រដ្ឋាភិបាលក្រុងម៉ូស្គូចង់ឲ្យកិច្ចចរចាជុំទីពីរអំពីប្រទេសស៊ីរីបង្កើតឲ្យកិច្ចព្រមព្រៀងមួយអំពីបញ្ជីពួកភេវជន ដែលធ្វើកិច្ចប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី។
ថ្លែងកាលពីថ្ងៃអង្គារនៅក្នុងក្រុង Sochi ប្រទេសរុស្សី លោករដ្ឋមន្ត្រីការបរទេសរុស្សី Sergei Lavrov បានមានប្រសាសន៍ថា បញ្ជីមួយបែបនេះជាការចាំបាច់ «ដើម្បីកុំឲ្យនរណាម្នាក់មានការសង្ស័យស្តីពីនិន្នាការរបស់ក្រុមប្រដាប់អាវុធមួយ ឬក្រុមប្រដាប់អាវុធមួយទៀត»។
ទីភ្នាក់ងារព័ត៌មានរដ្ឋនៃប្រទេសរុស្សីបានរាយការណ៍ថា លោក Lavrov បាននិយាយបន្ថែមថាជា «ការមិនអាច» ធ្វើចលនាទៅមុខបានទេបើគ្មាន «ការបំភ្លឺពេញលេញអំពីបញ្ហានេះ»។
លោក Lavrov បានមានប្រសាសន៍ថា នៅពេលណាកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយបានត្រូវប្រកាសជាមួយការចាប់ផ្តើមដំណើរការនយោបាយ «កិច្ចព្រមព្រៀងឈប់បាញ់គ្នានេះនឹងមិនត្រូវអនុវត្តជាមួយពួកអង្គការភេរវជនទេដែលនឹងត្រូវចាត់ទុកតទៅទៀតថាជា ទីដៅនៃការវាយប្រហារដោយត្រឹមត្រូវតាមច្បាប់»។
កិច្ចចរចាជុំទីពីរមានកំណត់នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍នៅក្នុងក្រុងវីយ៉ែន។ ស.រ.អា និងពួកបស្ចឹមប្រទេសឯទៀតៗបានធ្វើការវាយប្រហារតាមអាកាសដោយយកពួករដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ជាទីដៅនៃការវាយប្រហារ។ នៅពេលដែលរដ្ឋាភិបាលក្រុងម៉ូស្គូអះអាងថា យុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួននៅក្នុងប្រទេសស៊ីរីបានត្រូវតម្រង់ប្រឆាំងនឹងពួករដ្ឋឥស្លាមក៏ដោយ ក៏រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិយាយថា ការវាយប្រហារតាមអាកាសរបស់រុស្សីពី៨៥ទៅ៩០ភាគរយក្នុងប្រទេសស៊ីរីចាប់តាំងពីខែមុនមកបានត្រូវចំក្រុមមិនជ្រុលនិយម ដែលលប្រឆាំងនឹងប្រធានាធិបតីស៊ីរី Bashar al-Assad។
កាលពីថ្ងៃអង្គារ ក្រសួងការពារប្រទេសបារាំងបាននិយាយថា កងយន្តហោះប្រតិកម្មប្រយុទ្ធរបស់ខ្លួនបានវាយប្រហារលើកន្លែងប្រេងរបស់ពួករដ្ឋឥស្លាមនៅក្នុងផ្នែកខាងកើតនៃប្រទេសស៊ីរី៕