ក្រុមអ្នកវិភាគវិស័យការពារជាតិនៅ Latin America ស.រ.អា.និងរុស្ស៊ី ឱ្យដឹងថា ទាហានរុស្ស៊ីដែលបញ្ជូនតាមយន្តហោះចូលប្រទេសវ៉េណេស៊ុយអេឡាប៉ុន្មានសប្តាហ៍ថ្មីៗនេះទំនងជាទៅដើម្បីធ្វើឲ្យប្រាកដថា មីស៊ីល S-300 របស់ប្រទេសនេះនៅតែអាចទប់ទល់សកម្មភាពយោធាអាមេរិកប្រឆាំងនឹងរដ្ឋាភិបាលលោក Nicolas Maduro ប្រធានាធិបតីសង្គមនិយម។
អ្នកវិភាគថា ទាហានរុស្ស៊ីដែល បានមកដល់វ៉េណេស៊ុយអេឡាកាលពីចុងខែមីនា រួមមានអ្នកឯកទេសការពារដែនអាកាស ដោយមានជំនាញចាំបាច់ដើម្បីបញ្ជាក់ថា មីស៊ីលដែលមានចំណាស់មួយទសវត្សរ៍នេះនៅអាចបាញ់បាន ទោះបីជាហេដ្ឋារចនាសម្ព័ន្ធរបស់វ៉េណេស៊ុយអេឡាទន់ខ្សោយ និងដាច់ភ្លើងញឹកញាប់ក៏ដោយ។ រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានបង្ហាញមីស៊ីល S-300 ក្នុងក្បួនយោធា ហើយមន្ត្រីក្រសួងការពារជាតិអាមេរិក និងអតីតបុគ្គលិកយោធាវ៉េណេស៊ុយអេឡាបានបញ្ជាក់អំពីវត្តមានមីស៊ីលទាំងនេះ។ ប៉ុន្តែមានព័ត៌មានលម្អិតតិចតួចអំពីស្ថានភាពដំណើរការ ឬការដាក់ពង្រាយមីស៊ីលទាំងនេះ។
អ្នកឯកទេសផ្នែកការពារជាតិនៅក្នុងតំបន់និងយោងតាមរូបភាពពីផ្កាយវិទ្យាសាស្ត្រដែលទទួលបានដោយក្រុមហ៊ុនអ៊ីស្រាអែលឈ្មោះ Image Sat ឲ្យដឹងថា យ៉ាងហោចណាស់មីស៊ីល S-300 ចំនួន៤គ្រឿងត្រូវបានបំពាក់អាគុយនៅតំបន់ផ្សេងៗនៃប្រទេសវ៉េណស៊ុយអេឡាក្នុងពេលប៉ុន្មានខែថ្មីៗនេះដើម្បីការពារមូលដ្ឋានយោធាសំខាន់ៗ និងមជ្ឈមណ្ឌលរដ្ឋាភិបាល៕