រុស្ស៊ីបានវាយប្រហារតាមអាកាសលើរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ ហើយ កងទ័ពជើងអាកាសអ៊ុយក្រែនថាខ្លួនបានបាញ់ទម្លាក់មីស៊ីលទាំង ៣១ គ្រឿងរបស់រុស្ស៊ី។
អភិបាលរដ្ឋធានីកៀវលោក Vitali Klitschko បានបញ្ជាក់តាម Telegram ថាបំណែករបស់រ៉ុក្កែតទាំងនោះបានធ្លាក់លើសង្កាត់ជាច្រើននៅក្នុងទីក្រុងនោះ ដោយប៉ះចំអគារលំនៅដ្ឋាននិងបណ្ដាលឱ្យមានភ្លើងឆេះមួយចំនួនផងដែរ។
លោក Klitschko បាននិយាយថា មនុស្សយ៉ាងតិច ១០ នាក់បានរងរបួស។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់នៅលើបណ្ដាញសង្គមអនឡាញនៅថ្ងៃព្រហស្បតិ៍នេះថា៖ «អំពើភេរវកម្មដូចនេះនៅបន្តជារៀងរាល់ថ្ងៃនិងរៀងរាល់យប់»។
លោក Zelenskyy បានអំពាវនាវឱ្យមានការគាំទ្រពីដៃគូនានារបស់អ៊ុយក្រែន ជាពិសេសឱ្យមានការផ្ដល់ប្រព័ន្ធការពារដែនអាកាស។
ការវាយប្រហារលើរដ្ឋធានីកៀវនេះបានកើតឡើងមួយថ្ងៃក្រោយមកបន្ទាប់ពីលោក Zelenskyy បានទទួលជួបពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan។
លោក Sullivan មានបំណងធានាចំពោះអ៊ុយក្រែនថា សហរដ្ឋអាមេរិកនៅបន្តគាំទ្រអ៊ុយក្រែន និងថាទោះបីជាមានការពន្យារពេលអនុម័តលើជំនួយនៅរដ្ឋសភាអាមេរិកក៏ដោយ ក៏ជំនួយចំនួនរាប់ពាន់លានដុល្លារនឹងត្រូវបញ្ជូនទៅអ៊ុយក្រែនជាមិនខាន។
លោក Sullivan បានជួបជាមួយលោក Andriy Yermak ដែលជានាយកខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន។ ពួកគេបានពិភាក្សាគ្នាអំពីអ្វីដែលអ៊ុយក្រែនត្រូវការនៅសមរភូមិនិងអំពីកិច្ចប្រជុំកំពូលពីរដែលនឹងចូលមកដល់ឆាប់ៗនេះ ដែលនោះគឺកិច្ចប្រជុំរបស់អង្គការអូតង់ (NATO) នៅខែកក្កដាខាងមុខក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងកិច្ចប្រជុំអំពីសន្តិភាពនៅក្នុងប្រទេសស្វីសដែលអាចធ្វើឡើងនៅរដូវផ្ការីកនេះ។ លោក Yermak បាននិយាយថា ចិនដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី អាចចូលរួម ប៉ុន្តែអ៊ុយក្រែននឹងមិនអញ្ជើញរុស្ស៊ីឱ្យចូលរួមនោះទេ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters។