អ្នក​នាំ​ពាក្យ​រុស្ស៊ី​មិន​បាន​ដឹង​ពី​ជំនួប​រវាង​លោក Sessions រដ្ឋ​មន្រ្តី​យុត្តិធម៌​អាមេរិក​និង​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ទេ

លោក Jeff Sessions រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​អាមេរិក​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​យុត្តិធម៌​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។

អ្នកនាំ​ពាក្យរុស្ស៊ី​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោក​មិនបាន​ដឹង​ពី​ជំនួប​រវាង​លោក Jeff Sessions ​រដ្ឋ​មន្រ្តី​យុត្តិធម៌​សហរដ្ឋ​អាមេរិកដែល​កាល​ពី​ពេល​នោះ​ជា​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ​និង​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ក្នុង​អំឡុង​នៃការ​ឃោសនា​បោះឆ្នោត​ប្រធានា​ធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​ទៅ​ទេ។

​លោក Dmitry Peskov ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាននៅពេល​សួរ​ថា​តើ​លោក Sessions ​និង​ឯកអគ្គរដ្ឋទូត​រុស្ស៊ី Sergei Kislyak ​បាន​ជួប​គ្នា​កាល​ពី​ឆ្នាំ​ទៅ​ដែរ​ឬ​ទេ។​ លោក​និយាយ​ថា​ «ខ្ញុំ​មិន​បាន​ដឹង​អំពី​ជំនួប​ណា​មួយ​ទេ‍»។

លោក Session ​បាន​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ដ៏​តឹងរ៉ឹងបំផុត​បន្ទាប់​ពី​ការ​បញ្ចេញឲ្យ​ដឹងថា ​លោក​បាននិយាយ​ជាមួយបេសកជន​រុស្ស៊ី​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ចំនួន២ដង​ខណៈ​ដែល​លោក​បាន​ធ្វើ​ជាទីប្រឹក្សា​ឲ្យ​យុទ្ធនាការឃោសនារបស​លោក​ដូណាល់ ​ត្រាំ​ ខណៈ​ដែល​លោកធ្វើ​ជាសមាជិក​ព្រឹទ្ធសភាអាមេរិក។

​លោក Sessions ​បាន​ជួប​ឯកអគ្គរដ្ឋ​ទូត Sergei Kislyak ​កាល​ពី​ខែកក្កដា ឆ្នាំ​ទៅ​នៅ​ខាង​ក្រៅ​សន្និបាត​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ​ ហើយ​និង​ម្តង​ទៀត​នៅ​ខែ​កញ្ញា​នៅ​ឯ​ការិយាល័យ​នៅ​វិមាន​រដ្ឋ​សភា Capitol Hill។

​ជំនួប​ទាំង​នោះ ​បាន​ធ្វើ​ឲ្យ​មានភាព​ចម្រូង​ចម្រាស​លើ​ការ​ចោទ​ប្រកាន់​ថា ​រុស្ស៊ី​អាច​មាន​ការ​ជ្រៀត​ជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដែល​ផ្តល់​ជ័យ​ជម្នះ​ដល់​លោក​ត្រាំ ​ហើយជំនួប​ទាំងនេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​អំពាវនាវ​នៅ​ក្នុង​សភា​អាមេរិក​ឲ្យ​លោក Sessions ដក​ខ្លួន​ចេញ​ពីការ​ស៊ើប​អង្កេត​របស់​សភា​ចំនួន២​នៅ​ក្នុង​បទចោទ​ប្រកាន់​នេះ។

ការិយាល័យ​របស់​លោក Sessions ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ជំនួប​នេះ​បាន​កើត​មាន​ឡើង​នៅ​ពេល​លោក​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​ មិនមែន​ជា​ទីប្រឹក្សា​យុទ្ធនាការ​ឃោសនា​ឲ្យ​លោក​ត្រាំ​ទេ៕