កាំជ្រួច​មីស៊ីល​រុស្ស៊ី​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច៥១នាក់​នៅ​ក្នុង​ការវាយ​ប្រហារ​លើ​ទីកន្លែង​ហ្វឹក​ហាត់​យោធា​អ៊ុយក្រែន​និង​មន្ទីរពេទ្យ

ទាហាន​អ៊ុយក្រែន​សែង​សាកសព​អ្នករងគ្រោះ​កាលពីថ្ងៃទី កញ្ញា​ ឆ្នាំ២០២៣។

មនុស្ស​យ៉ាង​តិច​ណាស់​ក៏៥១នាក់​ដែរត្រូវបាន​សម្លាប់​ហើយ​រាប់រយ​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​រុស្ស៊ី​ទៅលើ​ទីក្រុង Poltava នៃ​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​អង្គារ នៅ​ក្នុង​ការវាយ​ប្រហារ​ដ៏​ប្រល័យ​បំផុត​មួយ​នៃ​សង្គ្រាម​រយៈ​ពេល២ឆ្នាំកន្លះ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky បាន​និយាយ​ថា​ការវាយ​ប្រហារ​នេះ​បាន​បំផ្លាញ​ផ្នែក​នៃ​អាគារ​មួយ​កន្លែង​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​វិទ្យាស្ថាន​គមនាគមន៍​យោធា Poltava។

លោក​ប្រធានាធិបតី Zelenskyy បាន​និយាយ​នៅ​ក្នុង​វីដេអូ​ដែល​ត្រូវ​បាន​ចុះផ្សាយ​លើ​បណ្តាញ​តេឡេក្រាម​របស់​លោក​ថា «ពលរដ្ឋ​បាន​ស្ថិត​នៅ​ក្រោម​កម្ទេចបាក់បែក។ ពលរដ្ឋ​ជាច្រើន​ត្រូវ​បាន​ជួយ​សង្គ្រោះ»។ លោក​បាន​បន្ថែម​ទៀត​ថា​លោក​បាន​បញ្ជា​ឱ្យ​ធ្វើ​ការស៊ើបអង្កេត​ឱ្យ​បាន​ពេញលេញ។

ឥដ្ឋ​ដែល​បាក់បែក​អាច​ត្រូវ​គេ​មើលឃើញ​នៅ​ខាង​ក្នុង​ផ្លូវ​ចូល​ដែល​បិទ​ជិត​របស់​វិទ្យាស្ថាន​នោះ​ ដែល​បណ្តាញ​ព័ត៌មាន​មិន​អាច​ចូល​ទៅយក​ព័ត៌មាន​បាន ហើយ​ថ្លុក​ឈាម​អាច​ត្រូវ​គេ​មើលឃើញ​នៅ​ខាង​ក្រៅ។

ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល ក្លិន​ផ្សែង​បាន​រាលដាល​កាត់​តាម​ទីក្រុង​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល៣៥០គីឡូម៉ែត្រ​ភាគ​នារតី​នៃ​រដ្ឋធានី​កៀវ។ ផ្លូវ​ថ្នល់​នានា​បាន​គ្រប​ដណ្តប់​ដោយកម្ទេច​កម្ទី​ពី​បង្អួចដែលបែក។

ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ​កាំជ្រួច​មីស៊ីល​បាន​បាញ់​ចំ​ត្រូវ ភ្លាមៗ​បន្ទាប់ពី​ការប្រកាស​វាយ​ប្រហារ​តាម​អាកាស​បាន​ពន្លឺ​ឡើង នៅពេល​ដែល​មនុស្ស​ជា​ច្រើន​កំពុង​ធ្វើ​ដំណើរនៅ​តាម​ផ្លូវ​ទៅកាន់​កន្លែង​ជ្រកពួន​ពី​ការទម្លាក់​គ្រាប់​បែក។ ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​បាន​ពណ៌នា​ការវាយ​ប្រហារ​នោះ​ថា​«ជា​អំពើ​ព្រៃផ្សៃ»។

ក្រសួង​ការពារ​ជាតិ​បាន​និយាយ​ទៀត​ថា​ក្រុម​ជួយ​សង្គ្រោះ​និង​ក្រុម​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​មនុស្ស២៥នាក់ រួមមាន​មនុស្ស​១១នាក់​ត្រូវ​បាន​គេ​យកចេញ​ពី​កម្ទេច​បាក់​បែក៕