រុស្ស៊ី​គំរាម​តបត​នឹង​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិកាំង

រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ Sergey Lavrov (រូប​ស្តាំ) ទទួល​ស្វាគមន៍​សមភាគី​អ៊ីរ៉ង់​របស់​លោក Mohammad Javad Zarif នៅ​ក្នុង​កិច្ចប្រជុំ​របស់​អស់​លោក​នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៧ ខែសីហា​ ឆ្នាំ២០១៥។

ប្រទេស​រុស្ស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ​ខ្លួន​នឹង​ធ្វើ​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​ឡើង​ទៅ​លើ​ប្រទេស​របស់​ខ្លួន​ដោយ​សារ​វិបត្តិ​ប្រទេស​អ៊ុយក្រែន។

ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​ថា រដ្ឋាភិបាល​ទីក្រុង​មូស្គូ​នឹង​ចាត់​វិធានការ​តបត​វិញ​ដែល​នឹង​មិន​ចាំបាច់​ដូច​អ្វី​ដែល​ទណ្ឌកម្ម​កំណត់​ទៅ​លើ​ប្រទេស​រុស្ស៊ី​នោះ​ទេ។ ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​សហរដ្ឋ​អាមេរិក​មិនត្រូវ​មាន​គំនិត​ថា ​ខ្លួន​អាច​បន្ត​ការ​ដាក់​ទណ្ឌកម្ម​នេះ​ដោយ​គ្មាន​ផលវិបាក​ជា​អវិជ្ជមានសម្រាប់​ខ្លួនឯង​នោះ​ទេ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​លើ​គេហទំព័រ​បញ្ជិកា​របស់​សហព័ន្ធកាល​ពី​ថ្ងៃ​ពុធថា ​ខ្លួន​កំពុង​បន្ថែម​មនុស្ស​២៨​នាក់​ទៅ​ក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម​ដើម្បី​រឹតបន្តឹង​ការ​រឹតត្បិត​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ពេល​មុន​ទៅ​លើ​រុស្ស៊ី។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​បុគ្គល​ទាំង​២៩​នាក់​នោះ​កំពុង​ធ្វើ​ផ្ទុយ​នឹង​ផល​ប្រយោជន៍​ខាង​សន្តិសុខ​ជាតិ​ ឬ​គោល​នយោបាយការបរទេស​របស់​សហរដ្ឋ​អាមេរិក។

សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ពុធ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​សហរដ្ឋ​អាមេរិក​កំពុង​ចាត់​វិធានការ​នេះ​ដើម្បីបញ្ជាក់​ពី​ប្រសិទ្ធិភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​លើ​ប្រទេស​រុស្ស៊ី​ចំពោះ​ការ​រំលោភ​ច្បាប់​អន្តរជាតិ​ហើយ​និង​ការ​អុជអាល​ឲ្យ​មាន​ជម្លោះ​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន៕