រុស្ស៊ីកំពុងតែត្រៀមរៀបចំធ្វើសមយុទ្ធយោធាដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជិត៤០ឆ្នាំកន្លងមកនេះ ដោយចាប់ផ្តើមពីថ្ងៃអង្គារនេះតទៅ នៅខេត្ត Siberia ប៉ែកខាងកើត។ លោក Sergei Shoigu រដ្ឋមន្ត្រីក្រសួងការពារប្រទេសរុស្ស៊ីនិយាយថា ការធ្វើសមយុទ្ធយោធារយៈពេល៥ថ្ងៃនេះនឹងរួមមានទាហាន៣សែននាក់ យានយន្តយោធា៣ម៉ឺន៦ពាន់គ្រឿង យន្តហោះ១០០០គ្រឿង និងនាវាធ្វើសង្គ្រាម៨០គ្រឿងផងដែរ។
លោកបានថ្លែងថា សមយុទ្ធយោធានេះគឺជាសមយុទ្ធយោធាធំបំផុតចាប់តាំងពីឆ្នាំ១៩៨១មក នៅពេលដែលសូវៀតកំពុងធ្វើសង្គ្រាមត្រជាក់ជាមួយនឹងសហរដ្ឋអាមេរិកនៅឡើយ។
យោធារុស្ស៊ីនិយាយថា ល្បែងសង្គ្រាមដ៏ធំនេះ ដែលគេស្គាល់ថា Vostok-2018 គឺដើម្បីការពារខ្លួន។
ចិនកំពុងតែមានផែនការចូលរួមក្នុងសមយុទ្ធយោធារុស្ស៊ីនេះជាលើកដំបូង ដោយបញ្ជូនកងកម្លាំងចំនួន៣២០០នាក់ទៅចូលរួម។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងទៅប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ ដើម្បីជួបជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្នុងវេទិកាសេដ្ឋកិច្ចមួយក្នុងទីក្រុង Vladivostok ដែលស្ថិតនៅប៉ែកខាងកើតប្រទេសរុស្ស៊ី។
សមយុទ្ធយោធានេះនឹងត្រូវធ្វើឡើងក្នុងអំឡុងពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងបស្ចិមប្រទេសនិងរុស្ស៊ី ដោយរួមទាំងការចោទប្រកាន់ទៅលើឥទ្ធិពលរុស្ស៊ីនៅក្នុងកិច្ចការបស្ចិមប្រទេស និងជម្លោះដែលបន្តកើតឡើងក្នុងប្រទេសអ៊ុយក្រែននិងស៊ីរីផងដែរ៕