យោធា​រុស្ស៊ី​ចាប់​ផ្តើម​យាម​ល្បាត​នៅ​តំបន់​ភាគឦសាន​ប្រទេស​ស៊ីរី

កង​កម្លាំង​រុស្ស៊ី​យាម​ល្បាត​នៅ​ជិត​ទីក្រុង​ Qamishli ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី​២៤ តុលា ២០១៩។ កង​កម្លាំង​ទាំង​នេះ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ប្រមាណ​៣០​គីឡូម៉ែត្រ​នៅ​ព្រំដែន​ភាគ​ខាង​ជើង ស្រប​តាម​កិច្ច​ព្រម​ព្រៀង​ចុះ​កាល​ពី​ថ្ងៃ​អង្គារ​រវាង​រុស្ស៊ី និង​តួកគី។

កង​កម្លាំង​យោធា​ប្រតិព័ទ្ធ​រុស្ស៊ី​បាន​ចាប់​ផ្តើម​យាម​ល្បាត​នៅ​តាម​ទីក្រុង​សំខាន់ៗ​ និង​ទី​ប្រជុំជន​របស់​កង​ជីវពល​ឃឺត​នៅ​ព្រំដែន​រវាង​ស៊ីរី​និង​តួកគី។ នេះ​បើ​យោង​តាម​បណ្តាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​នានា​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

អ្នក​រាយការណ៍​ព័ត៌មាន​ក្នុង​ស្រុក​ម្នាក់​បាន​ប្រាប់ ​VOA​ ថា​ គេ​ឃើញ​រថយន្ត​យោធា​រុស្ស៊ី បើក​ក្បែរ​គ្នា​ជាមួយ​នឹង​រថយន្ត​របស់​កង​កម្លាំង​ឃឺត​ នៅ​តាម​ទីក្រុង​ជា​ច្រើន​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ីរី។

លោក ​Ivan Hasib ​អ្នក​សារព័ត៌មាន​ម្នាក់​មក​ពី​តំបន់​ភាគឦសាន​ប្រទេស​ស៊ីរី​បាន​និយាយ​ថា «ខ្ញុំ​បាន​បើក​តាម​រថយន្ត​របស់​ពួកគេ​តាំង​ពីក្រុង ​Qamishli​ រហូត​ដល់​ក្រុង​ Amuda។ រថយន្ត​របស់​យោធា​រុស្ស៊ី​ត្រូវ​បាន​អម​ដោយ​កង​កម្លាំង​សន្តិសុខ​របស់​កង​ជីវពល​ឃឺត​ក្នុង​តំបន់​»។

ការ​បើក​រថយន្ត​ល្បាត​របស់​កង​កម្លាំង​រុស្ស៊ី​ទាំងនេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin ​និង​សមភាគី​តួកគី​របស់​លោក​ គឺលោក​ប្រធានាធិបតី​ Recep Tayyip Erdogan​ បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​គ្នា​បញ្ចប់​ការ​លុក​លុយ​របស់​យោធា​តួកគី​ប្រឆាំង​នឹង​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ហៅ​កាត់​ថា​ SDF ​ជា​សម្ព័ន្ធ​ដឹកនាំ​ដោយ​យុទ្ធ​ជន​ឃឺត​ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការប្រយុទ្ធ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​ក្រុម​រដ្ឋឥស្លាម​នៅ​ប្រទេស​ស៊ីរី។

កិច្ច​ព្រមព្រៀង​រវាង​រុស្ស៊ី​ និង​តួកគី​បាន​ផ្អាក​ការ​លុក​លុយ​របស់​តួកគី​ប្រឆាំង​នឹង​ពួក​យុទ្ធជន​ឃឺត​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ីរី ​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ពីរ​សប្តាហ៍​មុន បន្ទាប់​ពី​ការ​សម្រេច​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ ដូណាល់ ត្រាំ ក្នុង​ការ​ដក​ទាហាន​អាមេរិក​ចេញ​ពី​តំបន់​នោះ។

នៅ​ក្នុង​ផ្នែក​មួយ​នៃ​កិច្ចព្រម​ព្រៀង​នេះ​ ភាគី​ទាំង​ពីរ​បាន​យល់​ព្រម​ដើរ​ល្បាត​រួមគ្នា​នៅ​ក្នុង​តំបន់​ដើម្បី​ធានា​ថា​ កង​កម្លាំង ​SDF​ បាន​ចេញ​ពី​ព្រំដែន​នៅ​ក្នុង​តំបន់។
ប៉ុន្តែ​ប្រភព​នានា​ក្នុង​តំបន់​បាន​រាយការណ៍​ថា ​កង​កម្លាំង​តួកគី​មិន​ទាន់​បាន​ចូលរួម​នៅ​ក្នុង​បេសកកម្ម​យាម​ល្បាត​នេះ​ទេ​ និងបាន​រាយការណ៍​ទៀត​ថា​ កង​កម្លាំង​ SDF​ មិន​បាន​យល់​ព្រម​ទាំង​ស្រុង​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​រវាង​រុស្ស៊ី​និង​តួកគី​នេះ​ទេ៕