រុស្ស៊ី​ប្រើ​ដ្រូន​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​អ៊ុយក្រែន

ទាហាន​អ៊ុយក្រែន​បាញ់​តបត​នឹង​រុស្ស៊ី​នៅជាយក្រុង Avdiivka​ ប្រទេស​អ៊ុយក្រែនកាលពីថ្ងៃទី​១៩ មិថុនា ឆ្នាំ២០២៣។

ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា កងទ័ព​អ៊ុយក្រែន​បាន​បាញ់​ទម្លាក់​ដ្រូន Shahed ផលិត​នៅ​អ៊ីរ៉ង់ចំនួន ៣២ គ្រឿង​ក្នុង​ចំណោម ៣៥ គ្រឿង​ដែល​រុស្ស៊ី​បាន​ប្រើ​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​សំដៅ​លើ​ទីក្រុង​កៀវ​និង​ទីក្រុង​ផ្សេងៗ​ទៀត​របស់​អ៊ុយក្រែន។

កងទ័ព​ជើង​អាកាស​អ៊ុយក្រែន​បាន​លើកឡើង​ថា ការ​ផ្ដោត​ដ៏​ធំ​បំផុត​គឺ​លើ​តំបន់កៀវ។
លោក Serhiy Popko ប្រធាន​រដ្ឋបាល​យោធា​តំបន់កៀវ បាន​បញ្ជាក់​តាម Telegram ថា ដ្រូន​ទាំង​នោះ​បាន​បង្ហោះ​ចូល​មក​ជា​បន្តបន្ទាប់​ជា​ច្រើន និង​ថា​ការប្រកាស​អាសន្ន​ដែន​អាកាស​នៅ​ក្នុង​តំបន់កៀវ​មាន​រយៈពេល ៣ ម៉ោង។

គេ​មិន​ឃើញ​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​ភ្លាមៗ​ថា​មាន​អ្នក​ស្លាប់​ឬ​ក៏​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ​ទេ។

នៅ​ក្នុង​តំបន់​ Lviv នៅ​ភាគ​ខាង​លិច​អ៊ុយក្រែន អភិបាល​តំបន់​នេះ​លោក Maksym Kozytskiy បាន​និយាយ​ថា រុស្ស៊ី​បាន​ប្រើ​ដ្រូន​ដើម្បី​វាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​មួយ។

មន្ត្រី​នៅ​ក្នុង​ទីក្រុង Zaporizhzhia ក៏​បាន​រាយការណ៍​ផង​ដែរ​អំពី​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​និង​តំបន់​កសិកម្ម​នានា។

អ៊ុយក្រែន​កំពុង​ស្វះស្វែង​រក​ថវិកា ចំនួន ៤០ ពាន់​លាន​ដុល្លារ​សម្រាប់​ដំណាក់កាល​ដំបូង​នៃ «ផែនការ Green Marshall» ដើម្បី​ស្ដារ​សេដ្ឋកិច្ច​របស់​ខ្លួន។ ក្នុង​អំឡុង​កិច្ច​ប្រជុំ ២ ថ្ងៃ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស​ដែល​នឹង​ចាប់ដ្ដើម​នៅ​ថ្ងៃ​ពុធ​ស្អែក អ្នក​នយោបាយ​និង​វិនិយោគិន​នានា​នឹង​ពិភាក្សា​អំពី​ការ​កសាង​សេដ្ឋកិច្ច​អ៊ុយក្រែន​ឡើង​វិញ​រយៈពេល​ខ្លី​និង​រយៈពេល​វែង ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ឧស្សាហកម្ម​ដែក​និង​ដែក​ថែប​ដែល​មិន​ប្រើ​ធ្យូងថ្ម​ផង​ដែរ។

បើ​យោង​តាម​ធនាគារ​ពិភពលោក ការ​កសាង​សេដ្ឋកិច្ច​អ៊ុយក្រែន​ឡើង​វិញ​នឹង​ត្រូវ​ចំណាយ​រហូត​ដល់ ៤០០ ពាន់​លាន​ដុល្លារ គឺ ៣ ដង​នៃ​ផល​ទុន​ជាតិ​សរុប (GDP) របស់​អ៊ុយក្រែន។ ចាប់​តាំងពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២២ មក អ្នក​គាំទ្រ​ខាង​ក្រៅ​នានា​បាន​ផ្ដល់​ថវិកា ៥៩ ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​គាំទ្រ​អ៊ុយក្រែន​ក្នុង​អំឡុង​ពេល​សង្គ្រាម។


ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន AP, AFP និង​ Reuters។