ប្រទេសរុស្ស៊ីបានវាយប្រហារដោយមីស៊ីលលើទីក្រុងកៀវនិងទីក្រុង Kharkiv របស់ប្រទេសអ៊ុយក្រែនដោយបានសម្លាប់មនុស្សយ៉ាងតិច ៤ នាក់និងរាប់សិបនាក់ទៀតរងរបួស។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអ៊ុយក្រែននៅថ្ងៃអង្គារនេះ។
កងទ័ពជើងអាកាសអ៊ុយក្រែនបាននិយាយថា កងទ័ពរុស្ស៊ីបានប្រើដ្រូន ៣៥ គ្រឿងនិងមីស៊ីល ៩៩ គ្រាប់ ដែលក្នុងនោះរួមមានទាំងដ្រូននិងមីស៊ីលដែលបាញ់ចេញពីយន្តហោះនិងពីនាវានៅឯសមុទ្រផងដែរ ហើយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនទាំងអស់និងមីស៊ីល ៧២ គ្រាប់ក្នុងចំណោមនោះ។
អាជ្ញាធរបានចេញការព្រមានអំពីគ្រោះអាសន្នតាមអាកាសប្រាប់ប្រជាពលរដ្ឋឱ្យរកកន្លែងជ្រកពួនពីការវាយប្រហារ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា៖ «តាំងពីថ្ងៃទី ៣១ ខែធ្នូមក បិសាចរុស្ស៊ីបានបាញ់ដ្រូន Shahed ១៧០ គ្រឿងនិងមីស៊ីលគ្រប់ប្រភេទរាប់សិបគ្រាប់។ ភាគច្រើននៃដ្រូននិងមីស៊ីលទាំងនេះសំដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល»។
លោក Zelenskyy ថា អ្នករងរបួសដោយសារការវាយប្រហាររបស់រុស្ស៊ីនេះមានចំនួន ៩២ នាក់ និងថាអ៊ុយក្រែននឹងធ្វើការជាមួយនឹង «មនុស្សគ្រប់គ្នានៅជុំវិញពិភពលោកដែលផ្ដល់តម្លៃដល់ជីវិត» ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែននិងធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
កម្ទេចកំទីបាក់បែកនៃមីស៊ីលទាំងនេះដែលធ្លាក់ចុះមកបានធ្វើឱ្យមនុស្សយ៉ាងតិច ២០ នាក់រងរបួស និងអគារច្រើនជាន់មួយកន្លែងឆេះនៅក្នុងរដ្ឋធានីកៀវ។ គេឃើញមានការផ្ទុះជាច្រើននៅក្នុងទីក្រុងកៀវនៅពេលដែលប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានតបតជាមួយនឹងរលកវាយប្រហារនៃរ៉ុក្កែតរបស់រុស្ស៊ីដោយមានភ្លើងឆេះនៅក្នុងសង្កាត់យ៉ាងតិច ៥។
ការបាញ់ស្រោចគ្រប់ទិសទីរបស់រុស្ស៊ីដែលបានធ្វើឡើងនៅអំឡុងពេលព្រឹកដ៏មមាញឹកនេះក៏បានកាត់ផ្ដាច់ចរន្តអគ្គិសនីនិងធ្វើឱ្យខូចខាតដល់បំពង់ឧស្ម័ននៅតាមផ្នែកមួយចំនួននៃទីក្រុងកៀវផងដែរ។
រីឯនៅក្នុងទីក្រុង Kharkiv វិញ លោកអភិបាល Ihor Terekhov បាននិយាយថា ទីក្រុងនេះបានរង «ការវាយប្រហារដោយមីស៊ីលដ៏ខ្លាំងក្លា»។
លោក Oleg Sinegubov ប្រធានរដ្ឋបាលយោធាក្នុងទីក្រុង Kharkiv បានបញ្ជាក់តាម Telegram ថា ការវាយប្រហាររបស់រុស្ស៊ីបានធ្វើឱ្យមនុស្សយ៉ាងតិចម្នាក់ស្លាប់និងជាង ៤០ នាក់ទៀតរងរបួស៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។