ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​ប្រឆាំង​រៀបចំ​ជំនួប​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​តាម​ខេត្ត

  • គង់ សុឋានរិទ្ធ

លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​​ក្នុង​ពេល​ដឹកនាំ​ការ​ឃោសា​បោះឆ្នោត​នៅ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា ២០១៣។
គណបក្ស​សង្គ្រោះ​ជាតិរបស់​លោក សម រង្ស៊ី និង​លោក កឹម សុខា គ្រោង​នឹង​រៀបចំ​កិច្ច​ប្រជុំ​ដោយ​ឡែកៗ​ពី​គ្នា​ជាមួយ​សកម្មជន​របស់​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​នៅ​ចុង​សប្តាហ៍​នេះ​ក្រោយ​ពី​មាន​ការ​បង្រ្កាប​ដោយ​បង្ហូរ​ឈាម​លើ​ក្រុម​អ្នក​តវ៉ាជា​កម្មករ​រោងចក្រ​កាត់ដេរ និង​ការ​បោស​សម្អាត​ការ​ប្រមូល​ផ្តុំ​នៅទី​លាន​ប្រជាធិបតេយ្យ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា គណបក្ស​របស់​លោក​នឹង​រៀបចំ​ការ​ជួបជុំ​ជាមួយ​សកម្មជន​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប​ចាប់​ពី​ថ្ងៃ​សុក្រ ទី​១០ ខែ​មករា ស្អែក​នេះ​នៅ​ទី​ស្នាក់ការ​ក្នុង​បណ្តា​ខេត្ត។

«យើង​ទៅ​មីទ្ទិញ​ជាមួយ​សកម្មជន​មូលដ្ឋាន​របស់​យើង​នៅ​ភាគ​ខាង​លិចដែល​លោក​មិន​បាន​ទទួល​ព័ត៌មាន។ យើង​ចាប់​ផ្តើម​ដំបូង​ថ្ងៃ​ទី​១០ នៅ​ខេត្ត​សៀមរាប​ ថ្ងៃ​ទី១១ នៅ​ខេត្ត​បន្ទាយ​មានជ័យ និង​ថ្ងៃ​ទី១២ នៅ​ខេត្ត​បាត់​ដំបង។»

លោក កឹម សុខា បញ្ជាក់​ថា ព័ត៌មាន​ដែល​នឹង​ត្រូវ​លើក​ឡើង​ក្នុង​ជំនួប​នោះ​គឺ​ជា​ព័ត៌មាន​ទាក់ទង​នឹង​ការ​វិវត្ត​នៃ​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ។

«ព័ត៌មាន​អំពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ជាក់​ស្តែង​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​មុខ​នឹង​ធ្វើ​អ្វី។»

កិច្ច​ប្រជុំ​សេរី​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​សកម្មជន​មូលដ្ឋាន​របស់​ខ្លួនធ្វើ​ឡើង​ក្រោយ​ពី​ការ​បាញ់​សម្លាប់​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​លើ​ផ្លូវ​វ៉េងស្រេង សួនកាណាឌីយ៉ា ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ មនុស្ស​ចំនួន​ប្រាំនាក់​យ៉ាង​តិច​ត្រូវ​គេរក​ឃើញ​ថា បាន​ស្លាប់​ដោយសារ​គ្រាប់​កាំភ្លើង​ និង​ប្រមាណ​៤០​នាក់​ផ្សេង​ទៀត​រង​របួស។

លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ រដ្ឋា​ភិបាល​ផ្តល់​ឱកាស​ឲ្យ​មាន​ការ​ជួប​ជុំ ប៉ុន្តែ​ប្រសិន​បើ​ការ​ប្រមូល​ផ្តុំ​បែប​បាតុកម្ម​របស់​គណបក្ស​ជំទាស់​ដោយ​គ្មាន​ច្បាប់​នោះ​រដ្ឋាភិបាល​នឹង​ចាត់​វិធានការ។

«រដ្ឋាភិបាល​ធ្វើ​គ្រប់​បែប​យ៉ាង គ្រប់​មធ្យោ​បាយ​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ហើយ​ទុក​ឲ្យ​អ្វី​ដែល​គេ​ហៅ​ថា បរិយាកាស​លទ្ធិប្រជាធិបតេយ្យឆ្លង​តាម​រយៈ​នៃ​ដំណើរការ​តាម​ស្ថាប័ន​ជាតិ​នីមួយៗ។ បើ​សិន​ជា​គ្មាន​ច្បាប់​យើង​នឹង​ចាត់​វិធានការ»។

ជាមួយ​គ្នា​នេះ លោក ចាន់ សូវ៉េត អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​មាន​ប្រសាសន៍​ថា ក្រុម​សង្កេត​សិទ្ធិ​មនុស្ស​នឹង​តាម​ឃ្លាំ​មើល​ដំណើរការ​ជួប​ជុំ​សកម្មជន​របស់​ខ្លួន​របស់​គណបក្ស​ជំទាស់​នៅ​តាម​ខេត្ត​ទាំងបី​នេះ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​ការ​បង្រ្កាប​បាតុកម្ម​របស់​កម្មករ​រោងចក្រ​កាត់ដេរ និង​ការ​បណ្តេញ​បាតុករ​របស់​គណបក្ស​សង្គ្រោះជាតិ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ក្រុម​សមត្ថកិច្ច​របស់​រដ្ឋា​ភិបាល​បាន​ពង្រឹង​ការ​ត្រួត​ពិនិត្យ​រាល់​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​ប្រជាពលរដ្ឋ និង​បាន​ឃ្លាំ​មើល​ទីលាន​ប្រជាធិបតេយ្យ​ជា​ប្រចាំ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG