មន្ត្រីរដ្ឋាភិបាលរុស្សីកំពុងពិនិត្យមើលសក្ខីកម្មរបស់លោក Robert Mueller អតីតរដ្ឋអាជ្ញាពិសេសស.រ.អានៅចំពោះមុខសភាកាលពីថ្ងៃពុធនៅពេលដែលពួកគេនៅតែបន្តបដិសេធថា រដ្ឋាភិបាលក្រុងម៉ូស្គូមិនបានជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីស.រ.អាកាលពីឆ្នាំ ២០១៦ទេ។
លោក Sergei Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្សីបាននិយាយកាលពីថ្ងៃពុធថា «យើងនឹងតាមដាន» សក្ខីកម្មរបស់លោក Mueller ហើយលោកបាននិយាយជាថ្មីទៀតថា «គ្មានហេតុផលសម្រាប់និយាយអះអាងថា ប្រទេសរុស្សីបានខិតខំព្យាយាមឬនឹងជ្រៀតជ្រែកក្នុងការបោះឆ្នោតក្នុងស.រ.អា ដូចដែលនាយក FBI បាននិយាយកាលពីពេលថ្មីៗនេះទេ» នេះបើតាមការផ្សាយនៃទីភ្នាក់ងារព័ត៌មាន Tass។
លោក Christopher Wray នាយក FBI បានព្រមានកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលក្រុងម៉ូស្គូប្រុងប្រៀបនឹងជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីស.រ.អាក្នុងឆ្នាំ ២០២០ដែរ។ សហគមន៍ស៊ើបការសម្ងាត់ស.រ.អាបានសន្មតថា ប្រទេសរុស្សីប្រាកដជាបានជ្រៀតជ្រែកក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ ដោយមានបំណងជួយលោក Donald Trump ឱ្យបានឈ្នះឆ្នោតប្រធានាធិបតីស.រ.អា។
លោក Ryabkov បាននិយាយថាពួកមន្ត្រីរុស្សីនឹង «អាន» សេចក្តីថ្លែងការណ៍របស់លោក Mueller នៅចំពោះមុខសភាស.រ.អា ដើម្បី «ឱ្យឃើញអ្វីដែលលោកនិយាយថានឹងប្លែកពីអ្វីដែលមាននៅក្នុងរបាយការណ៍របស់លោក»។
កាលពីខែមីនា លោក Muller បានដាក់ស្នើរបាយការណ៍សម្ងាត់មួយមាន ៤៤៨ទំព័រអំពីការស៊ើបអង្កេតពីរឆ្នាំរបស់លោកអំពីប្រធានាធិបតី Trump និងការជ្រៀតជ្រែករបស់រុស្សីនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦។ សំណៅការលុបចោលព័ត៌មានសម្ងាត់នៃសេចក្តីរាយការណ៍នេះបានត្រូវផ្សព្វផ្សាយជាសាធារណៈកាលពីខែមេសា៕