លោក Alexei Mordashov ដែលជាមហាសេដ្ឋីមានជាងគេបំផុតនៅក្នុងប្រទេសរុស្ស៊ី និងជាអ្នកមានភាគហ៊ុនច្រើនជាងគេបំផុតនៅក្នុងក្រុមហ៊ុន Severstal ដែលជាក្រុមហ៊ុនផលិតដែកថែបដ៏ធំបំផុតមួយរបស់រុស្ស៊ី ត្រូវបានសហភាពអឺរ៉ុបដាក់ចូលក្នុងបញ្ជីខ្មៅកាលពីសប្ដាហ៍មុន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន USA Today។
លោក Mordashov ក៏ជាប្រធានក្រុមហ៊ុន Severgroup ផងដែរ។ សហភាពអឺរ៉ុបបានបញ្ជាក់ថា ក្រុមហ៊ុននេះគឺជាអ្នកគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍នានាដែលជំរុញផ្សព្វផ្សាយគោលនយោបាយរបស់រដ្ឋាភិបាលរុស្ស៊ីនៅក្នុងការធ្វើឱ្យប្រទេសអ៊ុយក្រែនគ្មានស្ថិរភាព។
សហភាពអឺរ៉ុបក៏បានលើកឡើងផងដែរថា ធនាគារ Rossiya ដែលលោក Mordashov មានភាគហ៊ុនផងដែរនោះ គឺជា «ធនាគារផ្ទាល់ខ្លួន» របស់មន្ត្រីជាន់ខ្ពស់រុស្ស៊ីនានា ដែលទទួលបានប្រយោជន៍ពីការកាន់កាប់តំបន់ Crimea។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន USA Today។
កាលពីថ្ងៃទី ២៨ ខែកុម្ភៈ សហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov និងមន្ត្រីរុស្ស៊ី ២៤ រូបផ្សេងទៀត ដែលមានដូចជាអ្នកនយោបាយ ពាណិជ្ជករ អ្នកគ្រប់គ្រងកំពូលៗ និងអ្នកសារព័ត៌មានដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
លោក Mordashov បានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Severstal នៅឆ្នាំ ១៩៩៦ នៅពេលលោកមានអាយុ ៣១ ឆ្នាំ និងមានទ្រព្យសម្បត្តិសរុបចំនួនប្រហែល ២១.៩០០ លានដុល្លារ។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ក្រុមហ៊ុន Bloomberg។
លោក Mordashov បាននិយាយថា លោកយល់ថា ទណ្ឌកម្មដែលដាក់លើរូបលោកនេះនឹងមិនអាចជួយដោះស្រាយ «ជម្លោះដ៏អាក្រក់បំផុត» នៅក្នុងប្រទេសអ៊ុយក្រែនបានទេ។ នេះបើយោងតាមការលើកឡើងរបស់លោកដែលថ្លែងបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី។
បន្ទាប់ពីសហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មលើលោកមក លោកបាននិយាយដូច្នេះថា៖ «ខ្ញុំគ្មានពាក់ព័ន្ធអ្វីទាំងអស់ជាមួយនឹងការលេចឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយនៅពេលបច្ចុប្បន្ននេះឡើយ។ ខ្ញុំមិនយល់សោះថាហេតុអ្វីបានជាសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើរូបខ្ញុំ»។
លោក Mordashov បានអះអាងថា លោកមិនដែលពាក់ព័ន្ធនៅក្នុងនយោបាយនោះទេ និងពាក់ព័ន្ធតែនៅក្នុងរឿងសេដ្ឋកិច្ចនៅទូទាំងពិភពលោកតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយលោក ភី សុភាដា