ប្រទេសរុស្ស៊ីបានប្រាប់ឲ្យដឹងថា យន្តហោះចម្បាំងរបស់ខ្លួនបានទម្លាក់គ្រាប់បែកទៅលើទីតាំងភេរវកម្មមួយ និងទីដៅភេរវកម្មផ្សេងៗទៀតនៅក្នុងតំបន់ខាងជើងនៃប្រទេសស៊ីរីកាលពីថ្ងៃសៅរ៍ ហើយបាននិយាយទៀតថា ខ្លួននឹងបន្តធ្វើការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងពួកជ្រុលនិយមរដ្ឋឥស្លាម ថ្វីបើប្រទេសលោកខាងលិចទាមទារថា យុទ្ធនាការវាយប្រហារតាមអាកាសភាគច្រើនកំពុងចាត់ទីដៅលើពួកឧទ្ទាមដែលគាំទ្រដោយប្រទេសលោកខាងលិចក៏ដោយ។
ឧត្តមសេនីយ៍ត្រី Andrei Kartapolov អ្នកនាំពាក្យក្រសួងការពារប្រទេសនៃប្រទេសរុស្ស៊ី ដែលបានថ្លែងកាលពីថ្ងៃសៅរ៍ទៅកាន់ពួកអ្នកយកព័ត៌មានរុស្ស៊ី បានពណ៌នាភាពស្លន់ស្លោ និងការរត់ចោលជួរក្នុងចំណោមក្រុមរដ្ឋឥស្លាម ហើយលោកបាននិយាយថា ពួកទាហានស៊ីឈ្នួលជិត៦០០នាក់បានរត់គេចខ្លួននៅទីក្រុង Raqqa ភាគខាងជើង។
លោក Kartapolov បាននិយាយនៅក្នុងអត្ថាធិប្បាយ ដែលត្រូវបានទីភ្នាក់ងារព័ត៌មាន RIAនៃប្រទេសរុស្ស៊ីដកស្រង់សម្តីយកមកចុះផ្សាយថា «យើងនឹងមិនត្រឹមតែបន្តការវាយប្រហារនោះទេ យើងក៏នឹងបង្កើនទំហំនៃការវាយប្រហារផងដែរ»។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានថ្កោលទោសយុទ្ធនាការវាយប្រហារតាមអាកាសរបស់រុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានអះអាងថា រដ្ឋាភិបាលទីក្រុងម៉ូស្គូកំពុងប្រើប្រាស់ការវាយប្រហារនោះជាខែលដើម្បីការពាររដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Bashar al-Assad ដែលមានជម្លោះ។
នៅក្នុងការរិះគន់នៅពេលថ្មីៗបំផុតនេះរបស់ប្រទេសលោកខាងលិច លោករដ្ឋមន្រ្តីការពារប្រទេសអង់គ្លេសបាននិយាយថា មានតែការវាយប្រហាររបស់រុស្ស៊ីតែ៥ភាគរយប៉ុណ្ណោះ ដែលបានចាត់ទីដៅលើពួកជ្រុលនិយមរដ្ឋឥស្លាម ដោយការទម្លាក់គ្រាប់បែកភាគច្រើនរបស់រុស្ស៊ីសំដៅលើក្រុមឧទ្ទាមស៊ីរី ដែលគាំទ្រដោយប្រទេសលោកខាងលិច ដែលកំពុងស្វះស្វែងបណ្តេញប្រធានាធិបតីលោក Assad ចេញពីដំណែង៕