ប្រទេសរុស្ស៊ីបានផ្តល់ការវាយតម្លៃមួយបែបទុទិដ្ឋិនិយមបំផុតរហូតមកដល់ពេលនេះ ជុំវិញការឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន ដោយបានហៅការបាត់បង់អាយុជីវិតកងទ័ពខ្លួននិងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ថា ជាសោដកម្មមួយ ខណៈពេលដែលពលរដ្ឋអ៊ុយក្រែនជាច្រើននាក់ ត្រូវបានជម្លៀសចេញពីទីក្រុងមួយចំនួននៅភាគខាងកើតអ៊ុយក្រែន មុនមានការវាយប្រហារដ៏សំខាន់មួយទៀតដោយកងទ័ពរុស្ស៊ី ដែលគេរំពឹងថានឹងកើតមានឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនដែលមានរយៈពេល៦សប្តាហ៍កន្លងទៅហើយនោះ មានមនុស្សប្រមាណជាង៤លាននាក់ បានរត់គេចចេញទៅកាន់ប្រទេសក្រៅ ហើយមនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវបានសម្លាប់ និងរងរបួស និងទីក្រុងមួយចំនួនត្រូវបានប្រែក្លាយជាទីកន្លែងផេះផង់ដោយសារតែការវាយប្រហារ ក៏ដូចជាការដាក់ទណ្ឌកម្មយ៉ាងខ្លាំងទៅលើមេដឹកនាំនិងក្រុមហ៊ុនរុស្ស៊ីជាច្រើនផងដែរ។
នៅក្នុងចំណាត់ការជានិម្មិតរូបមួយ មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតដកសមាជិកភាពប្រទេសរុស្ស៊ីពីក្រុមប្រឹក្សាសសិទ្ធិមនុស្សរបស់ស្ថាប័ននេះ ដោយបង្ហាញនូវក្តីបារម្ភដ៏ខ្លាំងរបស់ខ្លួនអំពីបញ្ហាសិទ្ធិមនុស្សនិងវិបត្តិមនុស្សធម៌ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រទេសរស្ស៊ីបន្ទាប់មកទៀតក៏បានចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
រុស្ស៊ីកាលពីពេលមុន បានទទួលស្គាល់ការវាយប្រហាររបស់ខ្លួនដែលមិនចម្រើនទៅមុខដូចអ្វីដែលខ្លួនចង់បាននោះឡើយ ហើយអ្នកនាំពាក្យរដ្ឋាភិបាលវិមានក្រឹមឡាំងលោក Dmitry Peskov បានសម្តែងការសោកស្តាយ ចំពោះការបាត់បង់អាយុជីវិតកងទ័ពរុស្ស៊ីដែលកំពុងកើនឡើងនោះ។
លោកបានប្រាប់ទូរទស្សន៍ Sky News ថា៖ «យើងបានបាត់បង់កងទ័ពក្នុងចំនួនដ៏ធំមួយ។ នេះជាសោដនាកម្មដ៏ធំមួយសម្រាប់យើង»។
អគ្គសេនាធិការយោធាអ៊ុយក្រែន បាននិយាយនៅថ្ងៃសុក្រនេះថា កងកម្លាំងរុស្ស៊ី កំពុងផ្តោតទៅលើការដណ្តើមយកទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូងអ៊ុយក្រែន ដែលពួកគេកំពុងឡោមព័ទ្ធហើយបានធ្វើការវាយប្រហារទីក្រុង Izyum ដែលនៅភាគខាងកើតក្បែរនោះ និងការវាយបំបែកដោយកងកម្លាំងអ៊ុយក្រែននៅជិតតំបន់ Donetsk។អ៊ុយក្រែននិយាយថា ខ្លួនមានបំណងបង្កើតច្រករបៀងមនុស្សធម៌ចំនួន១០កន្លែងនៅថ្ងៃសុក្រនេះ ហើយជនស៊ីវិលដែលព្យាយាមចាកចេញពីទីក្រុង Mariupol ត្រូវប្រើប្រាស់រថយន្តឯកជនផ្ទាល់ខ្លួន។
នាយករដ្ឋមន្ត្រីរុស្ស៊ីលោកMikhail Mishustin បាននិយាយថា រុស្ស៊ីកំពុងប្រឈមស្ថានភាពលំបាកខាងសេដ្ឋកិច្ចយ៉ាងខ្លាំងបំផុតក្នុងរយៈពេល៣ទសវត្សរ៍នេះ ដោយសារតែការដាក់ទណ្ឌកម្មដែលពុំធ្លាប់មានពីមុនមក ដោយប្រទេសលោកខាងលិច។ សភាអាមេរិកក៏បានដកចេញនូវឋានៈអនុគ្រោះពន្ធពាណិជ្ជកម្មដល់រុស្ស៊ីផងដែរ ដែលជាការវាយសំពងមួយទៀត ទៅលើប្រទេសនេះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅក្នុងវីដេអូមួយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា៖ «អ៊ុយក្រែន ត្រូវការអាវុធយុទ្ធភ័ណ្ឌដែលនឹងធ្វើឲ្យខ្លួនមានមធ្យោបាយដើម្បីយកឈ្នះលើសមរភូមិប្រយុទ្ធ ហើយវាជាទណ្ឌកម្មដ៏ខ្លាំងបំផុតប្រឆាំងនឹងរុស្ស៊ី»៕