ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថាខ្លួនបានបំផ្លាញដ្រូនអ៊ុយក្រែនចំនួន១៥ គ្រឿងនិងកាំជ្រួចមីស៊ីល៨ដើម ខណៈដែលពួកមន្ត្រីនៅក្នុងតំបន់រុស្ស៊ីមួយនៅជាប់ព្រំដែនអ៊ុយក្រែនបាននិយាយថាមនុស្សម្នាក់បានត្រូវសម្លាប់ហើយ៧នាក់ផ្សេងទៀតបានរងរបួសដោយការវាយប្រហារដ្រូនរបស់អ៊ុយក្រែន។
លោកVyacheslav Gladkovអភិបាលតំបន់ Belgorodបាននិយាយថាព័ត៌មានបថមបានបង្ហាញថាបុរសម្នាក់នោះស្ថិតនៅក្នុងរថយន្តមួយគ្រឿងបានត្រូវសម្លាប់ខណៈដែលមនុស្សជាច្រើននាក់ទៀតបានរងរបួស។
លោកGladkovបាននិយាយថាដ្រូនមួយគ្រឿងទៀតបានធ្លាក់ត្រូវដើមឈើ ដោយរលកនៃការផ្ទុះនោះបានធ្វើឱ្យខូចផ្ទះសម្បែង២ខ្នង ក៏ប៉ុន្តែមិនបានបណ្តាលឱ្យមនុស្សរងរបួសទេ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាខ្លួនបានបាញ់ស្ទាក់ដ្រូន១២គ្រឿងដែលហោះលើតំបន់ Belgorodហើយដ្រូន៣គ្រឿងទៀតបានហោះលើតំបន់ Kurskនៃភាគខាងលិចប្រទេសរុស្ស៊ី។
ក្នុងនៅប្រទេសអ៊ុយក្រែន លោកOleh Synehubovអភិបាលតំបន់ Kharkivភាគខាងកើតបានរាយការណ៍ពីការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ី។
លោកSynehubovបាននិយាយថាមិនមានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ឬរងរបួសពីការវាយប្រហារនោះទេ។
ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បាននិយាយកាលពីថ្ងៃពុធថារដ្ឋាភិបាលក្រុងមូស្គូប្រុងប្រៀបប្រើប្រាស់អាវុធនុយក្លែអ៊ែរ ប្រសិនបើអធិបតេយ្យភាពឬឯករាជ្យភាពរបស់ខ្លួនត្រូវបានគំរាមកំហែង ដោយបានព្រមានសហរដ្ឋអាមេរិកជាថ្មីម្តងទៀតថា ប្រសិនបើ អាមេរិកបញ្ជូនទាហានដើម្បីប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ការណ៍នេះនឹងត្រូវចាត់ទុកជាការរាលដាលយ៉ាងធំមួយនៃជម្លោះនេះ៕
អ្នកស្រី Patsy Widakuswaraអ្នកយកព័ត៌មានរបស់វីអូអេប្រចាំសេតវិមានរាយការណ៍រឿងនេះ។ ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AFPនិង Reuters។