កងទ័ពរុស្ស៊ី បានស្ថិតនៅកណ្តាលទីក្រុងកំពង់ផែយុទ្ធសាស្ត្រ Kherson របស់អ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ មួយថ្ងៃបន្ទាប់ពីការអះអាងខុសគ្នាដែលថា តើរដ្ឋាភិបាលក្រុងមូស្គូពិតជាបានកាន់កាប់ទីក្រុងដ៏សំខាន់មួយនេះជាលើកដំបូងឬយ៉ាងណានៅក្នុងការឈ្លានពានរបស់ខ្លួនអស់រយៈពេល៨ ថ្ងៃនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងការពារជាតិរុស្ស៊ី ប្រាប់ឲ្យដឹងថា ខ្លួនបានត្រួតត្រាទីក្រុង Kherson កាលពីថ្ងៃពុធម្សិលមិញ ក៏ប៉ុន្តែទីប្រឹក្សាម្នាក់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានឆ្លើយតបវិញថា កងទ័ពអ៊ុយក្រែន បានបន្តការពារទីក្រុងកំពង់ផែនៅសមុទ្រខ្មៅមួយនេះដែលមានពលរដ្ឋរស់នៅប្រមាណ ២ សែន ៥ ម៉ឺននាក់។
គណៈប្រតិភូអ៊ុយក្រែន បានចាកចេញពីប្រទេសរបស់ខ្លួនដើម្បីទៅចូលរួមកិច្ចចរចាលើកទី ២ ជាមួយមន្ត្រីរុស្ស៊ីអំពីបទឈប់បាញ់គ្នា។ នេះបើតាមលោក Mykhailo Podolyak ដែលជាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។
កងទ័ពរុស្ស៊ី នៅមិនទាន់ផ្តួលរំលំរដ្ឋាភិបាលក្រុងកៀវនៅឡើយទេរហូតមកទល់ពេលនេះ ប៉ុន្តែមានសេចក្តីរាយការណ៍ថា កងទ័ពរុស្សីរាប់ពាន់នាក់បានស្លាប់ឬរងរបួស ហើយមនុស្សប្រមាណជាង ១ លាននាក់បានរត់ភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែននៅពេលដែលមានការវាយប្រហារដ៍ធំបំផុតទៅលើប្រទេសមួយក្នុងទ្វីបអឺរ៉ុបចាប់តាំងពីឆ្នាំ ១៩៤៥ មក។
នៅក្នុងទីប្រជុំជន Borodyanka ដែលមានចម្ងាយប្រមាណ ៥៨ គីឡូម៉ែត្រ ភាគពាយ័ព្យរដ្ឋធានីកៀវ ពលរដ្ឋអ៊ុយក្រែនម្នាក់ បាននិយាយអំពីការតស៊ូប្រឆាំងនឹងសត្រូវរុស្ស៊ី ខណៈពេលដែលរូបភាពតាមទូរទស្សន៍ Reuters បានបង្ហាញពីអគារខូចខាត ភ្លើងឆេះនៅតាមដងផ្លូវនិងរថយន្តកងទ័ពជាច្រើនគ្រឿងត្រូវបានបំផ្លាញ។
ក្រសួងការបរទេសអាមេរិក បានអំពាវនាវដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងរដ្ឋាភិបាលរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការបង្ហូរឈាមនេះនិងដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែន។
ចំណែករុស្សីវិញបានហៅសកម្មភាពរបស់ខ្លួនថា ជាប្រតិបត្តិការពិសេសមួយដែលធ្វើឡើងមិនមែនដើម្បីចូលគ្រប់គ្រងទឹកដីអ៊ុយក្រែននោះឡើយប៉ុន្តែគឺដើម្បីបំផ្លាញនូវសមត្ថភាពយោ ធារបស់អ៊ុយក្រែននិងចាប់ខ្លួនក្រុមអ្នកជាតិនិយមអ៊ុយក្រែនដែលរុស្សីចាត់ទុកថា ជាអ្នកបង្កគ្រោះថ្នាក់។
ដោយឡែក ប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ ១៤១ ប្រទេសក្នុងចំណោមសមាជិក ១៩៣ ប្រទេសបានបោះឆ្នោតគាំទ្រលើសេចក្តីសម្រេចចិត្តមួយដោយថ្កោលទោសទៅលើរដ្ឋាភិបាលទីក្រុងមូស្គូដែលនេះជាសញ្ញានៃភាពជោគជ័យមួយរបស់អ៊ុយក្រែនក្នុងការបង្កើននូវភាពឯកោរបស់រុស្សីនៅលើឆាកអន្តរជាតិ៕