លោក ​សម រង្ស៊ី ​ហៅ​ជំនួប​រវាង​លោក ​ហ៊ុន សែន​ និង​ប្រធានាធិបតី​បារាំង​ថា​ជា​«កំហុស​នយោបាយ»

ប្រធានាធិបតីបារាំងលោក Emmanuel Macron និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃស្វាគមន៍គ្នា ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅវិមានរដ្ឋាភិបាលបារាំង Elysee ទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២។

មេ​ដឹក​នាំ​នយោបាយ​ជំទាស់​លោក​សម រង្ស៊ី​ បាន​ចាត់​ទុក​ថាជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​ប្រធានាធិបតី​បារាំង​លោក​ Emmanuel Macron ​ជា​កំហុស​នយោបាយ​មួយ​ ស្រប​ពេល​មាន​ការ​បង្ក្រាប​នានា​ដែល​មិន​ស្រាក​ស្រាន្ត​នៅ​កម្ពុជា​នៅ​មុន​ការ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០២៣។​

លោក​ហ៊ុន សែន​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អឺរ៉ុប​ទីដែល​លោក​ត្រូវ​ចូល​រួម​កិច្ច​ប្រជុំ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ក្រប​ខណ្ឌ​អាស៊ាន​ និង​ជំនួប​ជាមួយ​ប្រធានាធិបតី​បារាំង​លោក​ Macron ​ដើម្បី​ពង្រីក​ចំណង​ទាក់​ទង​មិត្តភាព​កម្ពុជា​និង​បារាំង។​

ក្នុង​លិខិត​ចំហ​មួយ ​ធ្វើ​ឡើង​មុន​ជំនួប​រវាង​លោក​ហ៊ុន សែន​ និង​លោក​ប្រធានាធិបតី​Macron​ នៅ​វិមាន​ប្រធានាធិបតី ​Élysée​ កាលពី​ថ្ងៃ​ទី​១៣ ​ខែ​ធ្នូ​ ឆ្នាំ​២០២២​នេះ​ លោក​ សម រង្ស៊ី​ លើក​ឡើង​ថា​ លោក​ហ៊ុន សែន​គឺ​ជា​«ជន​ផ្តាច់ការ»​ ដែល​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​ និង​ក៏​ត្រូវ​បាន​ថ្កោលទោស​ដោយ​ប្រទេស​ប្រជា​ធិបតេយ្យ​ផ្សេង​ទៀត​នៅ​ទូទាំង​សកល​លោក។​

តាម​រយៈ​លិខិត​ដដែល​ដែល​បាន​ផ្ញើ​ជូន​លោក​ប្រធានាធិបតី​បារាំង ​Macron​នោះ​ លោក​សម រង្ស៊ី​ អត្ថាធិប្បាយ​ទៀត​ថា​ នៅ​ពេល​លោក​ហ៊ុន សែន​ស្ថិត​នៅ​ក្រៅ​ប្រទេស​ គាត់​មាន​គោល​ដៅ​តែ​មួយ​ប៉ុណ្ណោះ​គឺ​ កសាង​ឡើង​វិញ​ភាព​ស្រប​ច្បាប់​ជា​អន្តរជាតិ​របស់​គាត់​ដែល​ត្រូវបាន​ធ្វើ​ឲ្យ​ខូចខាត​ធ្ងន់​ធ្ងរ​ដោយ សារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​បន្ត​កើន​ឡើង​ខ្លាំង​នៅ​ប្រទេស​កម្ពុជា។​

លោក​ សម រង្ស៊ី ​ដែល​មាន​សញ្ជាតិ​បារាំង​ ហើយ​កំពុង​និរទេស​ខ្លួន​នៅ​ទីនោះ​ បាន​អត្ថាធិប្បាយ​ជា​ភាសា​អង់គ្លេស​និង​ត្រូវ​ប្រែ​សម្រួល​ជា​ខេមរ​ភាសា​ក្នុង​ន័យ​ដើម​ថា៖​«ការ​ស្វាគមន៍​ជា​ផ្លូវការ​ និង​អធិក​អធម​ចំពោះ​លោក​ហ៊ុន សែន​ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ​ គឺមិន​មែន​អ្វី​ដែល​ប្រជាជន​ខ្មែរ​រំពឹង​ពី​ប្រទេស​បារាំង​នោះ​ទេ។​ ជំនួប​រវាង​ប្រធានាធិបតី​បារាំង​និង​លោក​ ហ៊ុន សែន​គឺ​ជា​កំហុស​នយោបាយ​មួយ»។ ​

លោក​បន្ថែម​ថា ជំនួប​របៀប​នេះ​ ក៏ជា​កំហុស​មួយ​ផង​ដែរ​នៅ​ក្នុង​ន័យ​សីលធម៌​ ប្រសិន​បើ​ពិចារណា​លើ​សេចក្តី​ឈឺ​ចាប់​របស់​ជន​រងគ្រោះ​ពី​អំពើ​ឃោរ​ឃៅ​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​របស់​លោក ​ហ៊ុន សែន​ ហើយ​ដែល​រឿង​ទាំងអស់​នេះ​ត្រូវ​បាន​លម្អិត​នៅ​ក្នុង​របាយ​ការណ៍​ចុងក្រោយ​របស់​អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​២៦​ ខែ​ សីហា​ ឆ្នាំ​២០២២។​

ប្រតិកម្ម​ទៅ​នឹង​លិខិត​របស់​លោក​សម រង្ស៊ី​ អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក​សុខ ឥសាន​យល់​ថា លិខិត​នោះ​ជា​ការ​ធ្វើ​ឡើង​ដោយ​ឥត​បានការ​ ខណៈ​លោក​ថា​លោក​សម រង្ស៊ី​គ្រាន់​តែជា​ឧក្រិដ្ឋ​ជន​មួយ​រូប​ប៉ុណ្ណោះ។​

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​នេះ​ថា៖«វា​ជា​ការ​គួរ​ឲ្យ​ខ្មាស​អៀន​ណាស់​ ដែល​ទណ្ឌិត​មេ​ឧទ្ទាម​រត់​ចោល​ស្រុក​ ទៅ​ប្រដៅ​ប្រធានាធិបតី​ Macron ដែល​ជា​តំណាង​ប្រជាជន​បារាំង​រាប់​សិបលាន​នាក់។ វា​ជា​ការ​គួរ​ឲ្យ​ខ្មាស​អៀន​មែន​ទែន​ ហើយ​ដែល​ខ្លួន​ឯង​រត់​ចោល​ស្រុក​សោះ​ ខ្លួន​ឯង​តាំង​ខ្លួន​ជា​ចៅហ្វាយ​នាយ​របស់​ប្រធានាធិបតី​បារាំង។​ អាហ្នឹង​អ្នក​ណា​ក៏​មិន​អាច​ទទួល​យក​បាន​ដែរ។​ ហើយ​ការ​និយាយ​របស់​ខ្ញុំ​នេះ​ ខ្ញុំរង់​ចាំ​មើល​ថា​ តើ​លោក ​Macron​ ដើរ​តាម​ការ​ណែនាំ​របស់​ទណ្ឌិត​មេ​ឧទា្ទម​ក្បត់​ជាតិ​ដែរ​ឬ​ទេ?»

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថា​ធិប្បាយ​ពី​ស្ថាន​ទូតបារំាង​ប្រចាំ​ទីក្រុង​ភ្នំពេញ​ជុំវិញ​លិខិត​របស់​លោក​សម រង្ស៊ី​ដែល​ផ្ញើ​ជូន​លោក​ប្រធានាធិបតី​បារាំង​ Emmanuel Macron​ និង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​តាម​សារ​អេឡិច​ត្រូនិក​អ៊ីមែល​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

យ៉ាង​ណា​ក៏​ដោយ​ នៅ​ក្រោយ​ជំនួប​នៅ​វិមាន​ប្រធានាធិបតី​បារាំង​ លោក​ ហ៊ុន សែន​ អត្ថាធិប្បាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​លើក​ឡើង​ថា ​លោក​ Macron​ ជា​ «ដៃ​គូ​សន្ទនា​ដ៏​ស្និទ្ធ​ស្នាលស្មោះ​ត្រង់​ និង​ជឿ​ទុក​ចិត្ត​គ្នា​ដើម្បី​ពង្រឹង​ពង្រីក​មិត្តភាព​រវាង​កម្ពុជា​ និង​បារំាង»។​

ត្រឡប់​មក​លោក​សម រង្ស៊ី​ ជំនួប​រវាង​លោក​ Macron ​និង​លោក​ ហ៊ុន សែន​ គឺ​ជា​ពេល​ដែល​បារាំង​គួរ​រំឭក​ដល់​រឿង​ចាស់។​ លោក​ សម រង្ស៊ី​ ពន្យល់​ថាជំនួប​រវាង​អតីត​ប្រធានាធិបតី​ប្រឆាំង​លោក ​Francois Hollande​ និង​លោក ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​តុលា​ឆ្នាំ​២០១៥ ​ផ្តល់​នូវ​មេរៀន​មួយ។​ នៅ​ថ្ងៃ​ដដែល​នៃ​ជំនួប​នោះ​ ​ នៅ​ទីក្រុង​ភ្នំពេញ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​ញ៉យ ចំរើន ​និង​លោក​គង់ សភា​ ត្រូវ​បាន​គេ​វាយ​ដំ​ និង​បង្ក​ឲ្យ​របួស​ធ្ងន់​ធ្ងរ ហើយ​ចាប់​តាំង​ពី​ជំនួប​នោះ​មក​ លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឲ្យ​ខ្ទេច​ខ្ទាំ​ជា​ប្រព័ន្ធ។

លោក​បន្ថែម​ថា៖​ «ជំនួប​ឆ្នាំ​២០២២​នៅ​ Élysée​ មិន​ផ្តល់​ក្តី​សង្ឃឹម​អ្វី​ក្រៅ​តែ​ពី​ការ​កើន​ឡើង​នៃ​អ្នក​ទោស​នយោ​បាយ​នៅ​ក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា​ ហើយ​នឹង​ការ​គាប​សង្កត់​កាន់​តែ​អាក្រក់​លើ​អ្នក​ជំទាស់​ សហជីព​ និង​សង្គម​ស៊ីវិល​ ក្នុង​ពេល​រៀបចំ​ការ​បោះ​ឆ្នោត​រដ្ឋសភា​ នៅ​ថ្ងៃទី​២៣ ​ខែ​កក្កដា​ ឆ្នាំ​២០២៣»។​

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី ​យ៉ាង​ដូច្នេះ​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន​ ថ្លែង​ថា​ រដ្ឋាភិបាល​កម្ពុជា​តែងតែ​ប្រកាន់​យក​ច្បាប់​ជា​ធំ។​

លោក​លើក​ឡើង​ថា៖ ​«រាជ​រដ្ឋាភិបាល​កម្ពុជា​ គឺ​កើត​ចេញ​ពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ ហើយ​លោក​ដើរ​តាម​រដ្ឋ​ធម្មនុញ្ញ​ ដើរ​តាម​ច្បាប់​របស់​រដ្ឋ​ របស់​កម្ពុជា​ ដូច្នេះ​ហើយ​ ទោះបី​ថា​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ ឬ​ក្នុង​ដំណាក់​កាល​នៃ​ការ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ឬ​ក៏​ក្នុង​ដំណាក់​កាល​ដែល​ដំណើរ​ការ​បោះឆ្នោត​កំពុង​តែ​ដំណើរ​ការ​ទៅ​ក៏​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ផ្អាក​ការ​អនុវត្ត​ច្បាប់​ទេ។​ អ្នក​ណា​ប្រព្រឹត្ត​ល្មើស​ច្បាប់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ ចំពោះ​មុខ​ច្បាប់។​ អ៊ីចឹង​ការ​ចាប់​ចង​ ការ​ដាក់​ខ្នោះ​ ឬ​មួយ​ការ​ចាប់​ជន​ទុច្ចរិត​ដាក់​ចូល​គុក​ អា​ហ្នឹង​វា​អត់​មាន​ផ្អាក​ទេ»។​

គួរ​រំឭក​ថា​លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​នៅ​ប្រទេស​បារាំង ​នៅ​មុន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧៕