រដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនយល់ឃើញថា យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មានលក្ខណៈ «ចក្រពត្តិ» និងបង្ហាញពីការខ្វះឆន្ទៈក្នុងការទទួលយកនូវពិភពលោកមួយដែលអំណាចឥទ្ធិពលចម្បងៗមិនមែនប្រមូលផ្ដុំតែមួយកន្លែងនោះ។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បាននិយាយថា រដ្ឋាភិបាលរុស្ស៊ីមិនឯកភាពជាមួយនឹងទស្សនៈដែលថា រុស្ស៊ីជាការគំរាមកំហែងសន្តិសុខរបស់សហរដ្ឋអាមេរិកនោះ។ ប៉ុន្តែ លោក Dmitry Peskov បានស្វាគមន៍ឆន្ទៈដែលបានបញ្ជាក់ឡើងរបស់រដ្ឋបាលលោក Trump ក្នុងការធ្វើការជាមួយគ្នាដើម្បីផលប្រយោជន៍រួម។
លោក Trump បានបង្ហាញនូវយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់លោកកាលពីថ្ងៃចន្ទម្សិលមិញ ដោយបានព្រមានថា ភាពអស្ចារ្យរបស់សហរដ្ឋអាមេរិកកំពុងត្រូវបានប្រឈមដោយមហាអំណាចដែលជាគូប្រជែងនានា និងបានសន្យាថា សហរដ្ឋអាមេរិកនឹងប្រើគ្រប់មធ្យោបាយទាំងអស់ដែលខ្លួនមានដើម្បីបង្កឲ្យមាននូវអ្វីដែលលោកហៅថាជាការភ្ញាក់រលឹករបស់សហរដ្ឋអាមេរិក។
ឯកសារយុទ្ធសាស្ត្រនេះបានបញ្ជាក់ថា សហរដ្ឋអាមេរិក «នឹងឈរលើគោលជំហរនៃភាពខ្លាំងក្លាដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងគូប្រជែងរបស់ខ្លួនក្នុងផ្នែកណាមួយ ដោយមុនដំបូងធ្វើយ៉ាងណាធានាថា មហាអំណាចយោធារបស់សហរដ្ឋអាមេរិកគឺគ្មានគូប្រៀប និងធ្វើសមាហរណកម្មជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន និងឧបករណ៍អំណាចផ្សេងៗទៀតរបស់សហរដ្ឋអាមេរិក»។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក Trump បានបញ្ជាក់ថា ប្រទេសរុស្ស៊ី និងចិនគឺជាការព្រួយបារម្ភចម្បងបំផុតរបស់លោក ដោយលោកបាននិយាយថា ប្រទេសទាំងពីរនេះ មានគោលបំណងប្រឈមនឹងគុណតម្លៃ ឥទ្ធិពល និងភាពសម្បូរសប្បាយរបស់សហរដ្ឋអាមេរិក៕