អតីតមេដឹកនាំក្រុមជំទាស់ គឺលោក សម រង្ស៊ី បានស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពន្យារពេលការបោះឆ្នោត ដើម្បីបញ្ចៀសទាំងអំពើហិង្សានិងបញ្ចៀសការដាក់កម្ពុជាឲ្យក្លាយជាប្រទេសឯកោ។ នេះបើតាមសារមួយដែលលោក សម រង្ស៊ី បង្ហោះតាមប្រព័ន្ធសង្គម Twitter នៅថ្ងៃនេះ។
រដ្ឋាភិបាលលោក ហ៊ុន សែន រងការរិះគន់ជាអន្តរជាតិដោយសារការបង្ក្រាបក្រុមជំទាស់ ការរំលាយគណបក្សសង្គ្រោះជាតិ ការរឹតត្បិតសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ ដែលធ្វើឲ្យមានទណ្ឌកម្មនិងការព្រមានពីអន្តរជាតិមិនទទួលស្គាល់លទ្ធផលការបោះឆ្នោត បើគ្មានក្រុមជំទាស់ចូលរួម និងរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវទេ។ ប៉ុន្តែដោយសារការមិនខ្វល់នឹងសម្ពាធអន្តរជាតិ លោក ហ៊ុន សែន បានកំណត់យកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្ត្រ។
នៅក្នុងសារតាម Twitter នោះ លោក សម រង្ស៊ី បានសរសេរថា៖
«ខ្ញុំដាក់សំណើទៅលោក ហ៊ុន សែន ថា ចូរពន្យារពេលបោះឆ្នោតជាតិខាងមុខ រហូតទាល់តែយើងទាំងអស់គ្នាមានការធានាថា ការបោះឆ្នោតខាងមុខទាំងនោះអាចមានស្តង់ដាអន្តរជាតិជាអប្បបរមា។ ការណ៍នេះ នឹងបញ្ចៀសទាំងអំពើហិង្សានិងបញ្ចៀសការដាក់កម្ពុជាឲ្យក្លាយជាប្រទេសឯកោ»។
លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេសក្រោយពីមានការជាប់បណ្តឹងជាច្រើនក្នុងប្រទេសកម្ពុជាបន្ទាប់ពីគណបក្សលោក បានកើនការគាំទ្រនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ខ្លាំងមិនធ្លាប់មានពីមុន។ លោកទើបបានបង្កើតចលនាសង្គ្រោះជាតិមួយនៅក្រៅប្រទេស ដែលមន្ត្រីបក្សកាន់អំណាចចាត់ទុកថា ជាចលនាឧទ្ទាម បើគ្មានច្បាប់ត្រឹមត្រូវ៕