ទើបតែមួយសប្តាហ៍បន្ទាប់ពីប្រទេសរុស្ស៊ីនិយាយថា ខ្លួនបានចាប់ផ្តើមទម្លាក់គ្រាប់បែកលើពួកជនសកម្មប្រយុទ្ធនៅក្នុងប្រទេសស៊ីរី ចេញពីមូលដ្ឋានមួយនៅក្នុងប្រទេសអ៊ីរ៉ង់ រដ្ឋាភិបាលអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា បេសកម្មនោះ បានចប់ហើយ។
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បានរិះគន់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ពីការចង់បង្អួតនិងគ្មានការបង្ហាញពីភាពត្រឹមត្រូវចំពោះការអួតដល់ពិភពលោកពីសមត្ថភាពនៃការវាយប្រហារតាមអាកាសរបស់ខ្លួនចេញពីទឹកដីរបស់អ៊ីរ៉ង់នេះ។
ចំណាត់ការនេះ ចោទជាសំណួរថា តើជម្លោះនេះបានធ្វើឲ្យប៉ះពាល់ដល់ត្រឹមតែអារម្មណ៍ ឬថាមានការផ្លាស់ប្តូរយុទ្ធសាស្រ្តដែលអ៊ីរ៉ង់និងរុស្ស៊ី នឹងបន្តគាំទ្ររបបស៊ីរីនៅក្នុងការប្រយុទ្ធប្រឆាំងរបស់ខ្លួនដល់ក្រុមរដ្ឋឥស្លាម។
លោក Bahram Ghasemi អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសជាផ្លូវការថា ព័ត៌មាននៅក្នុងរដ្ឋធានី Tehran និយាយថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី បានបញ្ចប់យ៉ាងហោចណាស់ក៏នៅពេលឥឡូវនេះដែរ។
នៅរសៀលថ្ងៃអាទិត្យ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរយៈចម្ងាយឆ្ងាយប្រភេទ Tu-22M3 និងយន្តហោះចំបាំងប្រភេទ Sukhoi Su-34 របស់រុស្ស៊ីបានត្រូវគេឃើញហោះចេញពីទីតាំងទ័ពអាកាស Shahid Nojeh នៅក្នុងទីក្រុង Hamedan នៃប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ីវិញ។
រដ្ឋាភិបាលទីក្រុងម៉ូស្គូ មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈទេ កាលពីថ្ងៃចន្ទស្តីពីអត្ថាធិប្បាយរបស់រដ្ឋាភិបាលអ៊ីរ៉ង់។
ក៏ប៉ុន្តែ របបអ៊ីរ៉ង់ បាននិយាយថា រុស្ស៊ី បានប្រើប្រាស់ទីតាំងរបស់ខ្លួនអស់ជាច្រើនខែហើយបានសម្រេចបង្ហាញវត្តមានរបស់ខ្លួនជាសាធារណៈកាលពីសប្តាហ៍មុន៕