ការវាយប្រហារដោយមីស៊ីលរុស្ស៊ីយករដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនជាទីដៅនាំឱ្យ មនុស្សយ៉ាងតិចណាស់៤៥នាក់ត្រូវរបួសនៅថ្ងៃពុធនេះ នៅពេលលោកប្រធានាធិបតី Volodymyr Zelenskyy សុំឱ្យពួកមន្ត្រីអាមេរិកយល់ព្រមផ្តល់ជំនួយថ្មីចំនួន៦១ពាន់លានដុល្លារដើម្បីជួយប្រទេសលោកប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថាកងការពារដែនអាកាសប្រទេសអ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីល ballistic ១០គ្រាប់ដែលបាញ់ដោយរុស្ស៊ី។
លោក Vitaly Klitschko អភិបាលក្រុងកៀវបាននិយាយថាកម្ទេចមីស៊ីលត្រូវបាញ់ទម្លាក់បានធ្វើឱ្យខូចខាតមន្ទីរពេទ្យកុមារមួយនិងប្រព័ន្ធទឹកក្រុងនេះ។ លោក Serhiy Popko ប្រធានរដ្ឋបាលយោធាក្រុងកៀវបានថ្លែងថាកម្ទេចមីស៊ីលរុស្ស៊ីក៏បានធ្លាក់ចំផ្ទះមួយចំនួនផងដែរ។
លោក Zelenskyy បានថ្លែងនៅថ្ងៃពុធនេះតាមបណ្តាញសង្គមថា«ប្រទេសរុស្ស៊ីបានបង្ហាញឱ្យឃើញម្តងទៀតថាជាប្រទេសសាហាវយង់ឃ្នងដែលបាញ់មីស៊ីលនៅពេលយប់ឱ្យចំតំបន់អ្នកស្រុករស់នៅ កន្លែងថែទាំកុមារនិងកន្លែងថាមពលនៅពេលរដូវធ្លាក់ទឹកកក។ នឹងមានការតបត ដោយពិតប្រាកដ»។
លោក Zelenskyy បានបន្ថែមថាលោកនិងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានយល់ស្របឱ្យមានកំណើនប្រព័ន្ធដែនអាកាសអ៊ុយក្រែននិងថារុស្ស៊ីបាន«បង្ហាញឱ្យឃើញថាតើសេចក្តីសម្រេចនេះសំខាន់បែបណា»។
កាលពីថ្ងៃអង្គារ រដ្ឋបាលលោក Biden បានប្រកាសផ្តល់ជំនួយយោធាថ្មីរហូតដល់២០០លានដុល្លារ មានរួមមីស៊ីលការពារដែនអាកាសនិងគ្រឿងបន្លាស់សម្រាប់អ៊ុយក្រែនពីខ្ទង់ថវិកាដែលបានយល់ព្រមពីពេលមុន។
សេចក្តីប្រកាសនេះមានឡើងនៅពេលលោក Zelenskyy ប្រើទស្សនកិច្ចរបស់លោកនៅក្រុងវ៉ាស៊ីនតោនដើម្បីសុំជំនួយថ្មីចំនួន៦១ពាន់លានដុល្លារដើម្បីជួយបុព្វហេតុសង្គ្រាមរបស់ប្រទេសលោកនៅពេលសភាអាមេរិកសម្រេចអំពីបញ្ហានេះ៕