ប្រទេសរុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទនេះថា កងទ័ពរបស់ខ្លួនបានវាយរុញច្រានទៅវិញនូវការវាយប្រហារទ្រង់ទ្រាយធំមួយរបស់អ៊ុយក្រែននៅក្នុងតំបន់ Donetsk នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា គោលបំណងរបស់ភាគីអ៊ុយក្រែនគឺព្យាយាមបំបែកនូវអ្វីដែលពួកគេចាត់ទុកថាជាតំបន់ខ្សោយបំផុតនៅតាមបណ្ដោយសមរភូមិជួរមុខ ប៉ុន្តែការព្យាយាមនោះ «មិនទទួលបានជោគជ័យ» នោះទេ។
រុស្ស៊ីបានលើកឡើងថា កងកម្លាំងវាយប្រហាររបស់អ៊ុយក្រែននេះរួមមានទាំងកងវរសេនាតូចរថពាសដែក ៦ កង និងកងវរសេនាតូចរថក្រោះ ២ កងផងដែរ។
តំបន់ Donetsk គឺជាតំបន់មួយដែលគ្រប់គ្រងដោយរុស្ស៊ីដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងថាបានភ្ជាប់យកកាលពីឆ្នាំមុន ដែលការភ្ជាប់យកនេះត្រូវបានសហគមន៍អន្តរជាតិច្រានចោល។
គេនៅមិនទាន់ច្បាស់ទេថាតើការវាយប្រហាររបស់អ៊ុយក្រែនដែលត្រូវបានគេរាយការណ៍នេះគឺជាផ្នែកមួយនៃការវាយបកដែលត្រៀមទុកជាយូរមកហើយរបស់អ៊ុយក្រែនដើម្បីដណ្ដើមយកមកវិញនូវតំបន់ដែលកងទ័ពរុស្ស៊ីបានដណ្ដើមយកនៅក្រោយការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីដើមឆ្នាំមុនឬក៏យ៉ាងណានោះ។
យោធាអ៊ុយក្រែនបានបញ្ជាក់នៅក្នុងអំឡុងពេលរាយការណ៍ប្រចាំថ្ងៃថាមានការប៉ះទង្គិចប្រដាប់អាវុធ ២៩ ដងនៅក្នុងតំបន់ Donetsk និងតំបន់ Luhansk៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។