ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​របស់​លោក Trump មាន​គោល​បំណង​ទាញ​យក​មក​វិញ​នូវ​កម្លាំង​ជំរុញ​ទៅ​មុខ​សម្រាប់​សហរដ្ឋ​អាមេរិក


លោក​ប្រធានាធបិតី​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។
លោក​ប្រធានាធបិតី​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន នៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។

យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ថ្មី​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នឹង​ផ្ដល់​នូវ​បណ្ដុំ​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​អាច​អនុវត្ត​បាន​មួយ ដើម្បី​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ដ៏​គ្រោះថ្នាក់​បំផុត​នានា​ដែល​កំពុងតែ​បន្ត​កើត​មាន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​អាមេរិក​មួយ​ចំនួន។

លោក Trump នឹង​បង្ហាញ​នូវ​ឯកសារ​យុទ្ធសាស្ត្រ​នេះ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្នុង​អំឡុង​ពេល​លោក​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​គិត​មក​ទល់​ពេល​នេះ​គឺ​មាន​រយៈពេល ១១ ខែ ហើយ តាំង​ពី​រដ្ឋបាល​របស់​លោក​បាន​ចាប់ផ្ដើម​ធ្វើ​ការ​លើ​រឿង​នេះ។

មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​នានា​បាន​និយាយ​ថា យុទ្ធសាស្ត្រ​នេះ​ខុស​ពី​យុទ្ធសាស្ត្រ​កាល​ពី​ពេល​ថ្មីៗ​នេះ និង​កាល​ពី​អតីតកាល ដោយ​វា​ផ្ដល់​នូវ​ការ​យល់​ឃើញ​ជាក់​ច្បាស់​មួយ​អំពី​គ្រោះថ្នាក់ និង​ការ​ប្រឈម​នានា ដែល​សហរដ្ឋ​អាមេរិក​កំពុង​ជួប​ប្រទះ ដោយ​ធ្វើ​ការ​ផ្ដោត​លើ​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ស្រប​តាម​ការ​អំពាវនាវ​របស់​លោក Trump ក្នុង​ការ​ផ្ដល់​អាទិភាព​លើ​សហរដ្ឋ​អាមេរិក​ដំបូង​គេ​បង្អស់។

មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​មួយ​រូប​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «តុល្យភាព​អំណាច​នៅ​លើ​ពិភពលោក​បាន​ប្រែប្រួល​នៅ​ក្នុង​របៀប​មួយ​ដែល​មិន​ផ្ដល់​ផល​ប្រយោជន៍​ដល់​សហរដ្ឋ​អាមេរិក។ យុទ្ធសាស្ត្រ​ថ្មី​នេះ​បង្ហាញ​នូវ​គម្រោង​អំពី​ថា​តើ​សហរដ្ឋ​អាមេរិក​អាច​ទាញ​យក​មក​វិញ​នូវ​ចលនា​វិវឌ្ឍ​ទៅ​មុខ ដើម្បី​បង្វែរ​ទំនោរ​ទាំង​នេះ​ភាគ​ច្រើន​ឲ្យ​ត្រឡប់​មក​វិញ​បាន​តាម​របៀប​ណា​នោះ»។

មន្ត្រី​រដ្ឋាភិបាល​នានា​បាន​និយាយ​ថា ទោះបីជា​ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​ក៏​ដោយ ក៏​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​ថ្មី​នេះ​គឺ​មិន​មាន​គោល​បំណង​ដើម្បី​លុប​ចោល​នូវ​យុទ្ធសាស្ត្រ​នានា​ដែល​បាន​បង្ហាញ​ឡើង​ដោយ​អតីត​ប្រធានាធិបតី Barack Obama ឬ​ក៏​សូម្បី​តែ​អតីត​ប្រធានាធិបតី George W. Bush នោះ​ទេ៕

XS
SM
MD
LG