រុស្ស៊ីនិងស៊ីរីបានចាប់ផ្តើមការវាយប្រហារតាមអាកាសកាលពីថ្ងៃសៅរ៍ ទៅលើទីតាំងចុងក្រោយរបស់ពួកឧទ្ទាមនៅក្នុងខេត្ត Idlib នៃប្រទេសស៊ីរីដោយបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់៤នាក់នៅក្នុងអ្វីដែលក្រុមឃ្លាំមើលសង្គ្រាមបាននិយាយថា ជាការវាយប្រហារដ៏ខ្លាំងបំផុតនៅក្នុងរយៈពេលមួយខែនេះ។
អង្គការសិទ្ធិមនុស្ស Syrian Observatory បាននិយាយថា យន្តហោះបានធ្វើការវាយប្រហារប្រហែល៦០ដងក្នុងរយៈពេលមិនដល់៣ម៉ោងផង ទៅលើទីតាំងដ៏រឹងមាំដែលមានពលរដ្ឋរស់នៅច្រើនក្នុងតំបន់ផ្នែកខាងត្បូង។
លោក Rami Abdel Rahman ប្រធានអង្គការសិទ្ធិមនុស្សនោះនិយាយថា ទីកន្លែងខ្លះរបស់ពួកជីហាដ និងពួកឧទ្ទាម បានប្រើប្រាស់នៅពេលដែលការវាយប្រហារនោះបានកើតមានឡើង។ លោក Rahman បាននិយាយទៀតថា ការវាយប្រហារនោះមាន លក្ខណៈខ្លាំងបំផុត ចាប់តាំងពីការទម្លាក់គ្រាប់បែកកាលពីថ្ងៃទី១០ ខែសីហា ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ក៏៥៣នាក់ដែរ រួមមានកូនក្មេងនៅក្នុងខេត្ត Idlib ហើយនឹងខេត្ត Aleppo នៅក្បែរនោះ។
ខេត្ត Idlib ហើយនឹងតំបន់ជិតខាងភាគច្រើនត្រូវបានត្រួតត្រាដោយក្រុមឧទ្ទាមប្រកួតប្រជើងគ្នាជាច្រើនរួមមានក្រុម Hayat Tahrir al-Sham ដែលជាសម្ព័ន្ធមិត្តមួយដែលដឹកនាំដោយអតីតក្រុមតស៊ូស៊ីរីនៃក្រុមភេរវកម្ម al-Qaida។
កាលពីថ្ងៃសៅរ៍ដែរ រុស្ស៊ីបាននិយាយថា ខ្លួនបានទទួលព័ត៌មានថា ពួកឧទ្ទាមស៊ីរីមានគម្រោងបង្កហេតុនៅក្នុងខេត្ត Idlib ដើម្បីធ្វើឲ្យមានភាពត្រឹមត្រូវដល់ការឆ្លើយតបមកពីប្រទេសលោកខាងលិច៕