​រុស្ស៊ី​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង ​St. Petersburg

ប៉ូលិស​ឈរ​នៅ​ច្រក​ចូលទៅ​កាន់​ផ្សារទំនើប​មួយ​ក្នុង​ទីក្រុង St. Petersburg​ ប្រទេស​រុស្ស៊ី បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​នៅ​ទីនោះ​កាល​ពី​ថ្ងៃទី​២៧ ខែ​ធ្នូ។

​ទីភ្នាក់​ងារព័ត៌មាន​ Interfax ​របស់​រដ្ឋ​រុស្ស៊ី​បាន​រាយការណ៍​ថា ​ជន​សង្ស័យ​ម្នាក់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ទីក្រុង ​St. Petersburg ​បាន​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

​ទីភ្នាក់​ងារ​ព័ត៌មាន​ Interfax ​បាន​រាយការណ៍​ថា ​អ្នក​រៀប​ចំ​ចាត់​ចែង​ម្នាក់​និង​ជន​ដៃ​ដល់​ម្នាក់​ដែល​ធ្វើ​ឲ្យ​ផ្ទុះ​នៅ​ផ្សារ ​Supermarket ​នៅ​ក្នុង​ទីក្រុង St. Petersburg ​បាន​ត្រូវ​ចាប់​ខ្លួន​ក្នុង​អំឡុង​នៃ​កិច្ច​ប្រតិបត្តិការ​ពិសេស​ដោយ​ទីភ្នាក់​ងារ​សន្តិសុខ​រុស្ស៊ី FSB។

របាយការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ជន​សង្ស័យ​នោះ​បាន​ត្រូវ​ប្រគល់​ឲ្យ​គណៈ កម្មាធិការ​ស៊ើប​អង្កេត​រុស្ស៊ី​ដើម្បីចាត់​វិធាន​ការ​បន្ថែម។

​យោង​តាម​ក្រុម​ស៊ើបការណ៍​សម្ងាត់ ​SITE ​ដែល​ឃ្លាំមើល​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមរដ្ឋ​ឥស្លាម​បាន​ប្រាប់​ឲ្យ​ដឹងថា ការ​ផ្ទុះ​កាល​ពី​ថ្ងៃ​ពុធ​ដោយ​គ្រាប់​បែក​ធ្វើ​នៅ​ក្នុង​ស្រុកបាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១៣​នាក់​ដែរ​បាន​រង​របួស។​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​ផ្ទុះ​នេះ។

​ប្រធានា​ធិបតី​រុស្ស៊ី Vladimir Putin ​បាន​ប្រាប់​ឲ្យ​ដឹងកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ការ​វាយ​ប្រហារ​នោះ​ជាសកម្ម​ភាព​ភេរវកម្ម។

​ប្រធានា​ធិបតី Putin ​បាន​ធ្វើ​ការ​ពោល​អះអាង​នោះ​ក្នុង​អំឡុង​នៃ​ពិធី​ប្រគល់​រង្វាន់​សម្រាប់​កងទ័ព​រុស្ស៊ី​ដែល​បាន​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ ​លោក Putinមិន​បាន​ផ្តល់​សេចក្តី​លម្អិត​បន្ថែម​ទេ។

​កាល​ពី​ដំបូង​ ​ពួក​អ្នក​ស៊ើប​អង្កេត​បាន​និយាយ​ថា ​ពួកគេ​បាន​ចាត់​ករណី​នេះ​ថា​ជាសកម្ម​ភាព​ប៉ុនប៉ង​ធ្វើ​ឃាត។

ពួក​មន្រ្តី​សុខាភិបាល​និយាយ​ថា ​មិន​មាន​ជន​រងគ្រោះ​ណាម្នាក់​បាន​រងរបួស​គំរាម​កំហែង​អាយុ​ជី​វិត​ទេ៕