សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញបានបន្តការពារនូវសារបង្ហោះលើប្រព័ន្ធ Twitter របស់លោកប្រធានាធិបតី Donald Trump ដែលបានចោទប្រកាន់អតីតប្រធានាធិបតីលោក Barack Obama ថាបានលួចថតសំឡេងនៅឯអាគារ Trump Tower នៅពេលដែលលោក Trump មានតួនាទីជាបេក្ខជនប្រធានាធិបតីកាលពីឆ្នាំមុន។
អ្នកសារព័ត៌មាននានាបានជជីកសួរអ្នកនាំពាក្យសេតវិមានលោក Sean Spicer ឲ្យបង្ហាញភស្តុតាងដើម្បីគាំទ្រដល់ការអះអាងរបស់លោកប្រធានាធិបតី Trump ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានដោយមានថតវីដេអូ ប៉ុន្តែលោក Spicer បាននិយាយថា ការបង្ហាញភស្តុតាងនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតរបស់សភាដែលកំពុងតែដំណើរការ ដើម្បីស្វែងរកអំពីសកម្មភាពប្រឹងប្រែងរបស់ប្រទេសរុស្ស៊ីក្នុងការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។
លោក Spicer បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា វិធីដ៏ប្រសើរបំផុតក្នុងការដោះស្រាយជាមួយនឹងស្ថានការណ៍នេះ គឺស្នើទៅគណៈកម្មការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភា និងព្រឹទ្ធសភា ដែលកំពុងតែធ្វើការស៊ើបអង្កេតលើរឿងនេះ ឲ្យស្វែងរករឿងនេះ និងព័ត៌មានសម្ងាត់លេចធ្លាយផ្សេងៗទៀត»។
លោក Obama និងអតីតនាយកផ្នែកស៊ើបការណ៍សម្ងាត់ជាតិលោក James Clapper បានបដិសេធការចោទប្រកាន់របស់លោក Trump។
លោក James Clapper បានប្រាប់បណ្ដាយផ្សព្វផ្សាយព័ត៌មាន ABC ថា៖ «មិនមានការលួចថតសំឡេងណាមួយធ្វើឡើងនៅឯអាគារ Trump Tower ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំមុន ដែលធ្វើឡើងដោយផ្នែកណាមួយនៃសហគមន៍ជាតិស៊ើបការណ៍សម្ងាត់នោះទេ»៕