រុស្ស៊ី​និយាយ​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​អ៊ុយក្រែន​ចំនួន​៣១​គ្រឿង​នៅ​លើ​តំបន់​៣​របស់​រុស្ស៊ី

រូបឯកសារ៖ មន្ត្រីសង្គ្រោះបន្ទាន់និងមន្ត្រីស៊ើបអង្កេតពិនិត្យមើលទីតាំងមួយនៅតំបន់ Rostov-on-Don ក្នុងប្រទេសរុស្ស៊ី ដែលដ្រូនរបស់អ៊ុយក្រែនបានធ្លាក់នៅទីនោះ កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣។

រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​កម្ទេច​ដ្រូន​អ៊ុយក្រែន​ចំនួន​ ៣១​ គ្រឿង​ ដែល​ជា​ផ្នែក​មួយ​នៃ​ការប៉ុនប៉ង​វាយ​ប្រហារ​លើ​ទឹកដី​រុស្ស៊ី​ក្នុង​រយៈពេល​មួយ​យប់។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​នៅ​លើ​តេឡេក្រាម​ថា ​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​ដែល​ហោះ​នៅ​លើ​តំបន់ Belgorod, Bryansk និង Kursk។ តំបន់​ទាំង ៣ នេះ​ ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែន​រុស្ស៊ី​និង​អ៊ុយក្រែន។

លោក Alexander Bogomaz អភិបាល​តំបន់ Bryansk បាន​និយាយ​ថា​ កងទ័ព​អ៊ុយក្រែន​បាន​បាញ់​គ្រាប់​បែក​ចង្កោមដាក់​ភូមិ​មួយ​ចំនួន​ ដែល​បាន​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះ​ជា​ច្រើន​ខ្នង។ លោក Bogomaz បាន​និយាយ​ទៀត​ថា ​មិន​មាន​មនុស្ស​ស្លាប់​ឬ​រងរបួស​ត្រូវ​បាន​រាយការណ៍​ទេ។

យោធា​រុស្ស៊ី​បាន​និយាយ​ថា ​ខ្លួន​ក៏​បាន​បញ្ឈប់​កងទ័ព​អ៊ុយក្រែន​មួយ​ក្រុម​ដែល​បាន​ប្រើ​ទូក​លឿន​និង​ស្គី​ព្យាយាម​ «ជ្រៀតចូល​ក្នុង​ទឹកដី​នៃ​តំបន់ Crimea»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ទូរសព្ទ​ជាមួយ​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​សំខាន់ៗ​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ ដើម្បី​បញ្ជាក់​ប្រាប់​ពួក​គេ​ឡើង​វិញ​នៃ​ការបន្ត​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ដល់​ការប្រយុទ្ធ​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​រុស្ស៊ី​ បន្ទាប់ពី​ពួក​គណបក្ស​សាធារណរដ្ឋ​ស្តាំ​និយម​ជ្រុល​នៅ​ក្នុង​សភា​កាលពី​ចុង​សប្តាហ៍​មុន​បាន​បង្ខំ​ឱ្យ​ដក​ថវិកា​ថ្មី​ភ្លាមៗ​សម្រាប់​ប្រទេស​អ៊ុយក្រែន។

សេតវិមាន​បាន​និយាយ​ថា ​លោក Biden បាន​និយាយ​ជាមួយ​ពួក​មេដឹកនាំ​ប្រទេស​កាណាដា ​អ៊ីតាលី ​ជប៉ុន ​ប៉ូឡូញ​ រ៉ូម៉ានី ​ចក្រភព​អង់គ្លេស​ និង​សហភាព​អឺរ៉ុប​និង​អង្គការ​អូតង់​ រួម​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​បារាំង​ផង​ដែរ។

ក្រោយមក​ អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​សេតវិមាន​លោក John Kirby បាន​និយាយ​ថា​លោក Biden បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការតាំងចិត្ត​ដ៏​ខ្លាំង​របស់​សហរដ្ឋ​អាមេរិក ​ដើម្បី​គាំទ្រ​ប្រទេស​អ៊ុយក្រែន​នៅពេល​ដែល​ការពារ​ខ្លួន​ឯង ហើយ​មេដឹកនាំ​ផ្សេង​ទៀត​ក៏​បាន​សន្យា​ដូច​គ្នា​ដែរ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters