ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោកត្រាំ​និយាយថាសកម្មភាព​របស់​អតីត​ទីប្រក្សា​សន្តិសុខជាតិ​ក្នុង​អំឡុង​អន្តរកាល​​​ជា​​ការ​ស្រប​​ច្បាប់


រូបឯកសារ៖ លោកប្រធានាធិបតី​ ដូណាល់ ត្រាំ និង​លោក Michael Flynn អតីត​ទីប្រឹក្សា​របស់​លោក។
រូបឯកសារ៖ លោកប្រធានាធិបតី​ ដូណាល់ ត្រាំ និង​លោក Michael Flynn អតីត​ទីប្រឹក្សា​របស់​លោក។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ ​ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​សកម្មភាព​របស់​លោក​ Michel Flynn អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ក្នុង​អំឡុង​អនុ្តរកាល​កាន់​កាប់​សេតវិមាន​របស់​លោក ត្រាំ ​ជា​ការ​ត្រឹម​ត្រូវ​តាម​ច្បាប់។

លោក​ប្រធានា​ធិបតី ត្រាំ​ បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ Twitter ក្នុង​ពិធី​រៃ​អង្គៀស​ប្រាក់​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ថា៖ «ខ្ញុំ​បាន​បណ្តេញ​ឧត្តមសេនីយ៍​ Flynn ​ពីព្រោះ​តែ​លោក ​Flynn ​បាន​ភូត​កុហក​លោក​អនុប្រធានា​ធិបតី​និង​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ ​FBI។ លោក​បាន​សារភាព​ទទួលទោស​កំហុស​ចំពោះ​ការ​ភូតកុហក​ទាំងអស់​នេះ។ វា​ជា​ការ​ខ្មាស​អៀន​ពីព្រោះ​តែ​សកម្មភាព​របស់​លោក​ក្នុង​អំឡុង​នៃ​អន្តរកាល​ជា​ការ​ស្រប​ច្បាប់។​ មិន​មាន​អ្វី​ដែល​ត្រូវ​លាក់​នោះ​ទេ‍»។

លោក​ Flynn​ បាន​សារភាព​ទទួល​ទោស​កាល​ពី​ថ្ងៃ​សុក្រចំពោះ​ការ​និយាយ​កុហក​ភ្នាក់​ងារ​សហព័ន្ធ ​ហើយ​លោក​បាន​យល់​ព្រម​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ពួក​អ្នក​ស៊ើបអង្កេត​ដើម្បី​ពិនិត្យ​មើល​ការចោទ​ប្រកាន់​ពីការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១៦​ ហើយ​និង​ការ​ឃុប​ឃិត​រវាង​រដ្ឋាភិបាល​ក្រុងមូស្គូ​និង​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​របស់​លោក​ត្រាំ។

​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ក្នុង​កំណត់​សម្គាល់​លើក​ទី​មួយរបស់​លោក​ចាប់​តាំង​ពី​លោក​ Flynn ​បាន​ចូល​សារភាពទទួល​ទោស​កំហុស​នោះ​មក ​លោក​ ត្រាំ​ បាន​និយាយ​ថា ​មិន​មាន​ការ​ឃុប​ឃិត​ជាសោះ​ឡើយរវាង​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានា​ធិបតី​របស់​លោក​និង​ប្រទេស​រុស្ស៊ី។

​លោក​ ត្រាំ ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​ពេល​ដែល​លោក​ចាក​ចេញ​សេតវិមាន​ទៅ​កាន់​ទីក្រុង​ញូវយ៉ក​ថា៖ «​អ្វី​ដែល​បាន​បង្ហាញ​មិនមាន​ការ​ឃុបឃិត​ទេ ​មិនមាន​ការ​ឃុបឃិត​ទេ‍»៕

XS
SM
MD
LG