វិបត្តិ​ហិរញ្ញវត្ថុ​របស់​ប្រទេស​រុស្ស៊ី ​បាន​ប៉ះ​ពាល់​ពលរដ្ឋ​សាមញ្ញ​

លោក​នាយករដ្ឋមន្ត្រី​​ Dmitry Medvedev (ខាងឆ្វេង)​និង​លោក​ Vladimir Putin ប្រធានាធិបតី​ប្រទេស​រុស្ស៊ី​​​ដើរ​​ជាមួយ​គ្នា​នៅតំបន់ Tver។​

ការ​ដួល​រលំ​រូបីយ៍​ប័ណ្ណ​របស់​រុស្ស៊ី​បាននាំ​ឲ្យ​មាន​ការ​បង្កើន​នូវ​ការ​បង់​ប្រាក់​តម្លៃផ្ទះ​សម្បែងសម្រាប់​ប្រជា​ពលរដ្ឋ​សាមញ្ញ​រុស្ស៊ី​ខ្លះដែល​កំពុង​បង់​ប្រាក់​រំលោះ​ដែល​ផ្អែក​លើ​រូបី​យ៍បណ្ណ​បរទេស។​ ពួក​អ្នកវិភាគ​បាន​ទស្សន៍​ទាយ​ថា​ ​ប្រទេស​រុស្ស៊ី​នឹង​ធ្លាក់​ចូល​ក្នុង​ការ​មិន​រីក​ចម្រើន​សេដ្ឋ​កិច្ច ​នៅ​ពេល​ណា​មួយ​ នៅ​ឆ្នាំ​ក្រោយ​ដោយ​សារ​តម្លៃ​ថាមពល​ធ្លាក់ចុះ​ហើយ​នឹង​ការ​ដាក់​ទ័ណ្ឌកម្ម​សេដ្ឋ​កិច្ច​របស់​ប្រទេស​លោក​ខាង​លិច​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូចំពោះ​ការ​ជ្រៀត​ជ្រែក​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយ​ក្រែន។​

អ្នកស្រី ​Yevgenia Syomina ​និង​លោក​ Alexei Krasnov ​រស់​នៅ​ជាមួយ​កូន​២​នាក់​នៅ​ក្នុង​បន្ទប់​នៃ​អាគារ ​Apartment ​ក្នុង​ទី​ក្រុង​ម៉ូស្គូ​ដែល​គេ​ទិញ​កាល​ពី​៦ឆ្នាំ​មុន​តាម​រយៈក្រុម​ហ៊ុន​ផ្តល់​ប្រាក់​កម្ចី​បរទេសមួយ។​ ពី​ព្រោះ​តម្លៃ​ប្រាក់​រុស្ស៊ី​បាន​ធ្លាក់​ចុះ​ ​ហើយ​បាន​បង្ខំ​ឲ្យ​ក្រុម​គ្រួសារ​នេះ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ផែនការ​ចំណាយរបស់​ពួក​គាត់​ មុនពេល​រដូវ​ឈប់​សម្រាក។​

«ទើប​តែ​កាល​ពី​ម្ស៉ិល​មិញ ​យើង​បាន​អង្គុយ​ជាមួយ​ប្រពន្ធ​របស់​ខ្ញុំ​ ហើយ​បាន​ពិភាក្សាពី​អ្វី​ដែល​ត្រូវ​ធ្វើ​សម្រាប់​អំណោយ​នៅ​បុណ្យ​ឆ្នាំថ្មី​នេះ? ​ប្រហែល​យើង​ មិន​ផ្តល់អំណោយ​ឲ្យ​នរណាទេ។​ ​បន្ទាប់​ពី​រៀប​ចំ​ផែនការ​ហិរញ្ញវត្ថុ​របស់​គ្រួសារ ​យើង​ យើង​យល់​ថា ​ការ​បង់​ប្រាក់ផ្ទះ​សម្បែង​របស់​យើងបាន​កើន​ឡើង​យ៉ាង​ហោច​ណាស់​ក៏​ទ្វេ​ដង​ឬច្រើ​ន​ជាង​នេះ ​ហើយ​បាន​ប៉ះ​ពាល់​ប្រាក់របស់​យើង​យ៉ាង​ខ្លាំង»។​

គ្រួសារ​នានា​ភ័យ​ខ្លាច​ថា ​វា​អាច​កាន់​តែ​អាក្រក់​ឡើងៗ។ ​លោក​ Alexei ​ធ្វើ​ការ​នៅ​ធនាគារ​ហើយ​មាន​ការ​ព្រួយ​កង្វល់ថា​ ​លោក​ប្រហែល​បាត់​បង់​ការងារ​របស់​លោក​ ​នៅពេល​ដែល​មាន​វិបត្តិ​ធនាគារ​របស់​រុស្ស៊ី។​

«យើង​មាន​ការ​បញ្ឈប់ពីការ​ងារ​យ៉ាង​ច្រើន​រួច​ទៅ​ហើយ​ ​ហើយ​ពួក​គេ​ព្រមាន​ថា ​នៅ​ខែ​ក្រោយ ឬ​ក្នុង​រយៈ​ពេល​៣​ ឬ​៤​ខែ​ខាង​មុខ​នឹង​មាន​ការ​កាត់​បន្ថយ​ការងារ​ច្រើន​ទៀត។​ ​ជាការណ៍​ពិត ​យើង​មាន​អារម្មណ៍​ថា ​យើង​មាន​អស្ថិរភាព។ ​ហើយ ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា វា​នឹង​ប៉ះ​ពាល់ដល់​ក្រុម​គ្រួសារ​យើង​ដូច​ម្តេច?»​

បញ្ហា​មួយ​ដែល​ក្រុម​គ្រួសារ​ដឹង​ពិត​ប្រាកដ​គឺថា ​ពួកគេ​មិន​អាច​លក់អគារ​ Apartment ​ទេ ​ពី​ព្រោះ​តែ​តម្លៃ​ទីផ្សារ​បាន​ធ្លាក់​ចុះ។​

«យើង​ចង់មាន​កូនទី​៣។ ​ក៏ប៉ុន្តែ ​យើង​មិន​អាច​លៃលក​ប្រាក់​ដើម្បី​មាន​កូន​មួយ​ទៀត​នៅ​ក្នុង​អគារ ​Apartment ​នេះ​ទេ ​ហើយ​យើង​មិន​អាច​រើ​ចេញពី​នេះ​ទេ ពី​ព្រោះបំណុល​ផ្ទះ​សម្បែង​នឹង​មិន​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ដូច្នេះ​បាន»។​

លោក ​Alexei Kudrin​ អតីត​រដ្ឋ​មន្រ្តីក្រសួង​ហិរញ្ញ​វត្ថុ​ ​បាន​ផ្តល់ព័ត៌មានអាក្រក់​បន្ថែម​ទៀត​កាល​ពី​ថ្ងៃ​ច័ន្ទ។​

«ជា​លើក​ទី​មួយ​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០០០​នៅ​ក្រោម​ការ​ដឹកនាំរបស់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​ និង​នាយករដ្ឋ​មន្រ្តី​ Medvedev ​ប្រាក់​ចំណូល​គ្រួសារ​របស់​ប្រជា​ពលរដ្ឋ​សាម្មញធ្លាក់​ចុះ។​ បញ្ហា​នេះ​នឹង​កើត​ឡើង​នៅ​ឆ្នាំ​ក្រោយ​ទៀត»។​

លោក​ Kudrin ​បាន​និយាយ​ថា ​ការ​នាំ​ចូលរបស់​រុស្ស៊ី​នឹង​ធ្លាក់​ចុះ​៤០​ភាគរយនៅ​ឆ្នាំ​ក្រោយ ​ដែល​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំងលើ​គម្រោង​សាងសង់​និង​ការ​វិនិយោគ​ទុន​មួយ​ចំនួន។​ លោក​និយាយ​បន្ថែម​ទៀត​ថា​ ​ជម្លោះ​ដ៏ក្តៅងំក្នុង​ប្រទេស​អ៊ុយក្រែន​អាច​នាំ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​កាន់​តែ​ខ្លាំង​ឡើង​ ដែល​នឹង​ធ្វើឲ្យ​អន្តរាយ​ដល់​វិធានការ​របស់​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូដើម្បី​រារាំង​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច។​

ពួក​មន្រ្តី​រុស្ស៊ី​បាន​ស្តី​បន្ទោស​ប្រទេស​លោក​ខាង​លិចចំពោះ​វិបត្តិ​ហិរញ្ញវត្ថុ​នេះ។​

ក៏​ប៉ុន្តែ ​ពួក​អ្នក​វិភាគ​ខ្លះ​និយាយ​ថា​ ៣​ឆ្នាំ​ខាង​មុខ​ទៀត​នឹង​មាន​ការ​លំបាក​ខាង​សេដ្ឋ​កិច្ច​សម្រាប់​ប្រទេស​រុស្ស៊ី​ ​ទោះ​បី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ត្រូវលុប​ចោល​ក៏​ដោយ។​

«មូលហេតុ​សំខាន់​បំផុត​ចំពោះ​ការ​ធ្លាក់​ចុះ​ប្រាក់​រូប​នេះ​គឺការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង។​ ការ​នាំ​ចេញ​ប្រេង​និង​ឧស្ម័នរបស់​រុស្ស៊ីតំណាង​ឲ្យ​ផ្នែក​ដ៏​ធំមួយ​នៃ​សេដ្ឋ​កិច្ច​រុស្ស៊ី។​ វា​ប្រាកដ​ជា​ប៉ះពាល់​តុល្យភាព​នៃ​ការ​ចំណាយ​របស់រុស្ស៊ី​និង​សមត្ថភាព​របស់​រុស្ស៊ី​នៃ​ការ​នាំ​ទំនិញ​ចេញ»។​

និយ័តករ​រុស្ស៊ី​បាន​កាន់​កាប់ធនាគារ​នាំមុខ​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ហើយ​កំពុង​ផ្តល់​ប្រាក់​ជំនួយ​៥៤០​លាន​ដុល្លា​ដើម្បី​ជួយ​សង្គ្រោះ​ធនាគារ​កុំ​ឲ្យ​ក្ស័យ​ធន។ ធនាគារ​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​បាន​រាយ​ការណ៍ថា អ្នក​ទុក​ប្រាក់​ដ៏​ច្រើន​ក្នុង​ធនាគារ​ ​កំពុង​ដកប្រាក់​របស់​ខ្លួន​កាល​ពី​សប្តាហ៍​មុន ​ហើយ​អ្នក​ទុក​ប្រាក់​ក្នុង​ធនាគារខ្លះ​បាន​រាយ​ការណ៍ពី​ការ​ពិបាក​ដក​ប្រាក់​ពី​ធនាគារ។​ ធនាគារ​កណ្តាល ​បាន​បង្កើន​អត្រា​ការ​ប្រាក់​ពី​១០​ភាគ​រយ​ទៅ​១៧​ភាគ​រយ​ដើម្បី​ធ្វើ​ឲ្យ​រូបិយ៍បណ្ណ​មាន​ស្ថិរភាព៕​

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន