មេដឹកនាំ​ប្រឆាំង​រុស្ស៊ី​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​​ក្រោយ​ពី​ធ្លាក់​ខ្លួន​ឈឺ​លើ​យន្តហោះ​ដែល​សង្ស័យ​ថា​​ត្រូវ​គេ​​បំពុល

រូប​ឯកសារ៖ មេដឹកនាំ​ប្រឆាំង​របស់​រុស្ស៊ី​លោក Alexey Navalny​ថ្លែង​ទៅ​កាន់​បាតុកម្ម​គាំទ្រ​អ្នក​ទោស​នយោបាយ​ក្នុង​ទី​ក្រុង​មូស្គូ​កាល​ពី​​ឆ្នាំ​២០១៩។

មេដឹកនាំ​ប្រឆាំង​របស់​រុស្ស៊ី​លោក Alexey Navalny បាន​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ជា​បន្ទាន់កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​ពី​លោក​បាន​ធ្លាក់​ខ្លួន​ឈឺភ្លាមៗ​ពេល​ធ្វើ​ដំណើរ​លើ​យន្តហោះ ដែល​ព្រឹត្តិការណ៍​នេះ​ត្រូវ​អ្នក​នាំពាក្យ​របស់លោក​ពិពណ៌នា​ថា​ទំនង​ជា​ការ​បំពុល​ដោយ​ចេតនា។

លោក Navalny អាយុ​៤៤​ឆ្នាំ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យនៅ​ក្នុង​ទីក្រុង Omsk នៅ​តំបន់​ស៊ីបេរី ដែល​នៅ​ទី​នោះ​គ្រូពេទ្យ​បាន​ដាក់​ថ្នាំ​សន្លប់​និង​ភ្ជាប់​ទៅ​ម៉ាស៊ីន​បញ្ចូល​ខ្យល់។​

លោក Anatoliy Kalinichenko​ អនុប្រធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរ​ពេទ្យ Omsk ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ទី​ក្រុង Omsk ប្រទេស​រុស្ស៊ី ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០ ខែ​សីហា ឆ្នាំ​២០២០។

លោក Navalny បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​លោក​នៅ​ទី​ក្រុង​មូស្គូ​នៅ​ពេល​លោក​ធ្លាក់​ខ្លួន​ឈឺ ដែល​បាន​បង្ខំ​ឲ្យ​អ្នក​បើកបរ​យន្តហោះ​ចុះ​ចត​ជា​បន្ទាន់។ ក្នុង​វីដេអូ​របស់​អ្នក​ដំណើរ​ម្នាក់​ដែល​បាន​ចែក​ចាយ​តាម​បណ្តាញ Telegram គេ​អាចឮ​សំឡេង​សម្រែក​ចេញ​ពី​បង្គន់​យន្តហោះ។

អ្នក​នាំ​ពាក្យ​លោក Navalny គឺ​អ្នកស្រី Kira Yarmysh សរសេរ​នៅ​ក្នុង​សារ Twitter ថា​មេដឹកនាំ​ប្រឆាំង​រុស្ស៊ី​នៅ​មុន​ការ​ធ្លាក់​ខ្លួន​ឈឺ​ភ្លាមៗ​នោះ​បាន​ផឹកតែទឹកតែ​ប៉ុណ្ណោះ។

ការ​សង្ស័យ​ថា​លោក Navalny ត្រូវ​បាន​បំពុល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​នាំ​ឲ្យ​មាន​មន្ទិល​ផ្សេងៗ​គ្នា​ថា​តើ​សត្រូវ​នយោបាយ​របស់​លោក ជាពិសេស​វិមាន​ក្រឹមឡាំង នឹង​បាន​ប្រយោជន៍​អ្វី​ពី​ការ​វាយប្រហារ​បែប​នេះ ដែល​មនុស្ស​ជា​ច្រើន​ទំនង​នឹង​បន្ទោសលោក​ប្រធានាធិបតី​ Vladimir Putin ​ថា​នៅ​ពី​ក្រោយ​នោះ។

ប៉ុន្តែ​វិមាន​ក្រឹមឡាំង​កន្លង​មក​បាន​បដិសេធ​ការ​ជាប់ទាក់ទង​នឹង​ការ​វាយប្រហារ​លើ​ថ្នាក់​ដឹកនាំ​ក្រុម​ប្រឆាំង​ហើយ​អ្នក​នាំ​ពាក្យក្រឹមឡាំងលោក Dmitry Pesko និយាយ​លោក​កំពុង​តាមដាន​ស្ថានភាព​សុខភាព​លោក Navalny និង​ជូន​ពរ​លោក​ឲ្យ​ឆាប់​ជាសះស្បើយ។

ប៉ុន្តែ​ភរិយា​លោក Navalny គឺ​លោកស្រី Yulia Navalny និង​គ្រូពេទ្យ​ផ្ទាល់​ខ្លួន​ម្នាក់​ដែល​បាន​ធ្វើដំណើរមក​ដល់​មន្ទីរពេទ្យ​នោះ​កាលរសៀល​ពី​ថ្ងៃ​ព្រហស្បតិ៍​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ជួប​លោក​ទេ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​លោក Navalny៕