អ្នក​វិភាគ​រិះគន់​បក្ស​ប្រឆាំង​ ដែល​អះអាង​ពី​ការ​កើន​ឡើង​អាសនៈ​របស់​ខ្លួន​ក្នុង​សភា ពេល​បោះឆ្នោត​អាណត្តិ​ក្រោយ

រូបភាព​គេហទំព័រ Facebook របស់​លោក សម រង្ស៊ី ដែល​បង្ហាញ​សារ​របស់​លោក​ថា «អាណត្ដិ ទី ៦ (២០១៨-២០២៣) ៖ បើ គ.ជ.ប. ត្រឹមត្រូវ​ជាង​មុន​យ៉ាងតិច ៦២ នាក់ ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​នាំ​មក​នូវ​ការផ្លាស់ប្តូរ​ ដែល​ប្រជារាស្ត្រ​ខ្មែរ​ចង់​បាន»។ (រូបថត៖ គេហទំព័រ Facebook របស់លោក សម រង្ស៊ី)

ក្រុម​អ្នក​វិភាគ​ឯករាជ្យ​បាន​និយាយ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ ​មិន​មាន​គោល​នយោបាយ​ថ្មី​ជាក់​លាក់​ណា​មួយ​ដែល​ទំនង​ជា​អាច​ទាក់ទាញ​ប្រជាជន​កម្ពុជា​ឲ្យ​​បោះ​ឆ្នោត​ឲ្យ​​នោះ​ទេ ​ទោះបី​ជា ប្រជាពលរដ្ឋ​ ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​អ្នក​ដឹកនាំ​ប្រទេស​ក៏​ដោយ។

ក្រុម​អ្នក​វិភាគ​ឯករាជ្យ​បាន​និយាយ​ថា ​គណបក្ស​សង្គ្រោះ​ជាតិ ​មិន​មាន​គោល​នយោបាយ​ថ្មី​ជាក់​លាក់​ណា​មួយ​ដែល​ទំនង​ជា​អាច​ទាក់ទាញ​ប្រជាជន​កម្ពុជា​ឲ្យ​បោះ​ឆ្នោត​ឲ្យនោះ​ទេ ​ទោះបី​ជា ប្រជាពលរដ្ឋ​ ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​អ្នក​ដឹកនាំ​ប្រទេស​ក៏​ដោយ។

ការ​លើកឡើង​នេះ បាន​ធ្វើឡើង​ក្រោយ​ពី​ប្រធាន​គណបក្ស​ ប្រឆាំង​គឺ​លោក​ សម​ រង្ស៊ី​ បាន​អះអាង​តាម​ទំព័រ ​Facebook របស់​លោក​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៨ ខែ​ធ្នូ​ថា ​គណបក្ស​របស់​លោក ​នឹង​កើនសមាជិកភាព​អ្នក​តំណាងរាស្ត្រក្នុង​រដ្ឋ​សភាជាតិ​នៅ​អាណត្តិ​ក្រោយ​នេះ ចំនួនយ៉ាង​ហោច​ណាស់​ក៏​៦២​កៅអី​ដែរ។

លោក ​អ៊ូ​ វីរៈ ​ប្រធាន​វេទិកា​អនាគត​ បាន​ថ្លែង​ប្រាប់ ​VOA​ នៅ​ថ្ងៃ​សៅរ៍ថា​ ទោះបី​ជា​គណបក្ស​សង្គ្រោះ​ជាតិ ​មាន​គោល​បំណង​ទទួល​បាន​អាសនៈ​ចំនួន​៦២​ ដើម្បី​មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​កាន់​កាប់​សភា​ក៏​ដោយ ក៏​មិន​មាន​ការ​ផ្លាស់ប្ដូរ​នយោបាយ​គួរ​ឲ្យកត់​សំគាល់​ណា​មួយ​ចេញ​ពីគណបក្ស​ប្រឆាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​មាន​ប្រសាសន៍ថា ការ​អះអាង​បែបនេះ​ អាច​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង អាច​បាត់​បង់​ជំនឿ​ទៅវិញ។

«ឥឡូវ​នេះ​លោក​សម រង្ស៊ី​បាន​អ្វី​ដែល​គាត់​ចង់​បាន​ហើយ គឺ​គាត់​ចេញ​ក្រៅ​ប្រទេស។ គាត់​ជា​ជន​រង​គ្រោះ។ គាត់​មាន​រូបភាព​ជា​អ្នក​ត្រូវ​បាន​លោក​ ហ៊ុន សែន ខ្លាច​ ព្រួយ​បារម្ភ​ ត្រូវ​បាន​លោក​ ហ៊ុន សែន​ ប្រើ​តុលាការ​តាម​ចាប់​គាត់។ ហើយ​នៅ​ក្នុង​ហ្នឹង​គឺ​គាត់​សង្ឃឹម​ថា ​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​មុន​ ២០១៨។ អា​ហ្នឹង​គឺ​អ្វី​ដែល​គាត់​គិត។ »

លោក​បាន​មាន​ប្រសាសន៍​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ការ​ផ្លាស់​ប្ដូរ​តិចតួច​នៅ​ក្នុង​បក្ស​ដែល​អាច​ជា​ការ​ប៉ះ​ពាល់​ដល់​ទឹក​ចិត្ត​អ្នក​គាំ​ទ្រ។

«ខ្ញុំ​មើល​ទៅ​ គឺ​គាត់ ​ផ្ដោត​តិច​មែន​ទែន​ទៅ​លើ​ការ​ផ្លាស់ប្ដូរ​ផ្ទៃ​ក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ»។

លោក ​សុខ​ ទូច​ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ ​បាន​និយាយ​ថា ​លោក​ចង់​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ​ បង្ហាញ​នូវ​គោល​នយោបាយ​ជាក់​លាក់​សម្រាប់​អាណត្តិ​ក្រោយ​នេះ។

«យើង​មើល​គោល​នយោបាយ​របស់​បក្ស​ថា​ដើម្បី​មាន​៦២​ អាសនៈ​ ត្រូវ​មាន​គោល​នយោបាយ​អ្វី​ខ្លះ។ គោល​នយោបាយ​ខ្មាំង​យួន ​ក្បាល​យួន​ អា​ហ្នឹង​មិនមែន​អញ្ចឹង​ទេ។ គោល​នយោបាយ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចម្រើន។ គោល​នយោបាយ​អ្វី​ដើម្បី​កាត់​លំហូរ​ប្រជាពលរដ្ឋ ​កម្លាំង​ពលកម្ម​ទៅ​បរទេស»។

ក្រុម​អ្នក​វិភាគ​ឯករាជ្យ​ បាន​និយាយ​ថា​ ពួក​គេ​មិន​ឃើញ​គោល​ការណ៍​ជាក់លាក់​ណាមួយ​របស់​គណបក្ស​ប្រឆាំង​នេះ​ដែល​អាច​ធ្វើ​ឲ្យគណបក្ស​នេះ​សម្រេចការ​ចង់​បាន​របស់​ខ្លួន​នោះ​ទេ ​ខណៈ​ពេល​ដែល​មេ​ដឹកនាំ​របស់​គណបក្ស​នេះ​គឺ​លោក​សម​រង្សី​បាន​គេច​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​បារាំង​ដើម្បី​ជៀសពី​ការ​ជាប់​ពន្ធនាគារ។

លោក​ សម​ រង្ស៊ី​ ​បាន​សរសេរ​នៅ​លើ​គេហទំព័រ​នៃបណ្តាញ​សង្គម​Facebookរបស់​លោក​ថា៖ « អាណត្តិ​ទី​៦​ឆ្នាំ (​២០១៨​ - ២០២៣) បើ ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) ​ត្រឹមត្រូវ​ជាង​មុន ​យ៉ាងតិច​មាន​៦២​នាក់​ ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ដែល​ប្រជារាស្ត្រ​ខ្មែរ​ចង់​បាន។»

នៅ​ក្នុង​គេហទំព័រ​បណ្ដាញ​សង្គម​ដដែល​ លោក ​សម​ រង្ស៊ី ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​រដ្ឋសភា​ជាតិ បួន​លើក​មក​ហើយ​នោះ បាន​សរសេរ​បន្ថែម​ថា៖

«អ្នក​ខ្លះ​សួរ​ថា​ហេតុ​អ្វី​បាន​ជា​យើង​ចូល​សភា? ​ចម្លើយ​គឺ​ដើម្បី​ឡើង​ពី​៥៥​កៅអី​អាណត្តិ​នេះ​ ដល់​ទៅ​យ៉ាង​តិច​៦២​កៅអី​អាណត្តិ​ក្រោយ»។

នៅ​ក្នុង​អាណត្តិ ​ទី​ ៥​ ឆ្នាំ (២០១៣​-២០១៨) គណបក្ស​សង្គ្រោះ​ជាតី​ មាន​តំណាង​រាស្ត្រ​ជាប់​ឆ្នោតចំនួន​៥៥​ នាក់​នៅ​ក្នុង​សភា។

តុលាការ​រាជធានី​ ភ្នំពេញ​បាន​ចេញ​ដី​កាថ្មី​មួយ​ទៀត​បង្គាប់​ឲ្យ ​លោក​ សម​ រង្ស៊ីមេដឹកនាំ​គណបក្ស​នេះ​ ចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​សាលា​ដំបូង​រាជធានី​ ភ្នំពេញ​នៅ​ដើម​ខែ​មករា​ខាង​មុខ​នេះ ​ទាក់​ទិន​នឹង​បណ្ដឹង​ បរិហារកេរ្តិ៍ ​ដែល​ប្រធាន​សភាជាតិ​កម្ពុជាគឺ​លោក ​ហេង​សំ រិន ​អះអាង​ថា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រូបលោក។ នេះ​បើ​យោង​ទៅតាម​ដីកា​កោះ ដែល​ចេញ​ដោយ​ព្រះ​រាជ​អាជ្ញា​រង​មួយ​រូប​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​និង​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រឆាំង។

ការ​ចេញ​ដីកា​កោះ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា ​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​ សត្យា​ សម្បត្តិ ឬ ​សម្បត្តិ​សត្យា ​អ្នក​កាត់​ត​វីដេអូ​ និង​ជា ​ជំនួយការ​លោក ​ហុង​ សុខ​ហួរ ​និង​ លោក​ អុង ​ជុង​លាង ​អ្នក​គ្រប់​គ្រង​ទំព័រ​ហ្វេស​ប៊ុក​ (Facebook) ​របស់​លោក ​សម រង្ស៊ី ពី​បទ​សមគំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ ​សាធារណៈ ​និង​ ញុះញង់​ បង្ក​ឲ្យ​មាន​ភាព ​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១២​និង​ ១៣​ខែ​សីហា​ឆ្នាំ​២០១៥។

លោក​ សម ​រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ ទទួល​បាន​ដីកា​ចាប់​ខ្លួន​និង​ដីកា​កោះ​នេះ ​ជា​លើក​ទីបី​ហើយ​នៅ​ចុង​ឆ្នាំ​២០១៥នេះ។

លោក​ត្រូវ​បាន​រដ្ឋសភា​ ​ដែល​មាន​តែ​អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ លុបចោល​អភ័យ​ឯកសិទ្ធិ​ជា​អ្នក​តំណាងរាស្ត្រ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​ ដើម្បី​ឱ្យ​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍​ ដែល​លោក​បាន​ថ្លែង​ថា​លោក ​ហោ​ ណាំ​ហុង​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ បាន​ឃុបឃិត​ជាមួយ​នឹង​ក្រុម​ខ្មែរ​ក្រហម​ពេល​ដែល​លោក​នៅ​ជាប់​ក្នុង​ពន្ធនាគារ​ បឹង​ត្របែក។

លោក​ យ៉ែម ​ប៉ុញ្ញរិទ្ធ ​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​មាន​ប្រសាសន៍​ថា​គណបក្សរបស់​លោក ​ផ្ដោត​ទៅ​លើ​គោល​នយោបាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ពុករលួយ​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​សម្រាប់​អាណត្ត​ទី​ ៦​ នេះ។

«យើង​ផ្ដល់​ហៅ​ថា​គោល​នយោបាយ​ជា​អត្ថិភាព​ដូច​ខ្ញុំ​និយាយ​អម្បាញ់មិញ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​គឺ​ជា​គោលការណ៍​មួយ​ធំ​ដែល​ជា​ដើម​ចម​នៃ​បញ្ហា។ ហើយ​គោលនយោបាយ​បន្ទាប់​មក​ទៀត​ មាន​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌។ ដូច្នេះ​ជា​អ្វី​ដែល​គេ​មិនទាន់​ធ្វើ​ហើយ​ជា​គោលការណ៍​កំណែ​ទម្រង់ប្រព័ន្ធ​អប់រំ​ក៏​ដូច​ជា​វិស័យ​សុខាភិបាល​ដែល​យើង​ឲ្យ​ឈ្មោះ​ថា ​កំណែ​ទម្រង់សេវា​សាធារណៈ​។

​លោក​បាន​ បន្ថែម​ថា គណបក្ស​របស់​លោក​កំពុង​ធ្វើ​ការ​រៀបចំ​រចនា​សម្ព័ន្ធ​អ្នក​បញ្ជូន​សារ​នយោបាយ​របស់​គណបក្ស​តាម​មូលដ្ឋាន។

«នៅ​សល់​តែ​សារ​នយោបាយ​សំខាន់ៗ​ដែល​យើង​ត្រូវ​បណ្ដុះបណ្ដាល​បញ្ជូន​ទៅ​សកម្មជន​យើង​នៅ​មូលដ្ឋាន»។

លោក​ សុខ​ ឥសាន្ត​ អ្នក​នាំ​ពាក្យគណបក្ស​កាន់អំណាច​ បាន​មាន​ប្រសាសន៍​ថា​គណបក្ស​ប្រជាជន ​មិន​បារម្ភ​ពី​បក្ស​ប្រឆាំង​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា​បក្ស​ប្រឆាំង​ បាន​សន្យា​ជាមួយ​ប្រជាជន​អំពី​បញ្ហា​ផ្សេង​ដូច​ជា​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ឲ្យ​កម្មករ​កាត់ដេរ​និង​បុគ្គលិក​មន្ត្រី​រាជ​ការ។ ប៉ុន្តែ ​លោក ​មិន​ឃើញ​ការ​សន្យា​នោះ​ក្លាយ​ជា​ការ​ពិត​នោះ​ទេ។

«ខ្ញុំ​ឃើញ​ថា​ប្រជាពលរដ្ឋ​លោក​ចាញ់​បោក​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ម្តង​រួច​ទៅ​ហើយ​ដោយ​សារ​សន្យា​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ​ធម្មតា​ហ្នឹង​មួយ​លាន​រៀល។ ហើយ​លោក​យាយ​លោក​តា​នៅ​តាម​វត្ត​អារាម​លើស​ពី​៦៥​ ឆ្នាំ​ទៅ​បាន​បួន​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ អញ្ចឹង​ទេ​ អា​នេះ​ជា​ការ​ទិញ​សន្លឹក​ឆ្នោត​ប្រដាក់ ។ ហើយ​វា​មាន​លទ្ធផល​បោះ​គាត់​មែន ឃើញ​ថា​បង​ប្អូន​ប្រជាពលរដ្ឋ​រួម​មាន​មន្ត្រី​រាជការ​ខ្លះ ​អាច​នឹង​ជឿ​គាត់​ហ្នឹង​បោះ​ឆ្នោត​ឲ្យគាត់​ដែរ»។

អនុ​ប្រធាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឺម​ សុខា​ ត្រូវ​បាន​សមាជិក​សភា​ដែល​ភាគ​ច្រើន​ជា​សមាជិក​របស់​គណបក្សប្រជាជន ​ដក​ពី​ដំណែង​អនុប្រធាន​រដ្ឋ​សភា​បន្ទាប់​ពី​សមាជិក​សភា​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​រង​ការ​វាយ​ដំ​យ៉ាង​ដំណំ​ពី​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា៕