រដ្ឋអាជ្ញារុស្ស៊ី កាលពីថ្ងៃអង្គារនេះចាត់ទុកអង្គការ NED ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាក្រុមបរទេសដែលរុស្ស៊ីមិនត្រូវការ។ អង្គការទទួលថវិកាពីសភាសរអា។ ចំណាត់ការនេះនាំឲ្យ NED ជាអង្គការក្រៅរដ្ឋាភិបាលបរទេសទី១ ដែលត្រូវហាមឃាត់មិនឲ្យស្ថិតនៅក្នុងប្រទេសរុស្ស៊ី នៅក្រោមច្បាប់អង្គការក្រៅរដ្ឋាភិបាលថ្មី ដែលពោរពេញទៅដោយរឿងចម្រូងចម្រាស់នោះ។
នៅក្នុងសេចក្តីប្រកាសមួយ លើគេហទំព័ររបស់ខ្លួន ការិយាល័យរដ្ឋអាជ្ញារុស្ស៊ីបានចោទថា អង្គការ NED បានប្រើប្រាស់ក្រុមហ៊ុនរុស្ស៊ី និង អង្គការមិនរកប្រាក់ចំណេញផ្សេងៗ ដែលស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួន ដើម្បីចូលរួមនៅក្នុងសកម្មភាពផ្សេងៗដើម្បីធ្វើឲ្យលទ្ធផលនៃការបោះឆ្នោត មិនមានភាពស្របច្បាប់ ដាក់ឥទ្ធិពលលើសេចក្តីសម្រេចរបស់រដ្ឋាភិបាល ហើយមិនឲ្យតម្លៃលើសេវាក្នុងកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី។
«ក្នុងការពិចារណាអំពីគោលដៅទូទៅរបស់កិច្ចការ NED រដ្ឋអាជ្ញាសម្រេចថា អង្គការនេះជាការគំរាមកំហែងមួយដល់សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៃប្រទេសរុស្ស៊ី សមត្ថភាពការពារប្រទេស និង សន្តិសុខជាតិរបស់រុស្ស៊ី»នេះបើតាមសម្តីក្នុងសេចក្តីប្រកាសនោះ៕