រុស្ស៊ីបានរងការបាត់បង់ធនធានមនុស្សនិងសម្ភារៈយ៉ាងច្រើននៅក្នុងប្រទេសអ៊ុយក្រែន ហើយកងទ័ពរបស់ខ្លួននឹងមានភាពទន់ខ្សោយពីក្នុងសង្គ្រាមនោះ។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់មួយរូប ដែលបាននិយាយក្នុងបទសម្ភាសន៍មួយ ចេញផ្សាយនៅថ្ងៃសុក្រនេះ ហើយត្រូវបានស្រង់ផ្សាយបន្តដោយទីភ្នាក់ងារព័ត៌មាន AFP។
បទសម្ភាសន៍នេះកើតមានឡើង ខណៈដែលរដ្ឋាភិបាលក្រុងកៀវកំពុងធ្វើការប្រយុទ្ធ ដើម្បីរក្សាការគាំទ្រពីប្រទេសលោកខាងលិច នៅក្នុងសង្គ្រាមប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដែលបានចូលឈ្លានពានប្រទេសខ្លួន តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ មក។
លោក Christian Freuding អ្នកមើលការខុសត្រូវលើការគាំទ្ររបស់កងទ័ពអាល្លឺម៉ង់សម្រាប់រដ្ឋាភិបាលក្រុងកៀវបានប្រាប់កាសែត Sueddeutsche Zeitung ថា៖ «អ្នកដឹងទេបើយោងលើតួលេខចារកម្មបស្ចឹមប្រទេសបង្ហាញថា កងទ័ពរុស្ស៊ី ៣សែននាក់ បានស្លាប់និងរងរបួសក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន ហើយរុស្ស៊ីមិនអាចប្រមូលកម្លាំងបានទៀតឡើយសម្រាប់ធ្វើសង្គ្រាម»។
របាយការណ៍ចារកម្មមួយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបែកធ្លាយកាលពីខែមុន បានបង្ហាញថា កងទ័ពរុស្ស៊ីចំនួន ៣សែន ១ម៉ឺន ៥ពាន់នាក់ បានស្លាប់និងរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមចាប់ផ្តើមមក។
លោក Freuding ដែលជាទីប្រឹក្សាដ៏សំខាន់ម្នាក់របស់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ផងដែរនោះ បានបន្ថែមទៀតថា៖ «រុស្ស៊ីបានបាត់បង់យុទ្ធជននិងសម្ភារៈយោធារបស់ខ្លួនក្នុងចំនួនដ៏ច្រើន»។
លោកថ្លែងបន្ថែមថា រុស្ស៊ីក៏ត្រូវបានគេជឿជាក់ផងដែរថា បានបាត់បង់រថគ្រោះនិងរថពាសដែកប្រយុទ្ធអស់រាប់ពាន់គ្រឿងផងដែរ។ លោកបន្តទៀតថាកងកម្លាំងរុស្ស៊ីនឹងចុះខ្សោយពីសង្គ្រាមនេះទាំងផ្នែកសម្ភារៈនិងកម្លាំងប្រយុទ្ធ។
បើទោះបីជាយ៉ាងនេះក្តី ក៏មន្ត្រីយោធាជាន់ខ្ពស់អាល្លឺម៉ង់រូបនេះនិយាយថា រុស្ស៊ីនៅតែអាចបន្តការរើសកងទ័ពថ្មីៗដែលរួមមានទាំងការប្រើប្រាស់អ្នកទោសផងដែរ។ លោកបន្តទៀតថា៖ «ជាការពិតហើយយើងឃើញមានការធ្វើវិនិយោគយ៉ាងខ្លាំងលើឧស្សាហកម្មអាវុធ»។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីពេលថ្មីៗនេះនិយាយថា រដ្ឋាភិបាលក្រុងមូស្គូ បានជ្រើសរើសកងទ័ពស្ម័គ្រចិត្តថ្មីប្រមាណ ៤សែន ៨ម៉ឺន ៦ពាន់នាក់ ក្នុងឆ្នាំ ២០២៣ ហើយកិច្ចប្រឹងប្រែងនេះគឺដើម្បីបង្កើនកម្លាំងយោធាឱ្យកាន់តែខ្លាំងឡើងក្នុងឆ្នាំ ២០២៤៕