ពួកអាជ្ញាធររុស្ស៊ីនិយាយថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូន២គ្រឿងរបស់អ៊ុយក្រែនដែលតម្រង់មកកាន់រដ្ឋធានីមូស្គូនៅថ្ងៃពុធនេះ។
អភិបាលក្រុងមូស្គូលោក Sergie Sobyaninបាននិយាយថាដ្រូនមួយគ្រឿងត្រូវបានបាញ់ទម្លាក់នៅក្នុងតំបន់Domodedovo ភាគខាងត្បូងរដ្ឋធានីដែលជាចំណតអាកាសយានដ្ឋានអន្តរជាតិដ៏មមាញឹកមួយរបស់រដ្ឋធានីមូស្គូ ខណៈដែលដ្រូន១គ្រឿងទៀតត្រូវបានបាញ់ទម្លាក់នៅជិតផ្លូវ Highway Minsk ភាគខាងលិចទីក្រុងនោះ។
លោក Sobyaninនិយាយទៀតថាមិនមានមនុស្សរបួសឬការខូចខាតពីឧបទ្ទវហេតុនេះដែលក្រសួងការពារជាតិរុស្ស៊ីបានពណ៌នាថាជាការប៉ុនប៉ង«វាយប្រហារភេរវកម្ម»។
ទីក្រុងមូស្គូបានក្លាយជាទីដៅនៃការវាយប្រហារដែលគេសង្ស័យជាដ្រូនរបស់អ៊ុយក្រែនចាប់តាំងពីខែឧសភាមក នៅពេលដែលដ្រូនមួយគ្រឿងត្រូវបានកម្ទេចនៅពេលហោះលើវិមានក្រឹមឡាំង។ រដ្ឋាភិបាលក្រុងមូស្គូក៏បានស្តីបន្ទោសរដ្ឋាភិបាលក្រុងកៀវចំពោះការវាយប្រហាររបស់ដ្រូននាវាជាបន្តបន្ទាប់លើទីដៅជនស៊ីវិលនិងយោធារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ។
អ៊ុយក្រែនជានិច្ចកាលមិនបានបញ្ជាក់ឬបដិសេធការវាយប្រហារបែបនោះទេ។
ការសង្ស័យនៃការវាយប្រហារថ្ងៃពុធនេះកើតមានឡើង២ថ្ងៃបន្ទាប់ពីមនុស្សយ៉ាងតិចណាស់ក៏៩នាក់ដែរបានត្រូវសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីល២គ្រាប់ ជាប់ៗ គ្នានៅទីក្រុង Pokrovskភាគខាងកើតប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyបាននិយាយថាមនុស្ស៨២នាក់បានរងរបួស រួមទាំងកូនក្មេង២នាក់ផង។
ទីក្រុងPokrovskស្ថិតនៅក្នុងតំបន់ Donetskដែលបានកា្លយជាទីកន្លែងមួយនៃការប្រយុទ្ធដ៏តានតឹងបំផុតចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានរបស់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP