រុស្ស៊ីនិយាយនៅថ្ងៃអង្គារនេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនជាច្រើនគ្រឿង ក្នុងតំបន់ក្រុងមូស្គូ និងតំបន់ Bryansk ដែលស្ថិតនៅជាប់ព្រំដែនរវាងប្រទេសទាំងពីរ។
ក្រសួងការពារជាតិរុស្ស៊ីនិយាយថា យន្តហោះដ្រូនអ៊ុយក្រែន២គ្រឿងធ្វើការវាយប្រហារលើតំបន់ក្រុងមូស្គូ ហើយថា គេមិនឃើញមានសេចក្តីរាយការណ៍ណាមួយពីការខូចខាត ដែលបណ្តាលមកពីការវាយប្រហារនោះឡើយ។
អភិបាលរដ្ឋធានីមូស្គូ លោក Sergei Sobyanin បានបង្ហោះសារក្នុងតេឡេក្រាមថា យន្តហោះដ្រូនមួយគ្រឿងត្រូវបានបាញ់ទម្លាក់ក្នុងតំបន់ Krasnogorsk នៅភាគពាយ័ព្យក្រុងមូស្គូ ហើយមួយគ្រឿងទៀតនៅតំបន់ Chastsy ភាគខាងលិចក្រុងមូស្គូ។
ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា មានការខូចខាតបន្តិចបន្តួច ទៅលើអគារលំនៅដ្ឋានខ្ពស់មួយកន្លែងក្នុងទីក្រុង Krasnogorsk ហើយបំណែកដ្រូនដែលធ្លាក់នោះបានធ្វើឱ្យខូចខាតរថយន្តមួយចំនួននៅលើដី។
ក្រសួងការពារជាតិរុស្ស៊ីថា យន្តហោះដ្រូនអ៊ុយក្រែន២គ្រឿងដែលត្រូវបានបាញ់ទម្លាក់ដោយប្រើប្រព័ន្ធគាំងដំណើរការនោះ បានធ្លាក់ក្នុងទីក្រុង Bryansk ដោយមិនបណ្តាលឱ្យមានការខូចខាតអ្វីនោះឡើយ។
រុស្ស៊ីក៏បាននិយាយផងដែរថា យន្តហោះប្រយុទ្ធ Sukhoi របស់ខ្លួន បានបំផ្លាញទូកឈ្លបយកការណ៍មួយគ្រឿង ដែលកំពុងធ្វើសកម្មភាពនៅទីតាំងផលិតឧស្ម័នរបស់រុស្ស៊ី ក្នុងសមុទ្រខ្មៅផងដែរ។ ក្រសួងការពារជាតិរុស្ស៊ីមិនបានផ្តល់ព័ត៌មានលម្អិត ជុំវិញហេតុការណ៍នេះឡើយ និងមិនបានប្រាប់ថាតើវាកើតឡើងពិតប្រាកដនៅទីតាំងណាមួយនោះទេ៕
ព័ត៌មានមួយចំនួនសម្រាប់សេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters។