រុស្ស៊ីបានវាយប្រហារដ៏ប្រល័យក្នុងទ្រង់ទ្រាយធំជាច្រើនលើកកាលពីយប់មិញទៅលើប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់គ្រាប់មីស៊ីលចំនួន ៩០ គ្រាប់ និងដ្រូនធ្វើនៅអ៊ីរ៉ង់ចំនួន ៦០ គ្រឿង។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅសុក្រនេះ ដែលនេះជាការវាយប្រហារដ៏ធំបំផុតមួយក្នុងរយៈពេលថ្មីៗនេះ។ នេះបើយោងលើការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រសួងមហាផ្ទៃអ៊ុយក្រែនបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ របួស ១៤នាក់ និងបាត់ខ្លួន ៣នាក់។
លោក Zelenskyy បានអំពាវនាវជាថ្មីម្តងទៀត សុំអាវុធពីប្រទេសលោកខាងលិចបន្ថែមទៀត។
ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅថ្ងៃសុក្រនេះ បានធ្វើឱ្យខូចខាតធ្ងន់ធ្ងរនូវបណ្តាញអគ្គិសនីមួយក្នុងចំណោមពីរ ដែលផ្គត់ផ្គង់ថាមពលអគ្គិសនីដល់រោងចក្រថាមពលនុយក្លែអ៊ែរដ៏ធំបំផុតមួយក្នុងទ្វីបអឺរ៉ុប នៅភាគនិរតីអ៊ុយក្រែន។
រដ្ឋមន្ត្រីថាមពលអ៊ុយក្រែនលោក German Galushchenko បានបង្ហោះសារលើបណ្តាញសង្គមហេ្វសប៊ុកថា «សត្រូវបានវាយប្រហារដ៏ធំមួយ លើឧហ្សាហកម្មថាមពលអ៊ុយក្រែនក្នុងរយៈពេលថ្មីៗនេះ»។ លោកបន្ថែមទៀតថា គ្រាប់ផ្លោងវាយប្រហារ បានបំផ្លាញបណ្តាញផ្គត់ផ្គង់ចរន្តអគ្គិសនីដល់រោងចក្រថាមពល Zaporizhzhia ផងដែរ។
រោងចក្រថាមពលនេះ ដែលជាទីតាំងថាមពលនុយក្លែអ៊ែរដ៏ធំបំផុតមួយក្នុងទ្វីបអឺរ៉ុប ត្រូវបានកងទ័ពរុស្ស៊ីដណើ្តមគ្រប់គ្រងក្នុងថ្ងៃដំបូងៗនៃសង្គ្រាម ប៉ុន្តែនៅទទួលថាមពលប្រើប្រាស់ពីបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន៕