ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​លើ​ក្រុង​កៀវ​តំបន់ Chernihiv

អ្នកស្រី Yaana អាយុ​៣៣​ឆ្នាំ អង្គុយ​ហូប​បាយ​នៅ​ផ្ទះ​របស់​អ្នកស្រី​ដែល​ត្រូវ​ខ្ទេចខ្ទាំ​ដោយ​គ្រាប់​មីស៊ីល នៅ​ភូមិ Moshchun តំបន់​រដ្ឋធានី​កៀវ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy​ បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ថ្ងៃ​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ ​«គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ពិភពលោក​វិនិយោគ​លើ​អំពើ​ភេរវកម្ម​ច្រើន​ជាង​ប្រទេស​រុស្ស៊ី​ទេ។ ​ បញ្ហា​នេះ​ពិត​ជា​ត្រូវ​មាន​ការ​ឆ្លើយ​តប​ផ្នែក​ច្បាប់​កម្រិត​ពិភពលោក។ ​ហើយ​គ្មាន​ហេតុផល​ថា ប្រតិកម្ម​បែប​នេះ​មិន​គួរ​កើត​ឡើង​ទេ​ ជា​ពិសេស​នៅ​សហ​រដ្ឋ​អាមេរិក»។​

លោក​ Zelenskyy​ បាន​ថ្លែង​អំណរគុណ​ដល់​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ដែល​បាន​«អនុម័ត​ជា​ឯកច្ឆ័ន្ទ​នូវ​សេចក្តី​សម្រេច​ដែល​អំពាវនាវ​ឱ្យ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​ស្គាល់​ប្រទេស​រុស្ស៊ី​ថា​ ជា​រដ្ឋ​ឧបត្ថម្ភភេរវកម្ម»។ ​រុស្ស៊ី​នឹង​ចូល​ក្នុង​ក្រុម​ជាមួយ​គុយបា​ កូរ៉េ​ខាងជើង​ អ៊ីរ៉ង់ ​និង​ស៊ីរី។ ​នេះ​ជាលើក​ដំបូង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ ដែល​រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លើ​តំបន់នៃ​រដ្ឋធានី​របស់​អ៊ុយក្រែន ​គឺ​ទីក្រុង​កៀវ ​និង​តំបន់ ​Chernihiv ​នៅ​ភាគខាង​ជើង។ នេះ​ជា​អ្វី​ដែល​អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​ថា ​ជាការ​សងសឹក​ចំពោះ​ការ​បន្ត​តស៊ូ​របស់​ខ្លួន​ប្រឆាំង​ការ​ឈ្លានពាន​របស់​ទីក្រុង​មូស្គូ។​

អភិបាលតំបន់​នេះ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​ថា ​រុស្ស៊ី​បាន​វាយ​ប្រហារ​តំបន់​កៀវ​ ដោយ​កាំជ្រួច​ចំនួន​៦​គ្រាប់​ដែល​បាន​បាញ់​ចេញ​ពី​សមុទ្រ​ខ្មៅ ​ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​១៥​ នាក់​រង​របួស ​ក្នុង​នោះ​៥​នាក់​ជា​ជន​ស៊ីវិល។​ អ៊ុយក្រែន​បាន​និយាយ​ថា ​ខ្លួន​បាន​បាញ់​ទម្លាក់​មីស៊ីល​មួយ​គ្រាប់​ ប៉ុន្តែ​ថា​ កង​កម្លាំង​របស់​ទីក្រុង​មូស្គូ​បាន​វាយ​ប្រហារ​ទីតាំង​យោធា​នៅ​ក្នុង​ភូមិ​ Liutizh​ នៅ​ក្រៅ​រដ្ឋធានី ​ដោយ​បាន​បំផ្លាញ​អគារ​មួយ ​ហើយ​អគារ​ពីរ​ផ្សេង​ទៀត​រក​ការ​ខូចខាត។​

អភិបាល​តំបន់​កៀវ​ លោក​ Oleksiy Kuleba​ បាន​ភ្ជាប់​ការ​វាយ​ប្រហារ​នេះ​ទៅ​នឹង​ទិវា​រំឭក​ភាព​ជា​រដ្ឋ​ដែល​លោក Zelenskyy ​បាន​បង្កើត​កាលពី​ឆ្នាំ​មុន​ ហើយ​អ៊ុយក្រែន​បាន​ប្រារព្ធ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជា​លើក​ទីមួយ។​

លោក​ Kuleba បាន​ប្រាប់​ទូរទស្សន៍​អ៊ុយក្រែន​ថា៖ ​«រុស្ស៊ី ​ដោយ​មាន​ជំនួយ​ពី​មីស៊ីល​ កំពុង​បង្កើន​ការ​សង​សឹក​ចំពោះ​ការ​តស៊ូ​ដ៏​ស្វិតស្វាញ​របស់​ប្រជា​ពលរដ្ឋ​អ៊ុយក្រែន ​គឺប្រាកដ​ណាស់​ ដោយ​សារ​តែ​ភាព​ជា​រដ្ឋ​របស់​ពួក​គេ។ ​អ៊ុយក្រែន​បាន​បំបែក​ផែនការ​របស់​រុស្ស៊ី​រួច​ហើយ​ ហើយ​នឹង​បន្ត​ការពារ​ខ្លួន»។

អភិបាល​តំបន់ Chernihiv ​លោក​ Vyacheslav Chaus ​បាន​រាយ​ការណ៍​ថា​ រុស្ស៊ី​ក៏​បាន​បាញ់​កាំជ្រួច​ពី​ប្រទេស​បេឡារុស​ ដែល​នៅ​ជិត​ខាង​អ៊ុយក្រែន ​ទៅ​លើ​ភូមិ ​Honcharivska។​ តំបន់ ​Chernihiv​ មិន​មែន​ជា​គោលដៅ​វាយ​ប្រហារ​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​មក​ហើយ។​
រុស្ស៊ី​បាន​ដក​ខ្លួន​ចេញ​ពី​តំបន់​កៀវ ​និង​ Chernihiv​ កាលពី​ប៉ុន្មាន​ខែ​មុន​ បន្ទាប់​ពី​បរាជ័យ​មិន​អាច​ដណ្តើម​យក​តំបន់​ណាមួយ ​ឬ ​មិន​អាច​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក Zelenskyy។ ​ទន្ទឹម​នឹង​នេះ​ដែរ​ អ៊ុយក្រែន​បាន​និយាយ​ថា ​ខ្លួន​បាន​បើក​ការ​វាយ​លុក​ដណ្តើម​យក​តំបន់​ Kherson ដែល​រុស្ស៊ី​បាន​កាន់កាប់​តាំងពី​ពេល​ចាប់​ផ្តើម​សង្គ្រាម ​ដោយ​កាលពី​ថ្ងៃពុធ​បាន​បំផ្លាញ​ស្ពាន​សំខាន់​មួយ​ឆ្លង​ទន្លេ ​Dnieper។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយក្រែន​បាន​ដក​ស្រង់​សម្តី​លោក​ Oleksiy Arestovych​ ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន​ ដោយ​និយាយ​ថា​ កងកម្លាំង​របស់​ទីក្រុង​កៀវ​គ្រោង​នឹង​ធ្វើ​ឱ្យ​កងទ័ព​រុស្ស៊ី​នៅ​ទីនោះ​ឯកោ​ ​ហើយ​ទុក​ជម្រើស​បី​ឱ្យ​ពួកគេ​គឺ​ «ដកថយ ​ប្រសិន​បើ​អាច​ធ្វើ​បាន ​ចុះ​ចាញ់​ ឬ​ត្រូវ​កម្ទេច​ចោល»។ ​លោក ​Oleksiy Danilov​ លេខាធិការ​ក្រុម​ប្រឹក្សា​សន្តិសុខ ​និង​ការពារជាតិ​អ៊ុយក្រែន ​បាន​ព្រមាន​ថា ​រុស្ស៊ី​កំពុង​បង្កើន​កម្លាំង​នៅ​ក្នុង​តំបន់​ Kherson​ ដោយ​និយាយ​ថា «ចលនា​កងទ័ព​ដ៏ធំ​របស់​ពួក​គេ​បាន​ចាប់​ផ្តើម​ហើយ»។​

យោធា​អង់គ្លេស​បាន​វាយ​តម្លៃ​ថា​ អ៊ុយក្រែន​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​ផ្តល់​ដោយ​លោក​ខាងលិច​ថ្មីៗ​នេះ​ ​ដើម្បី​បំផ្លាញ​យ៉ាងហោច​ណាស់​ស្ពាន​ចំនួន​បី​ឆ្លង​កាត់​ទន្លេ Dnieper​ ដែល​រុស្ស៊ីដឹក​សម្ភារៈ​ផ្គត់ផ្គង់​ឆ្លងកាត់​ទៅ​ឱ្យ​កងកម្លាំង​របស់​ខ្លួន។ ​ការវាយ​តម្លៃ​ប្រចាំ​ថ្ងៃ​របស់​ក្រសួង​ការពារជាតិ​អង់គ្លេស​បាន​និយាយ​ថា​ ទីក្រុង​ Kherson ​ឥឡូវនេះ​ត្រូវ​បាន​កាត់ផ្តាច់​ចេញ​ពីទឹក​ដី​ផ្សេង​ទៀត​ដែល​រុស្ស៊ី​កាន់កាប់។​

មន្ត្រី​រុស្ស៊ី​បាន​និយាយ​ថា ​កងកម្លាំង​របស់​ខ្លួន​នឹង​ប្រើប្រាស់​មធ្យោបាយ​ផ្សេង​ទៀត​ដើម្បី​ឆ្លង​ កាត់​តំបន់​ដែលស្ពាន​រងការ​ខូចខាត ​រួមទាំង​ស្ពាន​បណ្តែត​ទឹក ​និង​សាឡាង​ផង​ដែរ។ ​ទីប្រឹក្សា​របស់​លោក​ Zelenskyy គឺ​លោក​ Arestovych ​បាន​ទទួល​ស្គាល់​ថា ​កងកម្លាំង​រុស្ស៊ី​បាន​កាន់កាប់​រោងចក្រ​ថាមពល​ធំ​ជាង​គេទីពីរ​របស់​អ៊ុយក្រែន។​ ទោះ​ជាយ៉ាង​ណាក៏​ដោយ​ លោក​បាន​និយាយ​ថា ​«ការ​ចូល​កាន់កាប់​របស់​រុស្ស៊ី​នេះ​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​ដ៏​តូច»​ប៉ុណ្ណោះ​សម្រាប់​រុស្ស៊ី៕​

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន The Associated Press ​ និង​ Reuters