាចង់ធ្វើអញ្ចឹង។ ប៉ុន្តែពួកគេនឹងមិនអាចធ្វើរឿងនេះបានទេ ដោយមានមនុស្សកាន់តែច្រើនទៅៗ និងនៅទីបំផុតមនុស្សសឹងតែទាំងអស់គ្នា ចង់ឃើញការផ្លាស់ប្តូរបែបប្រជាធិបតេយ្យមួយ»។
លោកសម រង្ស៊ី បានគេចទៅរស់នៅប្រទេសបារាំង បន្ទាប់ពីសភាជាតិខ្មែរ ដែលមានតែក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បោះឆ្នោតកាលពីឆ្នាំ២០១៥ លុបចោលសមាជិកភាពរបស់លោក ជាអ្នកតំណាងរាស្ត្រ ដើម្បីឲ្យលោកប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ទាក់ទងនឹងការថ្លែងរបស់លោកដែលថា លោកហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានឃុបឃិតជាមួយនឹងក្រុមខ្មែរក្រហម ពេលដែលលោកហោ ណាំហុង នៅជាប់ក្នុងពន្ធនាគារបឹងត្របែក។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះ ថា ការថ្លែងរបស់មេដឹកនាំគណបក្សប្រឆាំង គ្រាន់តែជាលេស បិទបាំងភាពទន់ខ្សោយរបស់លោក ដែលមិនហ៊ានប្រឈមនឹងការជាប់ក្នុងពន្ធគារ។ លោកបញ្ជាក់ថា គណបក្សកាន់អំណាចគ្មានចេតនា ឬផែនការធ្វើឲ្យគណបក្សជំទាស់ចុះខ្សោយនោះឡើយ ហើយបានចោទគណបក្សជំទាស់វិញថា បានព្យាយាមធ្វើឲ្យការគាំទ្រគណបក្សកាន់អំណាចចុះខ្សោយ។
«វាមិនមែនដូចគាត់ថាទេ គាត់ទេដែលចង់ ធ្វើឲ្យគណបក្សកាន់អំណាចចុះខ្សោយនោះ ពីព្រោះគាត់ដើរនិយាយបរិហាកេរ្តិ៍គណបក្សកាន់អំណាចរហូតហ្នឹង គាត់និយាយមួលបង្កាច់ តាំងពីការអភិវឌ្ឍន៍គ្មានការរីកចម្រើន តាំងពីស្អីៗ ហូរហែរតាប៉ែលតហ្នឹងធ្វើចេញពីមាត់គាត់ ដើម្បីអី? ដើម្បីចង់ឲ្យគណបក្សកាន់អំណាចហ្នឹងចុះខ្សោយ»។
ក្រុមអ្នកសង្កេតការណ៍នយោបាយក្នុងប្រទេស នៅបន្តមានក្តីមន្ទិលអំពីសេចក្តីកា្លហានរបស់ លោក សម រង្ស៊ី ចំពោះការវិលត្រឡប់របស់លោកមកកម្ពុជា ដោយសារមេដឹកនាំគណបក្សប្រឆាំងរូបនេះ ជារឿយៗមិនធ្វើតាមសម្តីរបស់ខ្លួន ដែលថានឹងមកកម្ពុជាវិញ តែមិនឃើញថាលោកមកម្តងណាឡើយ ក្នុងគ្រាដែលកម្ពុជាកំពុងជួបវិបតិ្តនយោបាយ។
លោកមាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម បានប្រាប់ VOA កាលពីថ្ងៃចន្ទថា លោក សម រង្ស៊ី ហាក់ដូចជាមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការប្រឈមនឹងការធ្វើទុក្ខបុកម្និញ របស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
លោកនិយាយថាក្នុងគ្រាដែលមេដឹកនាំគណបក្សប្រឆាំងរូបនេះ កំពុងជួបការគាបសង្កត់បន្ថែមទៀតពីរដ្ឋាភិបាលក្រុងភ្នំពេញ អ្នកនយោបាយនៃគណបក្សជាប់ឆ្នោតនៅសភា ត្រូវបង្ហាញឆន្ទះ ជជែកគ្នាតាមផ្លូវនយោបាយ ដើម្បីដោះស្រាយវិបតិ្តនយោបាយនាពេលបច្ចុប្បន្ន ជាជាងទុកឲ្យវិបត្តិនេះ កាន់តែមានសភាពអាក្រក់ទៅ និងមិនផ្តល់ផលប្រយោជន៍ដល់ភាពចម្រើនទៅមុខរបស់ប្រទេស។
«ខ្ញុំគិតថា វាអត់មានអីចំណេញ ហើយវាគ្រាន់តែជាការប្រណាំងប្រជែងដើម្បីអំណាចរវាងអ្នកនយោ បាយតែប៉ុណ្ណឹងទេ។ប៉ុន្តែសម្រាប់ជាតិ វាមិនបានផលចំណេញអីទេបាទ»។
ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីណែនាំបង្គាប់ឲ្យ ក្រុមហ៊ុន អាកាសចរណ៍រាយការណ៍ឲ្យទៀងទាត់ដល់អាជ្ញាធរកម្ពុជាចំពោះសកម្មភាពលោក សម រង្ស៊ី ទាក់ទិនការទិញសំបុត្រយន្តហោះ ដើម្បីធ្វើដំណើរមកកាន់កម្ពុជា។ សេចក្តីណែនាំនោះក៏បាន ព្រមានយន្តហោះណាមួយដែលដឹកលោកសម រង្ស៊ីមកកម្ពុជាថា នឹងត្រូវបានបង្គាប់ឲ្យវិលត្រឡប់ទៅកាន់អាកាសយានដ្ឋានដើម ប្រសិនបើយន្តហោះនោះបានមកដល់ទឹកដីកម្ពុជា។
បន្ថែមលើនេះ មន្ត្រីជាន់ខ្ពស់របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់កាលពីថ្ងៃចន្ទថា អាជ្ញាធរកម្ពុជាមានការបារម្ភពីការធ្វើបាតុកម្ម បំផ្លិចបំផ្លាញទ្រព្យសម្បតិ្តនៅព្រលានយន្តហោះ ក្នុងតម្លៃរាប់សិប រាប់រយលានដុល្លារ ប្រសិនបើលោក សម រង្ស៊ី ត្រូវបានអនុញ្ញាតិឲ្យចូលក្នុងកម្ពុជាវិញនោះ។
កាលពីឆ្នាំ២០១៣ លោក សម រង្ស៊ី បានមកដល់ប្រទេសកម្ពុជា តែមួយសប្តាហ៍ប៉ុណ្ណោះមុនការបោះឆ្នោតជាតិដ៏ចម្រូងចម្រាស។ ប្រជារាស្ត្រខ្មែរជាច្រើនសែននាក់ បានទៅទទួលស្វាគមន៍ និងហែហមរូបលោកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ តែពុំមានអំពើហិង្សាណាមួយបានកើតឡើងនោះទេ។
ការវិលត្រឡប់ចូលប្រទេសកម្ពុជារបស់លោក សម រង្ស៊ី កាលពីឆ្នាំ ២០១៣នោះ បានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់សម្ពាធមករដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់ដើម្បីអនុញ្ញាតឱ្យមេដឹកនាំគណបក្សប្រឆាំងរូបនេះបានចូលរួមការបោះឆ្នោត។
លោកស្រី Wan-Hea Lee តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានសារព័ត៌មានក្នុងស្រុកមួយដែលចេញផ្សាយជាភាសាអង់គ្លេស បានដកស្រង់សម្តីថា ការសម្រេចបិទច្រកមិនឲ្យលោក សម រង្ស៊ី ចូលប្រទេសកម្ពុជា វិញដែលត្រូវបានប្រកាសជាសាធារណៈ គ្មានធាតុផ្សំណាមួយដែលអាចឲ្យវាយតម្លៃបានថា វាសមហេតុផលឡើយ ពោលគឺវាបង្ហាញថា ការសម្រេចនេះគ្មានហេតុផល និងធ្វើឡើងតាមអំពើចិត្ត។មន្ត្រីសហប្រជាជាតិរូបនេះ បានស្នើឲ្យមានការបកស្រាយជាបន្ទាន់អំពីការហាមឃាត់ដដែលនេះផងដែរ៕