កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រទេសរុស្ស៊ីបានបាញ់លើនាវាទាហានជើងទឹកអ៊ុយក្រែនពីរគ្រឿង និងបានបុកនាវាមួយគ្រឿងទៀតនៅក្នុងសមុទ្រខ្មៅកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយរឹបអូស និងចោទប្រកាន់នាវាទាំងនោះថាបានចូលដែនទឹករបស់ខ្លួនដោយខុសច្បាប់។
មន្ត្រីអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មានអ្នកជិះលើនាវាទាំងនោះ ៦ នាក់ បានរងរបួស ហើយបានបដិសេធថា ពួកគេមិនបានធ្វើអ្វីខុសនោះទេ ដោយពួកគេចោទប្រកាន់រុស្ស៊ីថាបានឈ្លានពានបែបយោធា។
ក្រសួងការបរទេសអ៊ុយក្រែនបានបញ្ជាក់ដូច្នេះថា៖ «សកម្មភាពដូចនេះបង្កជាការគំរាមកំហែងដល់សន្តិសុខរបស់បណ្ដាប្រទេសទាំងអស់នៅក្នុងតំបន់សមុទ្រខ្មៅ ដូច្នេះតម្រូវឲ្យមានការឆ្លើយតបឲ្យបានច្បាស់លាស់ពីសហគមន៍អន្តរជាតិ»។
ទីភ្នាក់ងារសេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ីបានចោទប្រកាន់ប្រទេសអ៊ុយក្រែនថាបានបង្កហេតុដោយចេតនា។
ហេតុការណ៍នេះបានកើតឡើងនៅពេលដែលនាវាសណ្ដោងអ៊ុយក្រែនមួយគ្រឿងចាប់ផ្ដើមអមនាវាទាហានជើងទឹកពីរគ្រឿងពីទីក្រុង Odessa ប្រទេសអ៊ុយក្រែន នៅលើសមុទ្រខ្មៅ កាត់តាមច្រកសមុទ្រ Kerch ទៅកាន់កំពង់ផែទីក្រុង Mariupol ប្រទេសអ៊ុយក្រែន នៅសមុទ្រ Azov។
ច្រកសមុទ្រ Kerch ជាច្រកឆ្លងកាត់តែមួយគត់រវាងសមុទ្រខ្មៅ និងសមុទ្រ Azov។
រុស្ស៊ីថា នាវាអ៊ុយក្រែនបានរំលោភលើដែនទឹករបស់ខ្លួន និងបានចោទប្រកាន់អ៊ុយក្រែនថាមិនបានជូនដំណឹងដល់ខ្លួនជាមុនថា នាវាទាំង ៣ គ្រឿងគ្រោងឆ្លងកាត់ច្រកសមុទ្រ Kerch។ ប្រទេសអ៊ុយក្រែនបានច្រានចោលការចោទប្រកាន់នេះ៕