មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​អ្នកគាំទ្រ​នៅ​ខេត្ត​សៀមរាប

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​​នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​១០​មករា​​ថា៖ «ត្រូវ​រកច្រក​ចេញ​មួយ​គឺ​មាន​តែ​ការ​បោះឆ្នោត​ឡើង​វិញ។»

មេដឹកនាំ​គណបក្សសង្គ្រោះជាតិ​នៅ​តែ​បន្ត​ទាមទារ​នៅ​ថ្ងៃ​សុក្រ​នេះ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​និង​បន្ត​ទាម​ទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​ចុះ​ចេញ​ពី​តំណែង​ បើ​ទោះ​បី​ជា​រដ្ឋា​ភិបាល​បាន​បង្រ្កាប​បាតករ​ដោយ​ការ​បាញ់​សម្លាប់ និង​បោស​សំអាត​ការ​ប្រមូល​ផ្តុំ​បាតុករ​ ដែល​គាំទ្រ​គណបក្ស​ជំទាស់​ក៏​ដោយ។​

លោក​សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង​ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​ប្រមាណ​ជាង​៥០០​នាក់​ថា​ ​ដើម្បី​ដោះ​ស្រាយ​ស្ថានភាព​ជាប់គាំង​នយោបាយ​សព្វថ្ងៃ​នេះ​គឺ​មាន​តែ​ការ​បោះឆ្នោត​ឡើង​វិញ​តែ​ប៉ុណ្ណោះ។​

លោក​ប្រកាសថា៖ «ត្រូវ​រកច្រក​ចេញ​មួយ​គឺ​មាន​តែ​ការ​បោះឆ្នោត​ឡើង​វិញ។​ គោល​បំណង​យើង​គឺ​ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ»។​

ដោយ​ឡែក​លោកកឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​បាន​ប្រកាស​ថា ​នឹង​បន្ត​ធ្វើ​បាតុកម្ម​តទៅ​ទៀត​ ប្រសិន​បើ​មិន​មាន​ការ​បោះឆ្នោត​ឡើង​វិញ​នោះ​ទេ។​

លោក​ថ្លែងថា៖ «យើង​ផ្អាក​បាតុកម្ម​នេះ​ តែមួយ​រយៈ​ទេ។ ​បើ​សិន​ជា​មិន​មាន​ការ​ដោះ​ស្រាយ​តាម​សំណូម​ពរ​របស់​ប្រជា​រាស្ដ្រ​ទេ​ យើង​នឹង​បន្ត​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​មុខ​តទៅ​ទៀត។​ ដូច​អ្វី​ដែល​ប្រជា​រាស្ដ្រ​ចង់​បាន​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ដូចអ្វី​ដែល​ប្រជា​រាស្ដ្រ​ចង់​បាន​ដែរ»។​

នៅ​លើ​វេទិកា​ក្នុង​ទី​ធ្លា​ផ្ទះ​មួយ​ដែល​បែ​រមុខ​ទៅ​រក​ស្ទឹង​សៀមរាប​ មេដឹកនាំ​នយោបាយ​ជំទាស់​ទាំង​ពីរ​រូប​បាន​ថ្លែង​ការណ៍​ឡើង​វិញ​ដូចៗ​គ្នា ដោយស្នើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចុះ​ចេញ​ពី​តំណែង។​ ក្រៅ​ពី​នោះ​ ទាំង​លោក​សម រង្ស៊ី ​ទាំង​លោក​កឹម សុខា​បាន​រៀប​រាប់​ឡើង​វិញ​ពីជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​គាំទ្រ​ការ​ទាមទារ​ដំឡើងប្រាក់ខែ​ទ្វេ​ដង​របស់​ក្រុម​កម្ម​ករ​រោងចក្រ​ឲ្យ​បាន​រហូត​ដល់​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ និង​បាន​ថ្កោល​ទោស​ការ​បាញ់​សម្លាប់​បាតុករ​ដោយ​ក្រុម​អាជ្ញាធរ​រដ្ឋា​ភិបាល​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ ​មាន​បាតុករ​យ៉ាង​តិច​៥​នាក់​បាន​ស្លាប់​ និង​ប្រមាណ​៤០​នាក់​ទៀត​រង​របួស​ដោយ​ការបាញ់​បង្រ្កាប​របស់​ក្រុម​សមត្ថកិច្ច​ប្រដាប់​អាវុធ​ ក្នុង​អំឡុង​ពេល​ដែល​ក្រុម​កម្មករ​ជា​ច្រើន​ពាន់​នាក់​កំពុង​តវ៉ា​ទាមទារ​ឡើង​ប្រាក់​ខែ។​

ក្រុម​សកម្មជនបាន​ស្រែក​គាំទ្រ​ការ​ទាមទារ​នៃ​មេ​ដឹកនាំ​របស់​ខ្លួន។​

ថ្វី​បើ​ដូច្នេះ​ក្តី​ គណបក្ស​ប្រជាជន​កម្ពុជាបាន​ប្រកាស​ជាច្រើន​លើក​រួច​មកហើយ​ថា​ ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះជាតិ​ឲ្យ​ធ្វើ​ការបោះឆ្នោត​ឡើង​វិញ​និង​ការ​ទទូច​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ចុះ​ចេញ​ពី​អំណាច​នោះ ​គឺ​មិន​អាច​ធ្វើ​ទៅរួច​នោះ​ទេ។​

​កាលពី​ថ្ងៃ​ច័ន្ទទី​៧​ ខែ​មករា​ក្នុង​ឱកាស​រំលឹក​ខួប​លើក​ទី​៣៥​ឆ្នាំ​នៃការ​ផ្តួល​រំលំ​របប​ខ្មែរក្រហម​ ​លោក​ហេង សំរិន​ ប្រធាន​កិតិ្តយស​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចាត់ទុក​ថា ​ការ​ដឹកនាំ​បាតុកម្ម​របស់​គណបក្ស​ជំទាស់​បាន​រំលោភ​ច្បាប់ ​ហើយការទាមទារ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ​និង​ទម្លាក់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចេញ​ពី​តំណែង​ផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ។​

លោក​ប្រកាសថា៖ «គេ​ចង់​បង្ខំ​ឲ្យ​សម្តេច​តេជោ​ហ៊ុន សែន​ចុះចេញ​ពីតំណែង​ជានាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​ថ្មី​ឡើងវិញ ​ដែល​ទង្វើ​បែប​នេះ​គឺ​ជា​ការ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ថែម​ទៀត​លើ​រដ្ឋ​ធម្មនុញ្ញ​ គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន»។​

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ជួប​ជាមួយ​សកម្មជន​របស់​ខ្លួន​នៅខេត្ត​បន្ទាយ​មានជ័យ​នៅ​ព្រឹកថ្ងៃ​សៅរ៍​ស្អែក​នេះនឹង​ជួប​សកម្ម​ជន​បន្តទៀត​នៅ​ខេត្ត​បាត់​ដំបង​នៅ​ថ្ងៃ​អាទិត្យ​ទី​១២​ ខែ​មករា។​

ក្នុង​ជំនួប​ជាមួយមេដឹកនាំគណ​បក្ស​សង្គ្រោះជាតិ ​ សកម្មជន​មួយ​ចំនួន​បាន​លើក​ផ្ទាំង​ក្រដាស​ដែល​មាន​សរសេរ​អក្សរ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​វ៉ន ពៅ ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។​

លោក​វ៉ន​ ពៅ​ត្រូវ​វាយ​សំពង​ឲ្យ​របួស​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ និង​ត្រូវ​ចាប់​ខ្លួន​ជាមួយ​នឹង​អ្នក​តវ៉ា​ផ្សេង​ទៀត​ចំនួន​២២​នាក់។​

កាលពី​ដើម​សប្តាហ៍​នេះ​ មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​និង​មេ​ដឹកនាំ​គណបក្ស​ជំទាស់​បាន​បង្ហាញ​ជំហរ​បង្កើត​ឲ្យ​មាន​ការ​ចរចា​គ្នា​ឡើង​វិញ។​

នៅ​ថ្ងៃនេះ ​លោក​សម រង្ស៊ី​ស្នើឲ្យ​សកម្ម​ជន​របស់​ខ្លួន​កុំមាន​ការ​ភ្ញាក់​ផ្អើល ​ប្រសិន​បើ​មាន​ការ​ចរចា​ជា​ថ្មី​មែន​នោះ​ ដោយ​លោក​បញ្ជាក់​ថា ​គណបក្ស​សង្គ្រោះជាតិ​រក្សា​ជំហរ​ដូច​ដែល​ខ្លួន​ទាមទារ​ខាង​លើ​នោះ​នៅ​ដដែល៕