រុស្ស៊ី​ដណ្តើម​កាន់កាប់​រោងចក្រ​ថាមពល​នៅ​ភាគ​ខាងត្បូង​អ៊ុយក្រែន

ទាហាន​អ៊ុយក្រែន​សម្រាក​ក្នុង​បន្ទប់​ក្រោម​ដី​នៅ​ចន្លោះ​ពេល​ប្រយុទ្ធ​គ្នា​ជាមួយ​កង​កម្លាំង​រុស្ស៊ី​នៅ​សមរភូមិ​ក្នុង​តំបន់ Kharkiv នៃ​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​២០២២។

មន្ត្រី​អ៊ុយក្រែន​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កងកម្លាំង​រុស្ស៊ី​បាន​ដណ្តើម​យក​រោងចក្រ​ថាមពល​ធំ​ជាង​គេ​ទីពីរ​របស់​អ៊ុយក្រែន ​ហើយ​កំពុង​«ដាក់​ពង្រាយ​កងកម្លាំង​ជាច្រើន​ឡើង​វិញ»​នៅ​តំបន់​ចំនួន​បី​នៅភាគ​ខាងត្បូង​អ៊ុយក្រែន។

ទីប្រឹក្សា​របស់​ប្រធានាធិបតី​អ៊ុយក្រែនលោក ​Volodymyr Zelenskyy គឺ​លោក​ Oleksiy Arestovych ​បាន​បញ្ជាក់​ពី​ការ​កាន់កាប់​របស់​រុស្ស៊ី​លើ​រោងចក្រ​ថាមពល ​Vuhlehirsk ​នៅ​តំបន់​ Donetsk ​ភាគ​ខាងកើត។ ​ប៉ុន្តែ​លោក​បាន​និយាយ​ថា​ ព្រឹត្តិ​ការណ៍​នេះ​គ្រាន់​តែ​ជា​«ការ​កាន់កាប់​ជា​យុទ្ធសាស្ត្រ​ដ៏​តូច»​ប៉ុណ្ណោះ​សម្រាប់​រុស្ស៊ី។​

លោក​បាន​និយាយ​ថា ​ការ​ពង្រាយ​កងទ័ព​ឡើង​វិញ​របស់​រុស្ស៊ី​រួមមាន​ការ​បញ្ជូន​កងកម្លាំង​ទៅ​កាន់​តំបន់​ Melitopol, Zaporizhzhia ​និង​ Kherson ​ដែល​ជា​ផ្នែក​នៃ​ការ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ជាក់ស្តែង​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ការពារ។ ​ក្រសួង​ការពារជាតិ​របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ កងកម្លាំង​អ៊ុយក្រែន​កំពុង​ប្រមូល​ផ្តុំ​សន្ទុះ​នៅ​ក្នុង​ការ​វាយ​បក​វិញ​នៅ ​Kherson​ ដែល​ជា​តំបន់​រុស្ស៊ី​បាន​កាន់កាប់​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​នៃ​ការ​លុកលុយ​នៅ​ចុង​ខែ​កុម្ភៈ។​

ក្រសួង​ការពារជាតិ​អង់គ្លេស​បាន​និយាយ​ថា ​«អ៊ុយក្រែន​បាន​ប្រើ​កាំភ្លើង​ធំ​រយៈ​ចម្ងាយ​ឆ្ងាយ​ថ្មី​របស់​ខ្លួន ​បំផ្លាញ​ស្ពាន​យ៉ាងហោច​ណាស់​ចំនួន​បី​ឆ្លង​ទន្លេ ​Dnipro​ ដែល​រុស្ស៊ី​ប្រើ​ដើម្បី​ដឹក​ជញ្ជូន​ការ​ផ្គត់ផ្គង់​តំបន់​ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន»។

ការ​វាយ​តម្លៃ​ប្រចាំ​ថ្ងៃ​របស់​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​បាន​និយាយ​ថា​ ទីក្រុង ​Kherson ​ឥឡូវ​នេះ​ត្រូវ​បាន​កាត់​ផ្តាច់​ពី​ទឹកដី​ដែល​រុស្ស៊ី​កាន់កាប់​ផ្សេង​ទៀត។

កងកម្លាំង​អ៊ុយក្រែន​បាន​វាយ​ប្រហារ​ស្ពាន ​Antonivskyi ​ឆ្លង​ទន្លេ ​Dnipro ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ។​ មន្ត្រី​រុស្ស៊ី​បាន​និយាយ​ថា ​កងកម្លាំង​របស់​ខ្លួន​នឹង​ប្រើប្រាស់​មធ្យោបាយ​ផ្សេង​ទៀត​ដើម្បី​ឆ្លង​កាត់​តំបន់​ដែល​ស្ពាន​រង​ការ​ខូចខាត​ រួម​ទាំង​ការ​ប្រើប្រាស់​ស្ពាន​បណ្តែត​ទឹក ​និង​សាឡាង​ផង​ដែរ។​

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិកលោក ​Antony Blinken ​បាន​និយាយ​កាល​ពី​ថ្ងៃពុធ​ថា​ លោក​នឹង​និយាយ​ជាមួយ​សមភាគី​រុស្ស៊ី​របស់​លោក​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ​ពិភាក្សា​អំពី​ក្តី​រំពឹង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​បន្ត​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​តាម​កំពង់ផែ​របស់​អ៊ុយក្រែន​នៅ​សមុទ្រ​ខ្មៅ និង​បញ្ហា​រុស្ស៊ី​បញ្ចូល​តំបន់​ Donbas ​ជា​របស់​ខ្លួន។​

លោក Blinken ​និង​លោក ​Lavrov ​បាន​និយាយ​គ្នា​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ ប៉ុន្មាន​ថ្ងៃ​មុន​ពេល​រុស្ស៊ី​ចាប់​ផ្តើម​ការ​ឈ្លានពាន​ផ្នែក​យោធា​នៅ​អ៊ុយក្រែន៕

អ្នកស្រី ​Margaret Besheer​ អ្នកយក​ព័ត៌មាន​របស់ VOA ​រួម​ចំណែក​នៅក្នុង​សេចក្តី​រាយ​ការណ៍​នេះ ​ហើយ​ព័ត៌មាន​ខ្លះ​ដកស្រង់​ពី​ទីភ្នាក់ងារសារព័ត៌មាន The Associated Press និង​ Reuters។