ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃពុធនេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានកម្ទេចកាំជ្រួចអ៊ុយក្រែនចំនួន ១២ គ្រាប់ នៅពីលើតំបន់ Belgorod ប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងតំបន់ដដែលនោះ ដែលបានសម្លាប់មនុស្ស ២៤ នាក់ ហើយបានបណ្តាលឱ្យមានការប្តេជ្ញាពង្រីកការវាយប្រហារពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
ថ្ងៃអង្គារជាថ្ងៃដែលរុស្ស៊ីបានពង្រីកការវាយប្រហារកាំជ្រួចមីស៊ីលរបស់ខ្លួន ដោយបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏ ៥ នាក់ និងរបួសយ៉ាងច្រើនរហូតដល់ ១៣០ នាក់ នៅក្នុងរដ្ឋធានីកៀវ និងទីក្រុង Kharkiv។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអ៊ុយក្រែន។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានប្រើប្រាស់ដ្រូនចំនួន ៣៥ គ្រឿងនិងកាំជ្រួច ៩៩ ដើម ដែលបានបាញ់ប្រហារពីអាកាសនិងសមុទ្រ ហើយថាប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនទាំងអស់នោះ និងកាំជ្រួចមីស៊ីល ៧២ គ្រាប់។
រដ្ឋមន្ត្រីការបរទេសប្រទេសប៉ូឡូញ លោក Radoslaw Sikorski បាននិយាយនៅថ្ងៃពុធនេះថា នៅក្នុងការឆ្លើយតបទៅនឹងការវាយប្រហារនៅពេលថ្មីៗនេះលើប្រទេសអ៊ុយក្រែន សម្ព័ន្ធមិត្តត្រូវតែឆ្លើយតបដោយការរឹតបន្តឹងការដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយផ្តល់ឱ្យកងកម្លាំងអ៊ុយក្រែននូវកាំជ្រួចវង់ប្រតិបត្តិការឆ្ងាយ។
លោក Sikorski បាននិយាយនៅលើសង្គមអនឡាញ X ថា កាំជ្រួចមីស៊ីលនឹងអាចធ្វើឱ្យអ៊ុយក្រែនកម្ទេចទីកន្លែងបាញ់បង្ហោះនិងមជ្ឈមណ្ឌលទីបញ្ជាការ។
ប្រទេសប៉ូឡូញមានព្រំដែនជាមួយប្រទេសអ៊ុយក្រែន ហើយយោធារបស់ប៉ូឡូញបានដាក់ពង្រាយយន្តហោះធន់ F-16 ដើម្បីការពារដែនអាកាសរបស់ខ្លួន នៅពេលដែលរុស្ស៊ីវាយប្រហារកាលពីថ្ងៃអង្គារ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP, AFP និង Reutres។