កងកម្លាំង​រុស្សីបាន​បាញ់​ផ្លោង​ដាក់​ទីក្រុង​អ៊ុយក្រែន​មួយ​ទៀត​​ ​ហើយ​រដ្ឋធានី​កៀវ​​ក្លាយ​ជា​បន្ទាយសម្រាប់​​​ការពារ​មួយ

ក្រុមអ្នកជួយសង្គ្រោះធ្វើការនៅអគារដែលរងការខូចខាតដោយការវាយប្រហារតាមអាកាស ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តនៅក្នុងទីក្រុង Dnipro ប្រទេសអ៊ុយក្រែន ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

ការបាញ់​ផ្លោង​របស់​រុស្ស៊ី បានត្រូវចំ​ជន​ស៊ីវិលនៅ​ទីក្រុងDniproភាគ​កណ្តាល​នៃ​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​សុក្រ​នេះខណៈ​ដែល​កង​កម្លាំង​រុស្ស៊ី កំពុងរុលខិត​កាន់​តែ​ជិត​ទៅ​កាន់​រដ្ឋធានី​កៀវ​របស់អ៊ុយក្រែន​ដែល​មន្ត្រីនានា​និយាយ​ថា ទីក្រុង​នេះ​ត្រូវ​បាន​ប្រែក្លាយ​ទៅ​ជា​បន្ទាយដើម្បី​ការពារ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ជន​ស៊ីវិល​រាប់ម៉ឺននាក់ បានជាប់គាំង​និង​ស្ថិត​ក្រោមការវាយ​ប្រហារនៅ​ក្នុង​ទីក្រុង​នានា​របស់​អ៊ុយក្រែន​ដែល​រួមមាន​ទីក្រុងMariupolដែល​ស្ថិត​ក្នុង​ការឡោមព័ទ្ធ ក្រោយពី​ការចរចារ​លើក​ទី១រវាង​ប្រមុខ​ការទូតរុស៊្សី​និង​អ៊ុយក្រែន​ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ ដោយ​ពុំ​មាន​លទ្ធផល​អ្វី​នោះ។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ យន្តហោះ​ចម្បាំង​រុស្ស៊ី បាន​ធ្វើ​អ្វី​ដែល​ហាក់​ដូចជា​ការវាយ​ប្រហារ​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​ទៅ​លើ​ទីក្រុង Dnipro ដោយ​បាន​សម្លាប់​មនុស្ស​ម្នាក់។

ការវាយ​ប្រហារ​តាម​យន្តហោះចំនួន៣លើក បាន​ត្រូវចំ​មតេយ្យ​សាលា​មួយ​កន្លែង អគារ​លំ នៅ​ដ្ឋាន​និង​រោង​ចក្រ​ស្បែក​ជើង។ នេះ​បើ​តាម​ការឲ្យ​ដឹង​របស់ផ្នែក​សេវា​សង្គ្រោះ​បន្ទាន់។

នៅ​ទីកន្លែង​ផ្សេងៗ​ទៀត កង​ទ័ព​អ៊ុយក្រែន បាន​ព្រមាន​ថា «សត្រូវ​កំពុងព្យាយាមបំផ្លាញ​កម្លាំង​ការពាររបស់​អ៊ុយក្រែន» នៅ​ក្នុង​តំបន់​នានា​នៅ​ភាគ​ខាង​លិច​និង​ពាយ័ព្យ​នៃរដ្ឋធានី​កៀវ​ដើម្បី​បិទ​ខ្ទប់ទីក្រុង​មួយ​នេះ។

កង​កម្លាំង​អ៊ុយក្រែន បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា «យើង​មិន​អាចទប់ទល់​នឹងការចល័តទីរបស់​សត្រូវ​ពី​ទិស​ខាង​កើត​ឆ្ពោះ​ទៅ​កាន់​ទីក្រុង Brovary នោះ​ឡើយ។

អភិបាល​រដ្ឋធានី​កៀវ​លោកVitali Klitschko បាន​និយាយ​ថា ពលរដ្ឋ​ពាក់​កណ្តាល​នៅ​រដ្ឋធានីនេះ បាន​ចាក​ចេញហើយ​រដ្ឋធានី​នេះ បាន​ប្រែក្លាយ​ទៅជា​បន្ទាយ​យោធាសម្រាប់​ការពារ»។

លោក និយាយ​ទៀត​ថា «គ្រប់ផ្លូវ​ចេញ​ចូល​ទាំង​អស់ គ្រប់​អគារ​ទាំង​អស់​និង​គ្រប់​ទីកន្លែង​ឆែកឆេរ​នានា​ត្រូវបាន​ពង្រឹង​កម្លាំង​ការពារ​រួច​ហើយ»។

កង​កម្លាំង​រុស្ស៊ី​នៅ​ពេ​នេះ កំពុង​ឡោមព័ទ្ធ​ទីក្រុង​សំខាន់ៗ​យ៉ាង​តិចណាស់​ក៏៤ដែរ​ហើយ​កង​រថពាស​ដែក​រុស៊្សី បាន​រុលទៅ​មុខទៅកាន់មាត់​ច្រក​ចូល​រដ្ឋធានី​កៀវពី​ទិស​ឦសាន្ត​ដែល​នៅ​ទីនោះ​តំបន់ជាយ​ក្រុង Irpin និង Bucha បាន​ទទួល​រងនូវ​ការបាញ់​ផ្លោងយ៉ាង​ធ្ងន់ធ្ងរអស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃមក​ហើយ។

ទាហាន​អ៊ុយក្រែន បានពណ៌នាពី​ការវាយ​ប្រហារ​យ៉ាង​ខ្លាំង​ដើម្បី​ត្រួត្រា​ផ្លូវជាតិ​ដ៏​សំខាន់មួយ​ឆ្ពោះ​ទៅកាន់​រដ្ឋធានី​កៀវ​ហើយអ្នក​យកព័ត៌មាន​របស់ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ឃើញ​ការ វាយ​ប្រហារ​កាំជ្រួចមីស៊ីល​ក្នុង​តំបន់​ទីប្រជុំជន Velyka Dymerka ដែល​នៅជាប់​នឹងរដ្ឋធានី​កៀវ។

ពលរដ្ឋ​អ៊ុយក្រែន​ម្នាក់​ ឈ្មោះ Vasyl Popov អាយុ​៣៨ ឆ្នាំ​ និង​ជា​អ្នក​ឃោសនា​ពាណិជ្ជកម្ម​ បាន​និយាយ​ ថា​ «វា​គួ​ឲ្យ​ខ្លាច​ណាស់​ ប៉ុន្តែ​តើ​យើង​អាច​ធ្វើ​អ្វី​បាន?​ យើង​មិន​មាន​កន្លែង​ត្រូវ​រត់​ឬ​ពួននោះ​ឡើយ។ យើង​រស់​នៅ​ទី​នេះ»។

ក្រសួង​ការពារ​ជាតិ​អង់គ្លេស បាន​និយាយ​នៅ​ក្នុងរបាយការណ៍​ស៊ើបការណ៍​របស់​ខ្លួន​ថា«កង កម្លាំង​រុស៊្សី កំពុង​បន្ថែម​ចំនួន​ទ័ព​ដើម្បី​ឡោមព័ទ្ធទីក្រុង​សំខាន់​នានា»។

ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ បាន​ប៉ាន់ស្មាន​ថា មាន​ជនភៀស​ខ្លួន​អ៊ុយ ក្រែន​ប្រមាណ២លាន៣សែន​នាក់​បាន​រត់គេចចេញ​ពី​ប្រទេស​អ៊ុយក្រែន​ចាប់តាំង​ពី​រស្ស៊ី​ចូលឈ្លាន​ពាន​ប្រទេស​នេះ​កាល​ពី​ថ្ងៃទី​២៤​មក ហើយមាន​មនុស​ប្រមាណ១លាន៩សែន​នាក់​ទៀត​គ្មាន​ទីកន្លែង​រស់នៅ​ក្នុងប្រទេស។

បើ​តាម​មន្ត្រី​ទំនាក់​ទំនង​ផ្នែក​សិទ្ធិមនុស្ស​របស់​សភា​អ៊ុយក្រែនលោក​ស្រីLyudmyla Denisova បាន​ឲ្យ​ដឹង​ថា មាន​កុមារយ៉ាង​ហោចណាស់​ក៏៧១​នាក់​ដែរ ត្រូវ​បាន​សម្លាប់​ហើយ​ជាង១០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ចាប់​តាំង​ពី​សង្គ្រាម​ឈ្លានពានរបស់​រុស្ស៊ី​ចាប់​ផ្តើម​មក៕