ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry និង​លោក Lavrov ពិភាក្សា​ពី​វិធីសាស្រ្ត​ឲ្យ​មាន​ការ​ចរចា​បន្ថែម​លើ​បញ្ហា​ស៊ីរី


លោក​ John Kerryរដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា. (រូប​ឆ្វេង) និយាយ​ទៅ​កាន់​លោក Segei Lavrov ​រដ្ឋ​មន្ត្រី​ការបរទេស​រុស្សី​ ក្នុង​ពេល​ថត​រូប​ មុន​កិច្ចប្រជុំ​នៅ ក្នុង​ទីក្រុង​វីយែន (Vienna) ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។
លោក​ John Kerryរដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា. (រូប​ឆ្វេង) និយាយ​ទៅ​កាន់​លោក Segei Lavrov ​រដ្ឋ​មន្ត្រី​ការបរទេស​រុស្សី​ ក្នុង​ពេល​ថត​រូប​ មុន​កិច្ចប្រជុំ​នៅ ក្នុង​ទីក្រុង​វីយែន (Vienna) ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។

កាល​ពី​ថ្ងៃសុក្រ​ លោក​ John Kerry រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា. និង​លោក Segei Lavrov ​រដ្ឋ​មន្ត្រី​ការបរទេស​រុស្សី​បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ពង្រីក​កិច្ចចរចា​ខាង​នយោបាយ​អន្តរជាតិ​អំពី​បញ្ហា​ប្រទេស​ស៊ីរី​ដោយ​បញ្ចូល​ទាំង​ក្រុម​ប្រឆាំង​និង​រដ្ឋាភិបាល Assad ផងដែរ នេះ​បើតាម​ការ​ប្រាប់​ឱ្យ​ដឹង​ដោយ​ក្រុម​មន្ត្រី​នៅ​ក្នុង​ក្រុង​មូស្គូ។

ក្រសួង​ការបរទេស​នៃ​ប្រទេស​រុស្សី​បាន​រាយការណ៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​លោក Lavrov និង​លោក Kerry ក៏​បាន​ពិភាក្សា​គ្នា​ដែរ​អំពី​ការ​ប្រយុទ្ធ​ពហុប្រទេស​ប្រឆាំង​នឹង​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម និង​អង្គការ​ជន​សកម្ម​ប្រយុទ្ធ​ឯ​ទៀតៗ​នៅ​ក្នុង​ភូមិ​ភាគ​មជ្ឈឹមបូព៌ា។

កាល​ពី​ពេល​មុន​នេះ​ក្នុង​ឆ្នាំនេះ ​ប្រទេស​រុស្សី​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចចរចា​ជាមួយ​ក្រុម​ប្រឆាំង​ធំ​ជាង​គេ​ក្នុង​ប្រទេស​ស៊ីរី​គឺ​ក្រុម​ចម្រុះ​ជាតិ​ស៊ីរី។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ឱ្យ​មាន​ការ​សន្ទនា​គ្នា​ជាមួយ​រដ្ឋាភិបាល​ស៊ីរី។

ក្រុម​ចម្រុះ​ជាតិ​ស៊ីរី​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​កិច្ចចរចា​រៀបចំ​ដោយ​ប្រទេស​រុស្សី​កាល​ពី​ខែកុម្ភៈ និង​ខែ​មេសា​ដែល​មិន​បាន​ធ្វើ​ឱ្យ​ស្ថានភាព​មាន​ភាព​ល្អ​ប្រសើរ​អ្វី​នោះ​ទេ។​

ក្រុម​មេដឹកនាំ​របស់​ក្រុម​ប្រឆាំង​នយោបាយ​ និង​ក្រុម​មេបញ្ជាការ​ពួក​ឧទ្ទាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​បាន​ខិតខំ​ប្រឹងប្រែង​បណ្តេញ​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad ចេញ​ពី​តំណែង​បួន​ឆ្នាំ​មក​ហើយ។ ពួកគេ​បាន​និយាយ​ថា​ ការ​ផ្តើម​គំនិត​ខាង​ការ​ទូត​អន្តរជាតិ​ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​ស៊ីរី​នឹង​គ្មាន​ជោគជ័យ​ទេ​ ប្រសិន​បើ​ការ​ផ្តើម​គំនិត​ទាំង​នេះ​មិនចែង​ថា​ Assad ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង​ ហើយថា​ទីប្រឹក្សា​ជិតស្និទ្ធ​របស់​គាត់ និង​ភាគ​ច្រើន​នៃ​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​របស់​ប្រទេស​ដែល​មាន​គេ​ខ្លាច​ច្រើន​ត្រូវ​តែ​រំលាយ​ចោល៕

XS
SM
MD
LG