ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​ ចំ​ទីក្រុង​ Mykolaiv​


រូបថត​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​អ៊ុយក្រែន កាល​ពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​បង្ហាញ​ពី​អ្នក​ជួយ​សង្គ្រោះ​ពន្លត់​អគ្គិភ័យ​នៅ​អគារ​លំនៅដ្ឋាន​មួយ​​នៅ​កណ្តាល​ក្រុង Mykolaiv ប្រទេស​អ៊ុយក្រែន​ ដែល​រង​ការ​វាយប្រហារ​មីស៊ីល​ពី​រុស្ស៊ី។
រូបថត​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​អ៊ុយក្រែន កាល​ពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​បង្ហាញ​ពី​អ្នក​ជួយ​សង្គ្រោះ​ពន្លត់​អគ្គិភ័យ​នៅ​អគារ​លំនៅដ្ឋាន​មួយ​​នៅ​កណ្តាល​ក្រុង Mykolaiv ប្រទេស​អ៊ុយក្រែន​ ដែល​រង​ការ​វាយប្រហារ​មីស៊ីល​ពី​រុស្ស៊ី។

ក្រុម​មន្ត្រី​នៅ​ភាគខាងត្បូង​អ៊ុយក្រែននិយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា​ រុស្ស៊ី​បាន​វាយប្រហារ​ ​តាម​អាកាស​នៅ​ពេល​យប់ ទៅ​លើទី​ក្រុង​កំពង់ផែ​ Mykolaiv​ ដោយ​ធ្វើ​ឱ្យ​មនុស្សយ៉ាង​ហោចណាស់​១៨​នាក់​រងរបួស។​

អភិបាល​តំបន់​លោក​ Vitaliy Kim​ ​និយាយ​នៅ​លើ​បណ្តាញ​តេឡេក្រាម​ថា​ ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​នេះបានត្រូវ​ចំកណ្តាល​ក្រុង​ ហើយ​អ្នក​របួស​ក៏​រួម​មាន​កុមារ​៥នាក់​ផង​ដែរ។​ ​

លោក​ Kim បន្ថែម​ថា​ មនុស្ស​២​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​គំនរ​បាក់បែក។​ ​

អភិបាល​ក្រុង ​Mykolaiv លោក​ Oleksandr Snkevych និយាយ​ថា​ ការ​វាយប្រហារ​នេះ​បាន​ធ្វើ​ឱ្យ​ខូចខាត​អគារខ្ពស់ៗ​យ៉ាង​តិច​ណាស់​ក៏ចំនួន​៥​ដែរ​ ​ ហើយ​រោង​ចត​រថយន្តមួយ​ចំនួន​ក៏​រង​ការ​ខូចខាតដែរ។​

ដោយ​ឡែក​នៅ​ក្នុង​ទីក្រុង​កំពង់ផែ​ Odesa ​ឯណោះ​វិញ​ ក្រុម​មន្ត្រី​អ៊ុយក្រែន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​វាយប្រហារតាម​អាកាស​មួយ​របស់រុស្ស៊ី​ ក៏​បាន​ធ្វើ​ឱ្យមនុស្ស​២នាក់​រងរបួស​ និង​ខូចអគារមួយ​ខ្នង។

កងកម្លាំង​រុស្ស៊ី​បាន​យក​ទីក្រុង​កំពង់​ផែ Odesa​ និង​ទីក្រុង Mykolaiv ធ្វើ​ជាគោលដៅ​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន​ជា​ច្រើន​លើកក្នុង​សប្តាហ៍​នេះ។​ ​

ទន្ទឹម​នឹង​នេះ​ក្រុម​មន្ត្រី​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​រុស្ស៊ី​នៅ​ក្នុង​តំបន់​ Crimea និយាយ​ថា​ ​ការ​វាយ​ប្រហារ​តាមដ្រូន​របស់​អ៊ុយក្រែន បាន​សម្លាប់​មនុស្ស​ម្នាក់​ និង​ធ្វើ​ឱ្យ​ខូចខាតអគាររដ្ឋបាល​ជា​ច្រើន​កន្លែង​នៅ​តំបន់​ភាគ​ពាយ័ព្យនៃ​ឧបទ្វីប​ Crimea។​ ​

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ​ ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បានប្រកាស​សេចក្តី​ព្រមាន​ថ្មី​មួយដល់​នាវាផ្ទុកទំនិញនានា​ ដែល​ត្រូវចូល​មក​កំពង់ផែ​អ៊ុយក្រែន​ គឺ​២​ថ្ងៃ​ក្រោយ​ពី​រុស្ស៊ីបាន​ប្រកាស​លុប​ចោលកិច្ចព្រម​ព្រៀង​ ដែល​អនុញ្ញាត​ឱ្យ​មាន​ការដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន​ ឆ្លង​កាត់​តាម​សមុទ្រ​ខ្មៅ។​

សេចក្តី​ថ្លែងការណ៍​នោះ​ ដែល​ត្រូវ​បានផ្សព្វផ្សាយ​លើ​បណ្តាញ​តេឡេក្រាមនិយាយ​ថា​ ​ចាប់​ពីពាក់​កណ្តាល​អាធ្រាតចូល​ថ្ងៃ​ទី​២០​ខែ​កក្កដា​នេះ​តទៅ​ ​រាល់​នាវា​ទាំង​អស់​ ដែលស្ថិត​នៅ​ក្នុង​សមុទ្រ​ខ្មៅ​ ​ឆ្ពោះ​ទៅ​កាន់​កំពង់ផែ​អ៊ុយក្រែន​ នឹង​ត្រូវ​ចាត់ទុក​ថា ជា​នាវា​ដឹកជញ្ជូន​សម្ភារៈ​យោធា»។
សេចក្តី​ថ្លែងការណ៍នេះ​បន្ត​ទៀត​ថា​ «ប្រទេស​ដែល​ជា​ម្ចាស់​នាវា​ទាំង​នេះ​នឹង​ត្រូវ​ចាត់​ទុក​ថា​ បាន​ចូលរួម​នៅ​ក្នុង​ជម្លោះ​និង​គាំទ្រ​របប​ក្រុងកៀវ​របស់​អ៊ុយក្រែន»៕

អ្នកឆ្លើយឆ្លង​ព័ត៌មាន​សន្តិសុខ​ជាតិ​របស់​ VOA លោក Jeff Seldin ​ អ្នកឆ្លើយឆ្លង​ព័ត៌មាន​ VOA ប្រចាំ​មន្ទីរ​បញ្ចកោណ​ អ្នកស្រី​Carla Babb ​និង​អ្នកស្រី​ Anna Chernikova ​នៃ​ VOA ​នៅ​ទីក្រុង Kyiv បាន​ចូលរួម​ចំណែក​ក្នុង​សេចក្តី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​ដក​ស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press, Agence France-Presse និង Reuters ។

XS
SM
MD
LG