កូរ៉េ​ខាង​ត្បូង​រាយការណ៍​ពី​ចំនួន​អ្នក​ឆ្លង​កូវីដ​១៩​ថ្មី​​កើន​ឡើង​ក្នុង​ថ្ងៃ​ទី​ពីរ​ទៀត​​

មន្ត្រី​សុខាភិបាល​ស្លៀក​ឈុត​ការពារ​ខ្លួន​អង្គុយ​សម្រាក​អំឡុង​ពេល​ការ​ធ្វើ​តេស្តរក​ជំងឺ​កូវីដ​១៩​នៅ​មជ្ឈមណ្ឌល​សុខាភិបាល​សាធារណៈក្នុង​ទីក្រុង Goyang ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២០។

ក្រសួង​សុខាភិបាល​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយការណ៍​ពី​ចំនួនករណី​ឆ្លង​កូវីដ១៩​ថ្មី​ចំនួន​៧៩​ករណី ដែល​នេះជា​ចំនួន​កើន​ឡើង​ថ្មី​ប្រចាំ​ថ្ងៃ​ដ៏​ច្រើន​ជាប់ៗ​គ្នា​ពីរ​ថ្ងៃ។

ចំនួន​ករណី​ថ្មី​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​មាន​ចំនួន​ស្ទើរ​ទ្វេ​ដង​នៃ​ចំនួន​ករណី​ថ្មី​៤០​ដែល​ត្រូវអាជ្ញាធរ​កូរ៉េខាង​ត្បូង​រក​ឃើញ​កាល​ពី​ថ្ងៃ​ពុធ ដែល​ជា​ចំនួន​ប្រចាំ​ថ្ងៃ​ច្រើន​បំផុត​ក្នុង​រយៈ​ពេលជិត​២​ខែ​។

អនុរដ្ឋមន្ត្រីសុខាភិបាល​កូរ៉េខាង​ត្បូង​លោក Kim Kang-lip ថ្លែង​ថា​ករណី​ថ្មី​ចំនួន​៥៤ជាប់​ទាក់ទង​នឹងឃ្លាំង​ចែកចាយ​ទំនិញ​មួយ​របស់​ក្រុមហ៊ុន​លក់​ទំនិញ​តាម​អនឡាញ​ឈ្មោះ​Coupang ក្នុង​ទី​ក្រុង Bucheon ភាគ​ខាង​លិច​ទី​ក្រុង​សេអ៊ូល។ លោក​ថា​បុគ្គលិក​ក្រុមហ៊ុន​ចំនួន​ប្រហែល​៤.១០០​នាក់​ដែល​គេ​គិត​ថា​មិន​បាន​គោរព​តាម​ការ​តម្រូវ​ឲ្យ​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គម​កំពុង​ត្រូវ​គេ​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​និង​ធ្វើ​តេស្ត​រក​វីរុស។

គេ​មិន​ទាន់​ដឹង​ថា​តើ​ការ​ផ្ទុះ​ឆ្លង​ថ្មី​នេះ​នឹង​ប៉ះពាល់​ដល់​ផែនការ​បើក​សាលារៀន​ជា​ដំណាក់កាល​ឡើង​វិញ​ឬ​យ៉ាង​ណា​ប៉ុន្តែ​ក្រសួង​អប់រំ​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ការ​បើក​ថ្នាក់​រៀន​ឡើង​វិញ​ត្រូវ​បាន​ពន្យារ​ពេល​នៅ​សាលារៀន​ចំនួន​៥៦១កន្លែង៕