ប្រទេសរុស្ស៉ីនិយាយថា ខ្លួននឹងមិនអនុញាតឲ្យគ្មានការពន្យល់នោះទេចំពោះទណ្ឌកម្មដែលសហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុប ដែលបានដាក់ទណ្ឌកម្ម ចំពោះការវាយប្រហាររបស់រុស្ស៉ីកាលពីឆ្នាំ២០១៨ លើកប៉ាល់អ៊ុយក្រែនបីគ្រឿង ការទន្ទ្រានចូលកាន់កាប់ដែនដីគ្រីមៀ (Crimea) ហើយនិងការបង្កសកម្មភាពរុស្ស៉ីនៅភាគខាងកើតប្រទេសអ៊ុយក្រែននោះ។
ក្រសួងរតនាគារអាមេរិកនិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា ទណ្ឌកម្មរបស់អាមេរិក គឺផ្តោតលើបុគ្គលរុស្ស៉ី៦នាក់ និងសហគ្រាសចំនួន៨ ជាការឆ្លើយតបទៅនឹងការបន្ត និងសកម្មភាពរបស់រុស្ស៉ីកំពុងបន្តឈ្លានពានប្រទេសអ៊ុយក្រែន។
រដ្ឋមន្ត្រីក្រសួងរតនាគារ ស្ទីវិន ម៊ូជីន (Steven Mnuchin) បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា គំនិតផ្តួចផ្តើមរួមជាមួយដៃគូរបស់យើងក្នុងសហភាពអឺរ៉ុបនិង កាណាដានេះ គឺត្រូវអនុវត្តឡើងវិញ ចំពោះការតាំងចិត្តរួមរបស់យើង ដើម្បីដាក់ទណ្ឌកម្មឲ្យចំគោលដៅនិងមានសារៈសំខាន់ ជាការឆ្លើយតបទៅនឹងការព្យាយាមរបស់រដ្ឋាភិបាលរុស្ស៉ី ដែលធ្វើព្រងើយចំពោះបទដ្ឋានអន្តរជាតិ និងធ្វើឲ្យខូចខាតដល់បូរណភាពដែនដី និងអធិបតេយ្យភាពអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ដែរថា ទ្រព្យសម្បត្តិនិងផលប្រយោជន៍ក្នុងទ្រព្យសម្បត្តិរបស់បុគ្គលដែលជាប់ឈ្មោះទាំងអស់ ហើយនិងក្រុមហ៊ុនរបស់ពួកគេត្រូវ បង្កក ហើយពលរដ្ឋអាមេរិកជាទូទៅ ត្រូវហាមឃាត់មិនឲ្យមានទំនាក់ទំនងជាមួយជនទាំងអស់នោះទេ។ បន្ថែមពីលើនេះទៀត ក្រុមហ៊ុនដែលបុគ្គលទាំងនោះមានកម្មសិទ្ធិ ចំនួន៥០ភាគរយឬច្រើនជាងនេះ ក៏ត្រូវបង្កកតាមប្រត្តិបត្តិការច្បាប់ដែរ៕