មេដឹកនាំ​ប្រឆាំង​នៅ​រុស្ស៊ី​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយ​ការ​សង្ស័យ​ថា​ត្រូវ​បំពុល

រូបឯកសារ៖ លោក Alexey Navalny មេដឹកនាំប្រឆាំងរដ្ឋាភិបាលរុស្ស៊ី ដើរចេញពីពន្ធនាគារ បន្ទាប់ពីលោកបានជាប់ទោសរយៈពេល ៣០ថ្ងៃ ពីបទបះបោរឲ្យមានបាតុកម្មខុសច្បាប់នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៩។

ក្រុម​គ្រួសារ​និង​អ្នក​ជិត​ស្និទ្ធ​នឹង​មេដឹកនាំ​ប្រឆាំង​នៅ​រុស្ស៊ី​ លោក ​Alexey Navalny ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ទី​ក្រុង​មូស្គូ​ ថា​បាន​រារាំង​មិន​ឲ្យ​បញ្ជូន​លោក ​Navalny ​ដើម្បី​ទៅ​ព្យាបាល​នៅ​ប្រទេស​អាល្លឺម៉ង់ ក្នុង​បំណង​បិទ​បាំង​ផែនការ​បំពុល​លោក។​

លោក​ Alexey Navalny ​បាន​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ជា​បន្ទាន់​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រោយ​ពី​លោក​បាន​ធ្លាក់​ខ្លួន​ឈឺ​ភ្លាមៗ​ ពេល​ធ្វើ​ដំណើរ​លើ​យន្តហោះ ដោយត្រូវ​បង្ខំ​ឲ្យ​យន្ត​ហោះចុះចត​បន្ទាន់​នៅ​ទីក្រុង ​Omsk ​ក្នុង​តំបន់​ស៊ីបេរី​ ដែល​ព្រឹត្តិ​ការណ៍​នេះ ​ត្រូវ​អ្នក​នាំពាក្យ​របស់​លោក​ពិពណ៌នា​ថា ​ទំនង​ជា​ការ​បំពុល​ដោយ​ចេតនា។​

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​ Omsk ​ក្នុង​តំបន់​ស៊ីបេរី​ កាល​ពី​ថ្ងៃ​សុក្រ​ អ្នកស្រី ​Yulia Navalnaya ​ភរិយា​លោក ​Alexey Navalny ​និង​លោក ​Ivan Zhdanov ​អ្នក​ជំនិត​នឹង​លោក​ Navalny ​ថ្លែង​ថា​ ការ​សម្រេច​នេះ​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​លោក Navalny​ នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់។​

អ្នកស្រី Yulia Navalnaya ថ្លែង​ថា ​អ្នកស្រី​មិន​ទុក​ចិត្ត​គ្រូពេទ្យ​ ហើយ​ថា៖ «ពួក​គេ​មិន​ព្រម​ឲ្យលោក ​Alexei ​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​បន្ត​ទៀត។​ យើង​ជឿជាក់​ថា​ ការ​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ជាតិ​គីមី​នៅ​ក្នុង​ខ្លួន​របស់​លោក​នឹង​រលាយ​អស់»។

អ្នកស្រីក៏បាន​ថ្លែង​រិះគន់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ ក្រោយ​ពី​ប្រធាន​មន្ទីរ​ពេទ្យ​ថា​ ការ​បញ្ជូន​លោក​ទៅ​ប្រទេស​អាល្លឺម៉ង់​ នឹង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​លោក ​ដោយ​សារ​លោក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដាក់​ឲ្យ​សន្លប់​ និង​មិនទាន់​នឹង​នរ​នៅ​ឡើយ៕